ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវ​ទេសចរ​សរុប​ជាង​១​លាន​នាក់បានដើរកម្សាន្តឆ្លងឆ្នាំ ក្នុង​នោះ​​ភ្នំពេញ និង​ខេត្តសៀមរាប មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២១​ឆ្លង​ចូល​២០២២ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​១​លាន​១​សែន​នាក់ ក្នុង​នោះ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២១​ឆ្លង​ចូល​២០២២ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​១​លាន​១​សែន​នាក់ ក្នុង​នោះ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ស្ថិតិ​ភ្ញៀវ​ទេសចរ​នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២១ ឆ្លង​ចូល ២០២២ (​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ឆ្លង​ចូល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២) ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​១,១៤៥,១៤១​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១,១៣៩,៣៨៧​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​៥,៧៥៤​នាក់ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​អំពី​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​៖
រាជធានី​ភ្នំពេញ​មាន ៣៦៥,៦៥៣​នាក់ ខេត្តសៀមរាប​មាន ១៨៩,៤៣៦​នាក់ ខេត្តកំពត​មាន ៩៦,១៣៨ នាក់ ខេត្តកំពង់ស្ពឺ​មាន ៨០,១០០​នាក់ ខេត្តកំពង់ឆ្នាំង​មាន ៧១,៨៦៩​នាក់ ខេត្ត​កែប​មាន ៦៦,១៣៥​នាក់ និង​ខេត្ត​ព្រះ​សី​ហនុមាន​៥៥,៧១៧​នាក់ ។

លោក​បញ្ជាក់​ថា យោង​តាម​តួលេខ​ខាងលើ​ឃើញ​ថា មានការ​កើនឡើង​ដល់​ទៅ ៦៣.៦៥% ធៀប​នឹង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២០​ឆ្លង​ចូល​២០២១ ។

ចំពោះ​រាជធានី​ភ្នំពេញ តាម​ការ​វាយតម្លៃ​បឋម​របស់​អាជ្ញាធរ មាន​ប្រជាពលរដ្ឋ​ជាង​៣៦​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅ​គោលដៅ​សំខាន់​ៗ ដូច​ជា នៅ​តំបន់​កោះ​ពេជ្រ មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វា វិមាន​ឈ្នះ​-​ឈ្នះ និង​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាដើម ។

គោលដៅ​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​ប្រទេស​សុទ្ធតែ​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​យ៉ាង​ផុសផុល ។ បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ រី​ស៊​ត និង​បឹង​ហ្កា​ឡូ ត្រូវ​បាន​ភ្ញៀវ​កក់​ស្ទើរ​ពេញ ១០០% ខណៈ​ដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ផ្សេង​ៗ​ក៏​បាន​បើក​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ​កាន់តែ​ច្រើន​ឡើង ។


ដោយឡែក ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ជ្រើសរើស​យក​ការ​ជួបជុំ​នៅ​តាម​គេហដ្ឋាន ដោយ​មានការ​ទទួលទាន​អាហារ​-​ភេសជ្ជៈ ច្រៀង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​-​មិត្តភក្តិ ខ្លះ​ទៀត​ក៏​បាន​ចេញ​ទៅ​ដើរ​កម្សាន្ត និង​ជួបជុំ​ឆ្លង​ឆ្នាំ​នៅ​តាម​ភោជនីយដ្ឋាន​ផាប់ (Pub) និង Sky Bar នានា​។
លោក​ថា គ្រប់​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បាន​ខិតខំ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) ក្រោម​ការ​ចុះ​ពិនិត្យ អប់រំ និង​ណែនាំ​ពី​រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ទេសចរណ៍​ទាំង​២៥​រាជធានី​-​ខេត្ត​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បន្ត​ទៀត​ថា ចំពោះ​ការ​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ជាដើម​មាន​ភាពល្អ​ប្រសើរ មិន​មាន​បញ្ហា ឬ​ការ​រំខាន​ណាមួយ​កើតឡើង​គួរ​កត់សម្គាល់​ទេ​នៅ​យប់​ឆ្លង​ឆ្នាំ​នេះ ដោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​បាន​រៀបចំ​កម្លាំង​ប្រចាំការ​នៅ​តាម​ទីតាំង​សំខាន់​ៗ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

លោក​ថោ​ង ខុន​បន្ថែម​ថា​បន្ទាប់​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​នេះ​ហើយ ភ្ញៀវ​ទេសចរ​និង​ប្រជាពលរដ្ឋ​នឹង​បន្ត​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​រហូត​ដល់​ចុង​ស​ប្តា​ហ៍​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ