ខេត្តតាកែវ ៖ ទីតាំងបើកភ្នាល់ល្បែងស៊ីសង ជល់មាន់ បៀរ បាល់ តាមអនឡាញជាច្រើនកន្លែងសឹងតែគ្រប់តូបកាហ្វេនៅក្នុងក្រុងដូនកែវ ជាពិសេសទីតាំងដុះស្លែមួយកន្លែងស្ថិតនៅ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ខាងកើតឆៀងខាងត្បូងផ្សារធំតាកែវ បើកលេងបានយ៉ាងរលូន ដោយគ្មានការរំខានពីកម្លាំងសមត្ថកិច្ចក្រុង ឬអាជ្ញាធរពាក់ព័ន្ធឡើយ លើសពីនេះទៀតលោកអធិការនគរបាលក្រុងដូនកែវ សុំឲ្យអ្នកកាសែតជួយប្រាប់ទីតាំងគាត់ផង ព្រោះស្រវាំងមើលមិនឃើញទេ។
បើយោងតាមសំដីក្រុមអ្នកញៀន.ល្បែងស៊ីសងបានប្រាប់អង្គភាពសារព័ត៌មានថា ក្នុងមួយថ្ងៃៗមានអ្នកចាញ់ប្រាក់អស់ចាប់ពី៣០០ដុល្លារ (300$) រហូតដល់ទៅ១០០០ដុល្លារ (1000$) ទៅលើល្បែងភ្នាល់តាមអនឡាញនៅទីតាំងដុះស្លែខាងលើនេះ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកលេងល្បែងថែមទាំងខ្សឹបប្រាប់ទៀតថា កន្លែងលេងល្បែងដុះស្លែមួយនេះ មានខ្នងបង្អែកក្រាស់ៗនៅពីក្រោយខ្នង ទើបពួកគេមានភាពកក់ក្តៅ និងចូលទៅលេង ដោយអត់ខ្លាចប៉ូលិសក្រុងដាច់ខាត។
ហើយពាក់ព័ន្ធករណីកើតមានបើកទីតាំងលេងល្បែងតាមអនឡាញយ៉ាងច្រើនបែបនេះ ជាកត្តាបណ្តាលឲ្យកើតមានអំពើ ចោរលួច ចោរឆក់ ចោរប្លន់ អស្ថេរភាពសន្តិសុខនៅតាមមូលដ្ឋាន។ តើភូមិ-ឃុំមានសុវត្ថិភាពនៅត្រង់ណា?
ពលរដ្ឋបានសុំសំណូមពរទៅលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការថ្មីនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏ដូចជា លោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ មានចំណាត់ការខ្លះផង ចំពោះរឿងនេះ ព្រោះវាជាក្តីបារម្ភរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជុំវិញទីតាំងល្បែងអនឡាញជាច្រើនក្នុងក្រុងដូនកែវនេះ លោក ឥណ្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះថា សុំអ្នកកាសែតជួយប្រាប់ទីតាំងផង ព្រោះលោកអត់បានដឹង ហើយបើចង់ចុះផ្សាយគួរនិយាយគ្នាសិនទៅ ព្រោះសុទ្ធតែគ្នាឯងទេ… ហេ! ហេ!។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ