ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ចាំបាច់​ដាក់​ប្រព័ន្ធ Wifi ឥត​គិតថ្លៃ​នៅ​កន្លែង​អាជីវកម្ម​របស់​ខ្លួន ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក៏​បាន​ជះ​ឥទ្ធិពល​ដល់​អាជីវកម្ម​ផង​ដែរ ជា​ពិសេស​អាជីវកម្ម​បែប​ផ្ដល់​សេវាកម្ម​តែ​ម្ដង ។ កាលពី​២​ទសវត្សរ៍​កន្លង​ទៅ នៅ​តាម​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក៏​បាន​ជះ​ឥទ្ធិពល​ដល់​អាជីវកម្ម​ផង​ដែរ ជា​ពិសេស​អាជីវកម្ម​បែប​ផ្ដល់​សេវាកម្ម​តែ​ម្ដង ។ កាលពី​២​ទសវត្សរ៍​កន្លង​ទៅ នៅ​តាម​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​មួយ​ចំនួន មិន​ទាន់​មាន​លទ្ធភាព​ដាក់​ទូរទស្សន៍​សម្រាប់​កម្សាន្ត​អារម្មណ៍​ភ្ញៀវ​នៅឡើយ​ទេ ទោះបី​យ៉ាងណា​នៅ​តែ​មាន​អតិថិ​ជន​ចូល​ជា​ហូរហែ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ដាក់​ទូរទស្សន៍​នៅ​តាម​ហាង​កាហ្វេ ឬ​ភោជនីយដ្ឋាន​នានា វា​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ ។ ដោយសារ​តែ​បច្ចេកវិទ្យា​វាយលុក​បែប​​នេះ ម្ចាស់​អាជីវកម្ម​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​តាម​បរិបទ​នេះ​ដែរ ដោយ​បាន​បំពាក់​នូវ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត (Wifi) ធ្វើ​យ៉ាងណា ដើម្បី​មានការ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​អាជីវកម្ម​ដូច​គ្នា ។

បច្ចុប្បន្ន មិន​ត្រឹមតែ​ហាង​កាហ្វេ ឬ​ភោជនីយដ្ឋាន​នោះ​ទេ សូ​ម្បី​តែ​រថយន្ត​តាក់ស៊ី រថយន្តក្រុង កន្លែង​លាង​រថយន្ត និង​ម៉ូតូ​មួយ​ចំនួន ក៏​បាន​បំពាក់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត (Wifi) សម្រាប់​ភ្ញៀវ​ភ្ជាប់​ជាមួយ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ដែរ​។

តើ​វា​មាន​ប្រយោជន៍​អ្វី ទើប​ចាំបាច់​បំពាក់​ប្រព័ន្ធ Wifi នេះ ?
ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា តាម​ពិត​ទៅ ការ​បំពាក់ Wifi មាន​ចំណេញ មាន​ខាត ។ ខាត គឺ​ដោយ​សារ​ត្រូវការ​បង់ថ្លៃ​សេវា​ប្រចាំខែ ប៉ុន្តែ​អ្វី​ដែល​ចំណេញ​នោះ គឺ​ទទួល​បាន​ភ្ញៀវ​ច្រើន ហើយ​ពួក​គេ [​ភ្ញៀវ​] បាន​ចំណាយពេល​យូរ​នៅ​ក្នុង​ហាង និង​ប្រើ​អីុ​ន​ធើ​រ​ណេ​ត​ចូល​ទៅ​កាន់​គេហទំព័រ និង​បណ្ដាញ​សង្គម​នានា​ដែល​គេ​ចូល​ចិត្ត​ដូច​ជា ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ជាដើម ។

លោក​និយាយ​ថា ៖ « សម័យនេះ គេ​ចូល​ចិត្ត​ណាស់​ហ្វេ​ស​ប៊ុ​ក និង​Youtube សូ​ម្បី​តែ​កម្មករ​សំណង់ កម្មករ​រោងចក្រ ក៏​គាត់​អាច​ប្រើ​បាន​ដែរ ឱ្យ​តែ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដែល​អាច​ភ្ជាប់ Wifi បាន ព្រោះតែ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ជា​កម្មវិធី​ងាយស្រួល​លេង »  ។

លោក សៀន សា​រឹទ្ធិ ម្ចាស់​ហាង​កាហ្វេ និស្សិត ដែល​មាន​សាខា​ជា​ច្រើន​កន្លែង​នៅ​ភ្នំពេញ និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​យូ​និក ទ្រី​ប បានឱ្យ​ដឹង​ថា ការ​ដាក់​ប្រព័ន្ធ Wifi មាន​សារសំខាន់​ណាស់​សម្រាប់​ហាង​កាហ្វេ​របស់​លោក បើសិនជា​មិន​ដាក់ គឺ​អត់​មាន​ភ្ញៀវ​ចូល​ហាង​តែ​ម្ដង ។ ជាក់ស្ដែង បើ​ថ្ងៃ​ណា​មាន​បញ្ហា (​ដាច់ Wifi) នោះ​ភ្ញៀវ​នឹង​រអ៊ូរទាំ ហើយ​នាំ​គ្នា​ដើរ​ចេញពី​ហាង​អស់ បើ​ទោះបីជា​ក្នុង​ហាង​មាន​ទូរទស្សន៍​សម្រាប់​មើល​ព័ត៌មាន ឬ​កម្មវិធី​ផ្សេង​ៗ​ក្តី ។

លោក​និយាយ​ថា ៖ « បើ​យើង​មិន​ដាក់ Wifi ទេ យើង​អាច​នៅ​សល់​លុយ​ប្រមាណ​១២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។ ប៉ុន្តែ​ភ្ញៀវ​វិញ គឺ​ពួក​គេ​អត់​ចូល​ហូប​កាហ្វេ ឬ​ទិញ​របស់​ផ្សេង​ៗ​ដែល​លក់​ក្នុង​ហាង​យើង​ទេ ។ ដូចនេះ យើង​សុខចិត្ត​ទុក​លុយ​១២០​ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​អត់​មាន​ចំណូល ឬ​ក៏​យើង​សុខចិត្ត​បោះ​លុយ​១២០​ដុល្លារ ហើយ​ចាំ​យក​ចំណូល​មក​វិញ » ។

លោក​បន្ត​ថា ការ​ដាក់​ប្រព័ន្ធ Wifi គឺ​អាច​និយាយ​បាន​ថា ជា​ការ​ទាក់ទាញ​ភ្ញៀវ​ផង​ដែរ ពីព្រោះ​ភ្ញៀវ​អាច​ជា​និស្សិត ឬ​អ្នកធ្វើការ​ងារ​ផ្សេង​ៗ​ដែល​ត្រូវការ​ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ​តាម​អីុ​ន​ធើ​រ​ណេ​ត ។ ដូចនេះ នៅ​ពេល​ដែល​ហាង​មាន Wifi គឺ​ភ្ញៀវ​ចូល​ញ៉ាំ​កាហ្វេ និង​អាច​ប្រើ Wifi ដោយ​ឥត​កំណត់​ផង​ដែរ ។ លោក​និយាយ​ថា ៖ « តាម​ការ​សង្កេត​របស់ខ្ញុំ នៅ​ពេល​ដាច់ Wifi តែ​មួយ​ថ្ងៃ ហាង​របស់ខ្ញុំ គឺ​ស្ងាត់​ភ្ញៀវ​តែ​ម្ដង ឬ​អាច​និយាយ​ថា​បាត់បង់​ភ្ញៀវ និង​បាត់​ចំណូល​ប្រមាណ​៨០​ភាគរយ​នៃ​ចំណូល​សរុប​ប្រចាំ​ថ្ងៃ។ ដូចនេះ​ហើយ ទើប​ខ្ញុំ​មានការ​ប្រុង​ប្រយ័ត្ន​ណាស់​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ Wifi នេះ » ។

លោក​បន្ថែម​ទៀត​ថា ចំពោះ​រថយន្ត​ទេសចរណ៍​ដែល​លោក​បម្រើភ្ញៀវ​ក៏​ដូច​គ្នា​ដែរ គឺ​លោក​បាន​បំពាក់​នូវ​ប្រព័ន្ធ Wifi ដើម្បី​ឱ្យ​ភ្ញៀវ​បាន​ប្រើ និង​ស្រាវជ្រាវ ទោះបីជា​ទៅ​ដល់​ទីណា​ក៏​ដោយ ព្រោះ​អី​ភ្ញៀវ​ទេសចរ​ភាគច្រើន​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​លោក ទៅ​កាន់​តំបន់​ទេសចរណ៍​នានា គឺជា​ជនបរទេស ហើយ​ពួក​គេ​ត្រូវការ​ណាស់​នូវ​ប្រព័ន្ធ Wifi នេះ ដើម្បី​មើលផ្លូវ មើល​ផែនទី ដែល​ជា​គោលដៅ និង​ការ​ស្រាវជ្រាវ​ផ្សេង​ៗ ។ ម្យ៉ាងទៀត ដោយសារ​តែ​គ្រប់​រថយន្ត​បាន​បំពាក់​នូវ​ប្រព័ន្ធ​ជី​ភី​អេស ដូច្នេះ ត្រូវការ​ប្រព័ន្ធ​ត្រួតពិនិត្យ​ជា​ប្រចាំ ដើម្បី​ឱ្យ​ដឹង​ថា ពេល​នេះ​រថយន្ត​ទៅ​ដល់ទី​តាំង​ណា ហើយ​ក៏​ងាយស្រួល​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពី​រថយន្ត​មក​កាន់​ការិយាល័យ​កណ្ដាល​ផង​ដែរ ។

លោក ហេង សេង​លី អ្នកគ្រប់គ្រង​ទូទៅ​នៃ​ភោជនីយដ្ឋាន​ផាក​កាហ្វេ ក៏​បានឱ្យ​ដឹង​ដែរ​ថា ការ​បំពាក់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​ក្នុង​ភោជនីយដ្ឋាន អាច​ឱ្យ​ភ្ញៀវ​មាន​ពេល​ស្រាវ​ជ្រាវ​រក​ព័ត៌មាន ឬ​ឯកសា​ផ្សេង​ៗ​ក្នុងអំឡុងពេល​ពួក​គេ​សម្រាក​ពិសា​អាហារ ។ លោក​និយាយ​ថា ៖ « ដោយសារ​តែ​មើលឃើញ​ថា តម្រូវការ​ភ្ញៀវ​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​នៅ​ក្នុង​ភោជនីយដ្ឋាន​ផាក​កាហ្វេ​កាន់តែ​ច្រើន យើង​ក៏​បាន​បង្កើន​ល្បឿន​អីុ​ន​ធើ​រ​ណេ​ត​ឱ្យ​ខ្ពស់​ជាង​មុន រហូត​ដល់​៨​មេ​ហ្គា​បៃ ។ ដូចនេះ ភ្ញៀវ​អាច​ប្រើ​ដោយ​សេរី និង​មិន​ចាំបាច់​ភ្ជាប់​អីុន​ធើ​រ​ណេ​ត​ពី​ទូរស័ព្ទ​របស់​ខ្លួន​ឱ្យ​អស់​លុយ​នោះ​ទេ គឺ​គាត់​អាច​ប្រើ​យូរ​ប៉ុណ្ណា ក៏​អត់​បញ្ហា » ។

លោក​បន្ត​ថា វា​ជា​ការ​ពិត​ណាស់ ការ​បំពាក់​ប្រព័ន្ធ Wifi ក៏​ជា​ការ​ទាក់ទាញ​នូវ​សេវាកម្ម​មួយ​ផង​ដែរ ឧទាហរណ៍ មាន​ហាង​ពីរ មួយ​បំពាក់ Wifi និង​មួយទៀត​មិន​បាន​បំពាក់ Wifi អតិថិជន​ប្រាកដជា​ចូល​ហាង​ដែល​មាន​បំពាក់ Wifi ហើយ ព្រោះថា សម័យនេះ​ជា​សម័យ​អីុន​ធើ​រ​ណេ​ត អ្នក​ណា​ក៏​មាន​ស្មា​ត​ហ្វូ​ន ឬ​កុំព្យូទ័រ​ប្រើ​ដែរ ហើយ​ស្មា​ត​ហ្វូ​ន​សម័យនេះ ក៏​មិន​ថ្លៃ​ដែរ តម្លៃ​ត្រឹមតែ​១០០​ដុល្លារ ឬ​២០០​ដុល្លារ​អា​មេ​រិ​ក គឺ​អាច​ទិញ​ប្រើប្រាស់​បាន​ហើយ​។ លោក​បញ្ជាក់​ថា ការ​ចំណាយ​លើ​ថ្លៃ​អីុ​ន​ធើ​រ​ណេ​ត​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ផាក​កាហ្វេ​ទាំងអស់​ទូ​ទាំង​ប្រទេស ក្នុង​មួយ​ខែ​ចំណាយ​អស់​ប្រមាណ​១.០០០​ដុល្លារ ទៅ​២.០០០​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ភ្ញៀវ​ពេញចិត្ត ។

ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ លោក ត្រាំ អីុ​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា ៖ « គិត​ត្រឹម​ដើមឆ្នាំ​២០១៦ ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​មាន​ប្រមាណ​២១​លាន​នាក់ គឺ​ស្មើនឹង​១៣៩% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ។ ចំនួន​អ្នក​ជាវ​សេវា​អីុ​ន​ធើ​រ​ណេ​ត ក៏​បាន​កើនឡើង​រហូត​ដល់​ប្រមាណ​៦,៧​លាន​នាក់​ផង​ដែរ ស្មើនឹង​៤៥%​នៃ​ប្រជាពលរដ្ឋ​សរុប ដែល​ញ៉ាំង​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន » ៕