រាជធានីភ្នំពេញ ៖ ករណីប្តី-ប្រពន្ធស្លាប់ដោយសារគ្រាប់កាំភ្លើងត្រូវគេដឹងថា គឺផ្តើមចេញពីភ្លើងប្រចណ្ឌ ដោយសារប្រពន្ធមានថ្មី ទើបធ្វើឱ្យបុរសប្តីអត់ទ្រាំនូវទង្វើរនេះមិនបាន ក៏សម្រេចវាសនាឱ្យនាងជាប្រពន្ធស្លាប់ ដោយគ្រាប់កាំភ្លើងក្នុងថ្លុកឈាម ។ បន្ទាប់ពីបានសម្លាប់ប្រពន្ធរួច ក៏បញ្ចប់ជីវិតខ្លួនឯងតាមក្រោយដែរ នៅក្នុងបន្ទប់ទឹក ។
ហេតុការណ៍នេះ បានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៧ មិថុនា ២០១៦ ស្ថិតនៅក្នុងភោជនីដ្ឋាន«ប្រជាប្រិយ» តាមផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា ស្ត្រីប្រពន្ធដែលស្លាប់ឈ្មោះប្រាក់ សុភ័ក្ត្រា អាយុ៣៥ឆ្នាំ ជាថៅកែភោជនីដ្ឋាន «ប្រជាប្រិយ» និងបើកវីងដូរប្រាក់ផងដែរ ។ ចំណែកប្តីមានឈ្មោះលីអៀង សៅ អាយុ៥០ឆ្នាំ ជាជាមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំនៅខណ្ឌព្រែកព្នៅ ។
តាមប្រភពពីអ្នកជិតខាងឱ្យដឹងថា មុនកើតហេតុប្តី-ប្រពន្ធខាងលើកើតមានជម្លោះឈ្លោះប្រកែកគ្នាម្តងរួចហើយ ក្នុងនោះក៏ឮស្នូរផ្ទុះគ្រាប់កាំភ្លើងមួយគ្រាប់ទៀត ។ ទ្វារផ្ទះត្រូវបានបិទដាក់គន្លឹះជាប់ពីខាងក្នុង មិនអាចឱ្យអ្នកណាចូលបានឡើយ លុះមួយសន្ធុះក្រោយមក ស្នូរកាំភ្លើងក៏បានផ្ទុះឡើងចំនួន៣គ្រាប់ទៀត ធ្វើឱ្យពលរដ្ឋក្បែរខាងកាន់តែផ្អើលឆោឡោ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ចុះទៅអន្តរាគមន៍ដោយបុកទម្លុះទ្វារផ្ទះនោះ ។ បន្ទាប់មក ស្រាប់តែផ្អើលឃើញប្តី-ប្រពន្ធស្លាប់ទាំង២នាក់តែម្តងនៅក្នុងបន្ទប់ទឹក ។
ប្រភពមួយទៀមិនទាន់ច្បាស់ការណ៍ថា ករណីនេះគឺផ្តើមពីជម្លោះ ដោយសារប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង ទើបកើតទៅជារឿងភ្លើងប្រចណ្ឌ រហូតអត់ទ្រាំលែងបាន សម្រេចជ្រើសផ្លូវស្លាប់ទាំង២បែបនេះ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចជាច្រើននាក់ទៅអន្តរាគមន៍ និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យឃើញថា ស្ត្រីជាប្រពន្ធត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ ចំថ្ពាល់ខាងឆ្វេងធ្លាយគុម្ពត្រចៀកខាងស្តាំ រីឯប្តីត្រូវ២គ្រាប់ ថ្ពាល់១គ្រាប់ ក្រោមចង្ការ១គ្រាប់ ។
ហេតុការណ៍ខាងលើ ត្រូវក្រុមសាច់ញាតិជនរងគ្រោះរារាំងមិនមិនឱ្យសមត្ថកិច្ចចូលជាសេរីឡើយ រួមទាំងមិនអនុញ្ញាតឱ្យអ្នកយក
ព័ត៌មានចូលជាដាច់ខាត ។ បើតាមពលរដ្ឋមួយចំនួនដឹងហេតុការណ៍បានលើកឡើងយ៉ាងខ្លីថា «បាបកម្ម» ។ តែន័យពិតយ៉ាងណា អាស្រ័យទៅលើអ្នកអាន អ្នកស្តាប់ ស្វែងយល់ដោយខ្លួនឯងទៅចុះ ។ បច្ចុប្បន្ន សមត្ថកិច្ចបន្តស្រាវជ្រាវហើយ។
ចែករំលែកព័តមាននេះ