ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មីន​ប៉ើង​ចេញពី​ក្នុង​ដីចំការ អ្នក​បើក​ត្រាក់ទ័រ និង​ម្ចាស់​ចំការ​ព្រលឹង​ចុង​សក់

2 ឆ្នាំ មុន
  • បាត់ដំបង

គ្រាប់​មីន «​ស្គរ​» ចំនួន​០២​គ្រាប់ បាន​ប៉ើង​ចេញពី​ក្នុង​ដីចំការ ខណៈ​ពេល​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តបាត់ដំបង ៖ គ្រាប់​មីន «​ស្គរ​» ចំនួន​០២​គ្រាប់ បាន​ប៉ើង​ចេញពី​ក្នុង​ដីចំការ ខណៈ​ពេល​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​ដំបង ស្ថិត​ក្នុងភូមិ​អូរ​ធំ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ដែល​ធ្វើ​ឱ្យ​អ្នក​បើក​ត្រាក់ទ័រ និង​ម្ចាស់​ចំការ​ភ័យ​ព្រលឹង​ចុង​សក់​។

បើ​តាម​នាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ភ្នំព្រឹក លោក អៀ​ប ម៉ៅ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ចំការ​ខាងលើ​មានឈ្មោះ សុខ នី​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ​នៅ​ក្នុង​ដីចំការ​របស់​គាត់ ខណៈ​ពេល​កំពុង​ភ្ជួរ​ត្រាក់ទ័រ​។ ភ្លាម​ៗ​នោះ គាត់​បាន​រាយការណ៍​ទៅ​លោក​មេ​ភូមិ ហើយ​លោក​មេ​ភូមិ​ក៏​បាន​ផ្ដល់​ព័ត៌មាន​នេះ​បន្ត​មក​រូប​លោក ដើម្បី​ជួយ​ពិនិត្យ និង​មាន​ចំណាត់ការ​បន្ត​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង វា​ជា​ប្រភេទ​គ្រាប់​មីន «​ស្គរ​» ដែល​មាន​សញ្ញា​លេខបូក ហើយ​នៅ​មានគុណ​ល្អ​។

ម្ចាស់​ចំការ​ខាងលើ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា គ្រាប់​មីន​នោះ បាន​ផុស​ឡើង​នៅ​ពេល​គាត់​ភ្ជួរ​ត្រាក់ទ័រ តែ​ជា​ដី​ដែល​គាត់​បាន​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ​។ គាត់​និយាយ​ថា ជា​រៀង​រាល់​ឆ្នាំ គាត់​តែងតែ​ប្រើប្រាស់​ត្រាក់ទ័រ​ភ្ជួរ តែ​មិន​ធ្លាប់​ប្រទះ​ឃើញ​គ្រាប់​មីន​បែប​នេះ​ទេ លុះ​នៅ​ឆ្នាំ​នេះ​ស្រាប់តែ​ភ្ជួរ​ចេញ​គ្រាប់​មីន​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​។

ចំណែក​លោក អៀ​ប ម៉ៅ មេ​ប៉ុស្ដិ៍​ភ្នំព្រឹក ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រវត្តិ​តំបន់​នោះ គឺជា​អតីត​សមរភូមិ​សង្គ្រាម​ដ៏​ក្ដៅ​គគុក​កាលពី​អំឡុង​ចន្លោះ​ទស​វត្ស​ឆ្នាំ​៨០ និង​៩០ ដូច្នេះ​ហើយ​ទើប​មាន​គ្រាប់​មីន​នៅ​សេសសល់​ក្នុង​ដី​បែប​នេះ​។

ប៉ុន្តែ​យ៉ាងណា លោក​មេ​ប៉ុស្ដិ៍​រូប​នេះ​ក៏​បាន​ប្រាប់​ដែរ​ថា លោក​បាន​រាយការណ៍​ជូន​ទៅ​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក​ហើយ​។ ឮ
ហើយ​ពេល​នេះ​មន្ត្រី​របស់​លោក និង​លោក​មេ​ភូមិ បាន​ប្រើ​ខ្សែ​ចង​ហ​ហ៊ុម​ព័ទ្ធ ដើម្បី​រង់ចាំ​មន្ត្រី​ស៊ី​ម៉ាក់ ចុះ​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ស្អែក​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ