ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ព​ជើងគោក ​៖ ជំនាញ​ជា​កងទ័ព គឺជា​ធនធានមនុស្ស ដែល​ប្រកបដោយ​មនសិការ​សេ្ន​ហាជាតិ សាសនា និង​ព្រះមហាក្សត្រ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​៖ កងទ័ព គឺជា​ធនធានមនុស្ស ដែល​ប្រកបដោយ​មនសិការ​សេ្ន​ហា ជាតិ សាសនា និង​ព្រះមហាក្សត្រ​។ នេះ​គឺជា​ការលើកឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត…

​ខេត្តកំពង់ស្ពឺ​៖ កងទ័ព គឺជា​ធនធានមនុស្ស ដែល​ប្រកបដោយ​មនសិការ​សេ្ន​ហា ជាតិ សាសនា និង​ព្រះមហាក្សត្រ​។ នេះ​គឺជា​ការលើកឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​៣១, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រ​បញ្ជា​ជំនា​ន់ទី​៥, វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បើក​-​ជួសជុល​អូប័រ និង​របៀប​សង្គ្រោះ​ជំនា​ន់ទី​៥, និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​៣២, វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ឯកទេស​មុជទឹក​ជំនា​ន់ទី​៥, និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​បាញ់​គ្រាប់​ពិត​អាវុធ​ថ្មើរជើង និង​អាវុធ SNIPER នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន ឱ​រ៉ា​ល់ នា​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២​។​

​លោក ហ៊ុន ម៉ា​ណែ​ត សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​, គណៈ​គ្រប់គ្រង​វគ្គ​,  ក្រុម​យោធា​ចា​រ្យ​, និង​យោធិន​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ពាក់ព័ន្ធ ក្នុងការ​ម្ចាស់ការ​អនុវត្ត ការងារ​ហ្វឹកហ្វឺន​បាន​ជាប់​ជាប្រចាំ ដូច​ភ្លៀងរលឹម និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​សូម​កោតសរសើរ​សិក្ខាកាម​ទាំងអស់ ដែល​បាន​តស៊ូ​ព្យាយាម​អត់ធន់​ជម្នះ​ការលំបាក រហូត​បានបញ្ចប់​វគ្គ​ប្រកប ដោយ​មោទនភាព​។ នេះ​ក៏​ជា​មោទកភាព​របស់​ជាតិ ដែលមាន​យោធិន​ជំនាញ​បន្ថែមទៀត សម្រាប់​ការពារ​ប្រទេស និង​ប្រជាជន ពីព្រោះថា ជំនាញ​ជា​កងទ័ព គឺជា​ធនធានមនុស្ស ដែល​ប្រកបដោយ​មនសិការ​សេ្ន​ហា ជាតិ សាសនា ព្រះមហាក្សត្រ និង​មានការ​បេ្ត​ជ្ញា​ចិត្ត​ប្តូរផ្តាច់​ការពារ​បូរណភាព​ទឹកដី ព្រមទាំង​មាន​សេចក្តីថ្លៃថ្នូរ សីលធម៌ គុណធម៌ មនុស្សធម៌ ជាមួយនឹង​ការត្រៀម​បូជា​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ជាអាទិ៍​ប្រតិបត្តិ​ការសង្គ្រោះ​គ្រោះមហន្តរាយ​, បេសកកម្ម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការចូលរួម​ដោះមីន ជាដើម​។​

​លោក​បញ្ជាក់ថា នេះ​ជា​ជំហាន​ថ្មី​មួយទៀត​នៃ​ចក្ខុវិស័យ​នៃ​គោលនយោបាយ​ការពារជាតិ គឺ​ការកំណត់​យក​ទិសដៅ​ក្នុង​ការធ្វើ​ទំនើបកម្ម​កងទ័ព ហើយ​ដំណើរការ​ទំនើប​កម្មនេះ នឹង​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​បន្ថែមទៀត នៃ​កិច្ចការ​កែទម្រង់​កងទ័ព ដែល​បាន និង​កំពុង​អនុវត្ត​ដោយ​សម្រេចបាន​សមិទ្ធផល​ជាច្រើន​រួចមកហើយ រហូតមកទល់​បច្ចុប្បន្ន​នេះ​។ ដូច្នេះ ទាំង​យោធា​ចា​រ្យ និង​សិក្ខាកាម​ត្រូវខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ និង​ដុសខាត់​ចំណេះដឹង​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​ទាំង​ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត ជាពិសេស​ខណៈពេលដែល​បញ្ហា​ប្រឈម និង​ការគំរាមកំហែង​ទាំងឡាយ មាន​លក្ខណៈ​កាន់តែ​ស្មុ​គ្រ​ស្មាញ និង​គ្រោះថ្នាក់ ទាំង​ការ​បញ្ហា​សន្តិសុខ​បែប​ប្រពៃណី ដូចជា​ការប្រយុទ្ធ​រវាង​កម្លាំង​ទល់នឹង​កម្លាំង និង​បែប​មិនមែន​ប្រពៃណី ដូចជា​ការវាយប្រហារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត និង​បច្ចេកវិទ្យា​ទំនើប​, បញ្ហា​គ្រោះមហន្តរាយ និង​ជំងឺ​រាតត្បាត ជាដើម​។​

​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​បន្ថែមថា ក្រោម​ម្លប់​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែលមាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ស្ថាបនិក​, កត្តា​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ដូច​ពេលបច្ចុប្បន្ន ជា​ដំណាក់កាល​ដ៏​សុខសាន្ត​មួយ ដែល​កើតមាន​ដោយ​កម្រ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ សន្តិភាព សំដៅ​ដល់​បរិយាកាស​គ្រប់​ដណ្តប់​ក្រោម​ម្លប់​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី ដែល​ផ្តល់នូវ​សិទ្ធិអំណាច និង​សេរីភាព​ជូន​ប្រជាពលរដ្ឋ ក្នុងការ​រស់រានមានជីវិត​, ទទួលបាន​ការអប់រំ និង​ប្រកប​របរ​រក​ទទួលទាន​ដោយ​សេចក្តីសុខ​, មាន​ភាពសុខសាន្ត និង​គ្មាន​ការព្រួយបារម្ភ ឬ​ការភ័យខ្លាច​អំពើ​អសន្តិសុខ និង​សង្គ្រាម​។ ទាំងនេះ គឺជា​សិទ្ធិអំណាច និង​ជា​សុភមង្គល​ដែល​ប្រជាជន​កម្ពុជា ស្រេកឃ្លាន ទន្ទឹង​សុ​បិ​ន្ត ចង់បាន​ជាង ៥០០​ឆ្នាំ មកហើយ​។ ដូច្នេះ​យើង​ត្រូវ​បន្ត​ខិតខំ​រួបរួមគ្នា​ថែរក្សា​នូវ​អំណោយ​ពរជ័យ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​ត​ទៅមុខទៀត​។​

​លោក​ថា ប្រទេស​ណាក៏ដោយ ជាតិ​សាសន៍​ណាក៏ដោយ គឺ​តែង​ស្រលាញ់ ចង់បាន​សុខសន្តិភាព​ដូចគ្នា​ទាំងអស់ ដោយ​ព្រមទាំង​លះបង់ និង​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ដើម្បី​ហេតុផល​មួយ​នេះ​។ ដូចនេះ ជា​ទិសដៅ​អាទិភាព​ចំពោះមុខ សម្រាប់​កងទ័ព គឺ​ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈ​ការចូលរួមចំណែក​ថែរក្សា​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព​, ការពារ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ទោះ​ត្រូវ​បង់​តម្លៃ​ណាក៏ដោយ​។ ក្នុងនោះ​ផងដែរ កត្តាចាំបាច់ ដែលជា​ភារកិច្ច​ស្នូល​មួយទៀត គឺ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ជាតិ និង​អន្តរជាតិ​នានា ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពីព្រោះ​នេះ គឺជា​កត្តា​កំណត់​ជោគវាសនា និង​ភាពនឹងនរ​ទាំង​បច្ចុប្បន្ន និង​អនាគត​របស់​ជាតិ​, តំបន់ និង​ពិភពលោក​។ កិច្ចការ​នេះ គឺជា​ភារកិច្ច​អាទិភាព ដែល​គ្រប់​ប្រទេស​ទាំងអស់ ក្នុង​ពិភពលោក តែង​បាន​យក​ចិត្ត​ទុកដាក់ និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បី​ការពារ​អ្នក​កាន់ចង្កូត​ដឹកនាំ​នាវា​ជាតិ និង​ជោគវាសនា​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ