ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​រោងចក្រ​បារី ហុង​អន្តរជាតិ រក​ឃើញ​ផលិត ចែកចាយ​បារី​ JET និង 555 ក្លែងក្លាយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយ​ដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាល​ពីវេលា​ម៉ោង​១៤ និង​៤៥​នាទីថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២២…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយ​ដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាល​ពីវេលា​ម៉ោង​១៤ និង​៤៥​នាទីថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២២ បានដឹកនាំកម្លាំង​ជំនាញ​ ការិយាល័យប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា ​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស​ ស្លាក​លេខ ភ្នំពេញ 2J-5930 នៅ​ក្នុង​ចំណតរថយន្ត​ដឹក​ទំនិញ ​(​ជិត​ម្ដុំ​ស្ដុ​ប​កោសដូង​) សង្កាត់​បឹង​សាឡា​ង ក្នុងខណ្ឌទួលគោក ដោយ​សង្ស័យ​ដឹក​ជញ្ជូន​បារី​ម៉ាក JET ក្លែងក្លាយ ។

ក្រោយ​ពី​ការ​ពិនិត្យ​ជាក់ស្ដែង ​សមត្ថកិច្ច​បាន​រក​ឃើញ ​បារី​ម៉ាក JET ក្លែងក្លាយ ចំនួន​៤៧ ​ប៊ិ​ច និងដោយ​មានការ​សម្របសម្រួល​ដឹកនាំ ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត និង​អ្នកបើកបរ​ឈ្មោះ នៀ ណា​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រឡប់​ទៅ​ទីតាំង​ដើម ​ដែលបាន​ដឹក​បារី​ទាំងនោះ​ គឺស្ថិត​នៅ​រោងចក្រ​បារី ហុង អន្តរជាតិ ផ្លូវ​អង្គ​តា​មិ​ញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

លុះ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​៨ និង​៥០នាទី សមត្ថកិច្ច​ចម្រុះ​ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​ត្រួតពិនិត្យ​ឆែកឆេរ​ ក្នុងរោងចក្រ​បារី​ហុង អន្តរជាតិ ។

ការ​បង្ក្រាប​នេះ ​ក្រោយ​ពី​សមត្ថកិច្ច​នៃនាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​បាន​ទទួល​ពាក្យបណ្ដឹង​ថា ​មានការ​ចរាចរណ៍​ផលិតផល​បារី​ម៉ាក JET ក្លែងក្លាយ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទើប​នាយ​ដ្ឋា​ន​ជំនាញបាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំមកហើយ ។

ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ ត្រួតពិនិត្យ​ជាក់ស្ដែង​នេះ បាន​រក​ឃើញ​នូវ​សម្ភារ​វត្ថុ​តាង​ជា​ច្រើន ​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផលិត វេច​ខ្ចប់ ចែកចាយ បារី​ម៉ាក JET ក្លែងក្លាយ និង​បារី​ម៉ាក ៥៥៥ ក្លែងក្លាយ មួយ​ចំនួន​ធំ នៅ​ក្នុង​ឃ្លាំង នៃ​ទីតាំង​រោងចក្រ​ខាងលើ​រួម​មាន ៖
១. បារី​ម៉ាក JET វេច​ខ្ចប់​រួច ចំនួន ៤៧​ប៊ិ​ច ​និង​១៤០​កញ្ចប់ ស្មើ ២៣.៦៤០ កញ្ចប់
២. សម្បក​កញ្ចប់​បារី JET ចំនួន ២០០,២៣០ ​សន្លឹក ស្មើ ៩៩៥ គីឡូក្រាម
៣.​ សម្បក​សុង​បារី JET ចំនួន ១៦,៥០០​ សន្លឹក ស្មើ ១៨០​គីឡូក្រាម
៤.​ កន្ទុយ​ស្នោរ​បារី ចំនួន ៣៨០​ កេស ស្មើ ៧,៦០០​គីឡូក្រាម
៥.​ តែមប្រិ៍ BAT ចំនួន ២,០៥៧​ សន្លឹក
៦. ​តែម VN DUTY NOT PAID ចំនួន ២,៨០៨​ សន្លឹក
៧. ​រថយន្ត​មួយ​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2J-5938
៨. ​ថង់​រុំ​បារី ចំនួន ៧០​បា​រ៉ែត ស្មើ ៥៩,៥០០​គីឡូ ក្រាម
៩.​ បារី​មូល​រួច​ មិន​ទាន់​វេច​ខ្ចប់ ចំនួន ១៤០ ក​ញ្ជ្រែ​ង ស្មើ ៧០០​គីឡូក្រាម
១០. ​ក្រដាស់​រុំ​កន្ទុយបារី ចំនួន​៣២​ដុំ ស្មើ ៤,៧៦៨ ​គីឡូក្រាម
១១.​ សម្បក​អាលុយមីញ៉ូម ចំនួន ៧៩០ កេស ស្មើ ៣០,០២០​ គីឡូក្រាម
១២.​ ម៉ាស៊ីន​វេច​ខ្ចប់​បារី ចំនួន ០៧​គ្រឿង
១៣.​ ម៉ាស៊ីន​មូល​កន្ទុយបារី ចំនួន ០២​គ្រឿង ស្មើ ០២​គ្រឿង ។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​អោយ​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ដកហូត​សម្ភារ​ខាងលើ នាំយក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​ នៅ​នាយ​ដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នឹង​ធ្វើការ​បិទ​ផ្លុំ​បេ​ទ្វារ​ឃ្លាំង និង​ច្រក​ចេញចូល នៃ​ទីតាំង​រោងចក្រ​ខាងលើ​ជា​បណ្ដោះអាសន្ន និង​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ ង៉ូ​វ ម៉ុ​ក ភេទស្រី ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ យក​ទៅ​ចាត់ការ​តាម​នីតិវិធី និង​ឈ្មោះ ង៉ូ​វ ស្រ៊ុ​ន ភេទប្រុស បាន​កំពុង​រត់គេច​ខ្លួន ដែល​ជា​ម្ចាស់​រោងចក្រ​ផលិត​បារី ហុង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ