ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កូ​វី​ដ​-១៩ ​ការ​លក់​ទិញ​សេវា​ធានា​រ៉ាប់រង​សុខភាព​កើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្នុង​ពេល​វិបត្តិ​កូ​វី​ដ​ ១៩​ នេះ សេវា​ធានា​រ៉ាប់រង​លើ​សុខភាព​មានការ​កើនឡើង ​។ ចំណែក​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ផ្នែកផ្សេងទៀត ដូច​ជា​សំណង់ ការ​ធានា​ទៅ​លើ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាដើម​បាន​ធ្លាក់​ចុះ…

រាជធានី​ភ្នំពេញ ៖ ​ក្នុង​ពេល​វិបត្តិ​កូ​វី​ដ​ ១៩​ នេះ សេវា​ធានា​រ៉ាប់រង​លើ​សុខភាព​មានការ​កើនឡើង ​។ ចំណែក​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ផ្នែកផ្សេងទៀត ដូច​ជា​សំណង់ ការ​ធានា​ទៅ​លើ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាដើម​បាន​ធ្លាក់​ចុះ ។ លោក​ យក់ ចំរើន​ឬ​ទ្ធិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ហ្វ​ត​តេ ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​មួយ​នា​ព្រឹក​ថ្ងៃ​ទី ​៣ មក​រា ២០២២​ នេះ​ថា ​ក្នុង បរិបទ​កូ​វី​ដ ​១៩​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង បាន​បង្កើត​នូវ​កញ្ចប់​សេវាកម្ម​ថ្មី​ៗ​ជា​ច្រើន ដើម្បី​ផ្ដល់​ជូន​អតិថិជន ជា​ពិសេស​កញ្ចប់​សេវាកម្ម​ធានា​រ៉ាប់រង​កូ​វី​ដ​ ១៩ សម្រាប់​អ្នកដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា ។

«ក្រុមហ៊ុន​យើង​ជា​អ្នក​បង្កើត​នូវ​កញ្ចប់​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ ១៩ លើ​អ្នកដំណើរ​បរទេស​ចូល​មក​កម្ពុជា ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ហើយ​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នានា​បន្ត​លក់​កញ្ចប់​នេះ​ដល់​អ្នកដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា​ដ​ដែរ» ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក យក់ ចំរើន​ឬ​ទ្ធិ​ ។

លោក​បាន​វាយតម្លៃ​ថា វិស័យ​ធានា​រ៉ាប់រងកម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​ កន្លង​ទៅ​នេះទទួល​បាន​កំណើន​ល្អ​ប្រសើរ ដោយ​តាម​ការ​ប៉ាន់ស្មាន​ឆ្នាំ ​២០២១​ កន្លង​ទៅ​នេះ មាន​កំណើន​ប្រមាណ ​១៥% ខណៈ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន​បាន​ធ្លាក់​ចុះ ។

លោក ​ជៀប សុ​ភ័ក្ត្រ នាយក​ផ្នែក​ចែកចាយ​នៃ​ក្រុមហ៊ុន ​ហ្វ​ត​តេ​ឡាយ​ហ្វ៍​ បានឱ្យ​ដឹង​ថា ក្នុង​បរិបទ​នេះ​កូ​វី​ដ ​១៩ ​នេះ ការ​លក់​កញ្ចប់​ធានា​រ៉ាប់រង​បាន​ប៉ះពាល់​ដោយ​ផ្នែក និង​មាន​ផ្នែក​ខ្លះ​នៅ​តែ​បន្ត​កើនឡើង ។ លោក​ថា ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​យល់​ដឹង​ពី​ហិរញ្ញវត្ថុ​គ្រួសារ និង​បាន​រៀបចំ​ផែនការ​ទុក​សម្រាប់​គ្រួសារ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទីផ្សារ​ធានា​រ៉ាប់រង​មាន​កំណើន​ឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក ​ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា បានឱ្យ​ដឹង​ថា​ ទោះជា​មានការ​រីក​ចម្រើន​យ៉ាងនេះ​ក្តី ប្រ​សិន​ពិនិត្យ​មើល​អត្រា​ភាគទាន​ធានា​រ៉ាប់រង ក្នុង​សេដ្ឋកិច្ច​កម្ពុជា​មាន​ប្រមាណ​តែ ១,០៤​ ភាគរយ និង​ដង់ស៊ីតេ​ធានា​រ៉ាប់រង​មាន​ប្រមាណ​តែ ១៧,២៦​ ដុល្លារ​ក្នុង​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២០​ គឺ​មាន​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​តំបន់ ។

បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន ៣៩ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន ១៨ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ចំនួន ១៤ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ចំនួន ៧ ក្រុមហ៊ុន​ជើងសារ​ធានារ​រ៉ាប់រង​ចំនួន ១៦ ក្រុមហ៊ុន​ភ្នាក់ងារ​ធានា​រ៉ាប់រង​ចំនួន ២៦ ដែល​ក្នុង​នោះ​មាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ២១ ជា​ភ្នាក់ងារ​ធានា​រ៉ាប់រង ហៅ​ថា​ប៊េ​ង​កា​សួ​រេ​ន (bancassurance) និង​បុគ្គល​ភា្ន​ក់​ងារ​ធានា​រ៉ាប់រង​ចំនួន​ជាង ៥,០០០​ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ