ខេត្ដសៀមរាប ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា បើទោះបី ប្រទេសកម្ពុជា ក៏ដូចប្រទេសក្បែរខាងកំពុងរងផលប៉ះពាល់ ពីឥទ្ធិពលវិបត្ដិសេដ្ឋកិច្ចពិភពលោក យ៉ាងណា ក៏ដោយ ក៏កម្ពុជាក្នុងឆ្នាំ២០០៩នេះនៅតែមានចំនួនភ្ញៀវទេសចរកើនឡើងតិចតួចដែរ គឺកើនឡើងពី២ទៅ ៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០០៨ កន្លងទៅនេះ ។
លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ ប្រាប់ដោយផ្ទាល់កាល ពីថ្ងៃទី៦ ធ្នូ កន្លងមក ខណៈដែលលោកចូលរួមក្នុងពិធីរត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុនអន្ដរជាតិ លើកទី១៤ នៅអង្គរកន្លងទៅថ្មីៗនេះថា នៅក្នុងឆ្នាំ២០០៩នេះ យើងសង្ឃឹមថា កម្ពុជានឹងមានចំនួនភ្ញៀវទេសចរ កើនឡើងពី២ទៅ៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨កន្លងទៅនេះ គឺមានចំនួនប្រមាណ២លាន ២០ម៉ឺននាក់ ។ លោករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា នៅក្នុងដំណាក់កាលវិបត្ដិសេដ្ឋកិច្ចពិភពលោកនេះ ប្រទេសណាក៏ទទួលរង នូវផលប៉ះពាល់ពីឥទ្ធិពលនោះដែរ ជាពិសេសវិស័យទេសចរណ៍ ក៏ប៉ុន្ដែប្រទេសកម្ពុជាយើងប៉ះពាល់តិចតួច តែប៉ុណ្ណោះ ដោយសារការខិតខំប្រឹងប្រែង ជាពិសេសសម្ដេចនាយករដ្ឋមន្ដ្រី លោកបានដាក់ចេញនូវ យុទ្ធសាស្ដ្រសំខាន់ៗ ដើម្បីជួយទប់ទល់នូវវិបត្ដិសេដ្ឋកិច្ចនេះ ដូចជាការបើកច្រកទូលាយព្រំដែនគោក ដើម្បី ទាញយកលំហូរទេសចរពីប្រទេសក្បែរខាង ឱ្យចូលមកប្រទេសកម្ពុជាឱ្យបានច្រើន ឱ្យគេយកលុយមកចាយ នៅប្រទេសយើង ។
លោកថោង ខុន បានបន្ដប្រសាសន៍ទៀតថា នៅឆ្នាំ២០០៩នេះ ភ្ញៀវទេសចរមកពីប្រទេសចិន កូរ៉េ ជប៉ុន មានការធ្លាក់ចុះ ប៉ុន្ដែជារួមភ្ញៀវទេសចរមកពីអ៊ឺរុប ពុំមានការធ្លាក់ចុះទេ ហើយភ្ញៀវទេសចរ៣៥ភាគរយ ឆ្លងកាត់ប្រទេសថៃតាមព្រំដែនគោក ។ សូមជម្រាបថា យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ឆ្នាំ២០០៨ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ បរទេសដែលចូលមកទស្សនាកម្ពុជា មានចំនួន២.១៥០.០០០នាក់ ដែលមកពីប្រទេសសំខាន់ៗចំនួន៥រួម មានកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ចិន និងវៀតណាម ហើយថ្មីៗនេះរដ្ឋាភិបាលកម្ពុជា បានចុះ កិច្ចព្រមព្រៀងជាមួយគុយវ៉េត នៃតំបន់មជ្ឈិមបូព៌ា ឱ្យមានជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលនយោបាយបើកជើងអាកាសនេះ គេមានការរំពឹងទុកថា នឹងបង្កើនចំនួនទេសចរមកកាន់ប្រទេសកម្ពុជា ជាពិសេសមកពីប្រទេសអារ៉ាប់ ។ទោះបែបណា សំរាប់ខេត្ដសៀមរាប ដែលបានចាត់ទុកជាតំបន់ប៉ូល នៃវិស័យទេសចរណ៍របស់ប្រទេស កម្ពុជាត្រូវបានលោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បង្ហើបឱ្យដឹងថា នៅមានចំនួនភ្ញៀវទេសចរ ធ្លាក់ចុះនៅឡើយទេ តែប្រសើរត្រង់ថា វាកើនជាងមុនបន្ដិច ដោយសារពី៦ខែដើមឆ្នាំ វាធ្លាក់ចុះរហូត ដល់១៤ភាគរយ ហើយក្នុងខែតុលានេះ សៀមរាបនៅថយចុះតែ២ភាគរយប៉ុណ្ណោះ ។
ចំណែកលោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានប្រាប់ថា នៅក្នុងឆ្នាំ២០០៩នេះ ខេត្ដសៀមរាបមានចំនួនភ្ញៀវទេសចរបរទេស ប្រមាណតែ៩៨០.០០០នាក់ប៉ុណ្ណោះ ថយជាងឆ្នាំ២០០៨ ប្រមាណ ៦,៨៣ភាគរយ ។ ការធ្លាក់ចុះនេះវាបណ្ដាលមកពីកំសួល នៃវិបត្ដិសេដ្ឋកិច្ចពិភពលោក មិនទាន់ អស់ ជាពិសេសខេត្ដសៀមរាបបានជួបនឹងព្យុះកំបុតត្បូងកេតសាណាផង ដែលធ្វើឱ្យភ្ញៀវទេសចរ ខក ដំណើរមកទស្សនាកម្ពុជា យើងអស់ជាច្រើននាក់ ។
លោកង៉ូវ សេងកាក់ បានថ្លែងបន្ដថា ដើម្បីស្ដារស្ថានការណ៍ឱ្យប្រសើរឡើងមន្ទីរកំពុងតែ ធ្វើការសហការ ជាមួយផ្នែកឯកជន ដើម្បីធ្វើការងារឃោសនាបន្ថែម ទាក់ទិនយុទ្ធសាស្ដ្រកម្ពុជាអច្ឆរិយ ដោយជំរុញឱ្យមាន ការចាក់ផ្សាយនៅតាមសណ្ឋាគារ ភោជនីយដ្ឋានផ្សេងៗ ឱ្យភ្ញៀវទេសចរបានឃើញ និង ជួយផ្សព្វផ្សាយ បន្ដ។ ទន្ទឹមគ្នានោះ យើងក៏ធ្វើការពង្រឹងគុណភាពសេវា និងសន្ដិសុខ នៅក្នុងខេត្ដយើងឱ្យបានល្អ ព្រោះ សំខាន់ណាស់គុណភាពសេវាហ្នឹង បើមិនយកចិត្ដទុកដាក់យើងនឹងចប់ ។
លោកប្រធានមន្ទីររូបនោះបានបន្ដប្រសាសន៍ទៀតថា ជាធម្មតាកាលណាចំនួនភ្ញៀវទេសចរ មានការធ្លាក់ ចុះវាបានប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យឯកជន ដូចជាភោជនីយដ្ឋាន របរលក់គ្រឿងអនុស្សាវរីយ៍ ក្រុមហ៊ុន ដឹកភ្ញៀវទេសចរ ជាពិសេសសណ្ឋាគារ ដែលមានតំលៃបន្ទប់ថ្លៃចាប់ពីជាង១០០ ដុល្លារឡើងទៅ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានឱ្យដឹងថា តាមការប៉ាន់ប្រមាណ ភ្ញៀវទេសចរម្នាក់ ដែលមកទស្សនាប្រទេស កម្ពុជា ពួកគេជាមធ្យមម្នាក់ចំណាយ៧០០ដុល្លារសហរដ្ឋអាមេរិក ដែលការប៉ាន់ប្រមាណនេះមិនទាន់គិតពី ថ្លៃសំបុត្រយន្ដហោះ ព្រមទាំងថ្លៃទិដ្ឋាការ(វីហ្សា)ឡើយ ។ ដូច្នេះ បើកម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណ២លាន២០នាក់ ក្នុងឆ្នាំ២០០៩ ដូចដែលលោករដ្ឋមន្ដ្រី ថោង ខុន អះអាងនោះ កម្ពុជានឹងមាន ចំណូលប្រមាណ១.៥៤០លានដុល្លារសហរដ្ឋអាមេរិកឯណោះក្នុងឆ្នាំ២០០៩នេះ ដែលចំណូលមួយចំនួន បានទៅ លើវិស័យឯកជននិងមួយផ្នែកទៀតបានទៅលើរដ្ឋ ក៏ប៉ុន្ដែអ្វីដែលគួរឱ្យសោកស្ដាយត្រង់ថា ចំណូលប្រមាណ ៣០ភាគរយ ត្រូវធ្លុះធ្លាយទៅប្រទេសជិតខាងវិញតាមរយៈការនាំចូលនូវបន្លែត្រីសាច់ពី ប្រទេសសៀម និងវៀតណាម ។
ចែករំលែកព័តមាននេះ