រាជធានីភ្នំពេញ ៖ គ្រាន់តែចូលដល់ឆ្នាំ២០២២ភ្លាម សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្លាស់ប្ដូរបរិបទថ្មីភ្លែត ថ្វីដ្បិតតែការប្រកួតជ្រើងជើងឯកថ្នាក់ជាតិស្ថិតនៅក្នុងឆ្នាំចាស់២០២១ក៏ដោយ ក៏ប៉ុន្តែសហព័ន្ធបានផ្លាស់ប្ដូកំណែទម្រង់ថ្មី គឺចម្រាញ់យកតែអ្នកឈ្នះលេខ១ប៉ុណ្ណោះ ឱ្យចូលនៅក្នុងក្រុមជម្រើសជាតិ ។ ការធ្វើបែបនេះដើម្បីចង់ជម្រុញទៅដល់ក្រុមកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងថែមទៀត។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីពេលថ្មីៗមកនេះ កាលបរិច្ឆេទនៃការប្រកួតជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ មករា ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានស្តាត់ចាស់។ រីឯការប្រកួតបានធ្វើការបែងចែកជាពីរវិញ្ញាសារគឺវិញ្ញាសាបុរសនិងនារី ។ ផ្នែកបុរសគណៈកម្មការប្រកួតតម្រូវឱ្យមានរហូតដល់ទៅ៩ប្រភេទទម្ងន់ រួមមាន៖ទុម្ងន់៤៥គីឡូក្រាម ទម្ងន់៤៨គីឡូក្រាម ទម្ងន់៥១គីឡូក្រាម ទម្ងន់៥៤គីឡូក្រាម ទម្ងន់៥៧គីឡូក្រាម ទម្ងន់ម៦០គីឡូក្រា ទម្ងន់៦៣,៥គីឡូក្រាម ទម្ងន់៦៧គីឡូក្រាមនិងទម្ងន់៧១គីឡូក្រាម ។ ចំណែកផ្នែកនារីវិញមានតែ៥ប្រភេទទម្ងន់ប៉ុណ្ណោះ រួមមាន៖ទម្ងន់៤៨គីឡូក្រាម ទម្ងន់៥១គីឡូក្រាម ទម្ងន់៥៤គីឡូក្រាម ទម្ងន់៥៧គីឡូក្រាមនិងប្រភេទទម្ងន់៦០គីឡូក្រាម។
ទន្ទឹមជាមួយគ្នានេះដែរ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្ដល់លទ្ធភាពទៅដល់គ្រប់បណ្ដា សមាគមនិងក្លិបមកពីតាមរាជធានីខេត្ត ព្រមទាំងស្ថាប័ននានា ត្រូវធ្វើការចម្រាញ់យកតែកីឡាករល្អៗ ខ្លាំងៗ តែ១នាក់ប៉ុណ្ណោះក្នុងមួយប្រភេទទម្ងន់ ដើម្បីតំណាងឱ្យក្លិបនិងស្ថាប័នរបស់ខ្លួនឡើងមកប្រកួតនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់មួយនេះ ហើយមានតែអ្នកឈ្នះមេដាយមាសម្នាក់ប៉ុណ្ណោះទើបអាចក្លាយជាកីឡាករជម្រើសជាតិបាន។
មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានធ្វើការដាក់ចេញនូវបម្រាមមួយចំនួនផងដែរ គឺកីឡាករមិនអាចប្រើប្រាស់សារធាតុញៀ.ន ថ្នាំលើកម្លាំង ថ្នាំស្ពឹក ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ រួមទាំងសារធាតុញៀ.នផ្សេងៗទៀតផងដែរ ។ ទោះជាយ៉ាងណា សម្រាប់កម្មវិធីប្រកួតជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ ត្រូវបានមហាជនមួយចំនួនមានការគាំទ្រយ៉ាងខ្លាំងហើយថែមទាំងចង់ឱ្យសហព័ន្ធមានចំណាត់ការថ្មីជាងនេះទៅទៀត ជាពិសេសនៅលើបច្ចេកទេសប្រកួត ដើម្បីឱ្យកីឡាករប្រដាល់គុនខ្មែរ មានការអភិវឌ្ឍទៅតាមស្តង់ដាអន្តរជាតិត្រឹមត្រូវ ។ ព្រោះអីការប្រកួតកីឡាស៊ីហ្គេមត្រូវទាមទារលក្ខខណ្ឌ បច្ចេកទេសទៅតាមច្បាប់អន្តរជាតិ។
គួរម្លឹកផងដែរ ការប្រកួតជ្រើសជើងឯកថ្នាក់ជាតិនេះ ជាគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា តែបើសហព័ន្ធមានលទ្ធភាពរកបានដៃគូឧបត្ថម្ភឯកជនមកពីខាងក្រៅបានក៏ជាការល្អដែរ សម្រាប់ជំនួយបន្ថែមដល់កីឡាករ កីឡាការិនីក្រៅពីប្រាក់របស់ក្រសួង ៕
ចែករំលែកព័តមាននេះ