ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃឆ្លងឆ្នាំសកល មណ្ឌលគិរី ទទួលបាន​អ្នកទេសចរជិត ២ម៉ឺននាក់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ អាកាសធាតុដ៏ត្រជាក់ អមដោយសម្រស់ព្រៃភ្នំដ៏ស្រស់ស្អាត ខេត្តមណ្ឌលគិរី បានអន្ទងចិត្តអ្នកទេសចរជិត ២ម៉ឺននាក់ ឲ្យទៅដើរលេងកម្សាន្ត នាថ្ងៃបុណ្យឆ្លងឆ្នាំសាកល បើទោះជាវិស័យបដិសណ្ឋារកិច្ច មិនទាន់ឆ្លើយតបទៅនឹង​កំណើន​​ដ៏ច្រើនសន្ធឹកនៃអ្នកទេសចរ…

ខេត្តមណ្ឌលគិរី​៖ អាកាសធាតុដ៏ត្រជាក់ អមដោយសម្រស់ព្រៃភ្នំដ៏ស្រស់ស្អាត ខេត្តមណ្ឌលគិរី បានអន្ទងចិត្តអ្នកទេសចរជិត ២ម៉ឺននាក់ ឲ្យទៅដើរលេងកម្សាន្ត នាថ្ងៃបុណ្យឆ្លងឆ្នាំសាកល បើទោះជាវិស័យបដិសណ្ឋារកិច្ច មិនទាន់ឆ្លើយតបទៅនឹង​កំណើន​​ដ៏ច្រើនសន្ធឹកនៃអ្នកទេសចរ ក៏ពិតមែន។

យោងតាមរបាយការណ៍​មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្នុងទិវាចូលឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ទេសចរ ដែលបានមកទស្សនាកម្សាន្ត តាមគោល​​ដៅទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី សរុបមានប្រមាណ ១៨,៩៩៦នាក់ កើន ៧៧,៣០% ធៀបនឹងឆ្នាំ២០២០។ ឆ្នាំ២០២០ មានអ្នកទេសចរ ១០,៧១៤នាក់ ក្នុងថ្ងៃឆ្លងឆ្នាំសកល។ ក្នុងនោះ ទេសចរជាតិប្រមាណ ១៨,៩៥៥នាក់ កើន ៧៩,៥៣% (ឆ្នាំ២០២០= ១០,៥៥៨នាក់) ទេសចរបរទេស ប្រមាណ ៤១នាក់ ថយចុះ ៧៣,៧១% (ឆ្នាំ២០២០= ១៥៦នាក់)។

សូមរំឮកថា គ្រប់ផ្ទះសំណាក់ រីសត និង​សណ្ឋាគារ នៅក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ត្រូវបានអ្នកទេសចរ ចូលស្នាក់នៅពេញៗ នាឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២។ ការកក់កន្លែងស្នាក់នៅនេះ អ្នកខ្លះ បានកក់តាំងពីមុនមួយខែឯណោះ ចំណែកអ្នកកក់នៅអំឡុងកន្លះខែ ឬមួយអាទិត្យចុងក្រោយនេះ គឺកក់មិន​បានកន្លែងសម្រាកនោះទេ។

នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានបន្ទប់ស្នាក់នៅប្រមាណ ១ ៥០០បន្ទប់ ប៉ុន្តែចំនួននេះ មិនអាចផ្គត់ផ្គង់គ្រប់ទៅតាម​តម្រូវការភ្ញៀវទេសចរ ដែលដើរកម្សាន្ត នៅថ្ងៃឈប់សម្រាកនោះទេ។ អ្នកដើរលេងខ្លះ ត្រូវស្នាក់នៅផ្ទះបងប្អូន និងបោះ​តង់បន្ថែម តាមរមណីយដ្ឋាននានា​៕ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ