ខេត្តកំពង់ឆ្នាំង៖ ទំនប់ឈ្វាំង គឺជាគោលដៅមួយ ក្នុងចំណោមគោលដៅជាច្រើន ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំឲ្យមានការប្រគំតន្ត្រី និងបាញ់កាំជ្រួច ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល នាយប់ថ្ងៃទី៣១ធ្នូ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ទំនប់នេះ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពីការស្ដារ និងកសាង កែលម្អជាច្រើនលើក ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ទំនប់ឈ្វាំង ដែលដើមឡើយ គ្រាន់តែជាទំនប់ទប់ទឹកបង្ហៀរ សម្រាប់ស្រោចស្រពផ្ទៃស្រែរបស់ប្រជាពលរដ្ឋ តែពេលនេះ បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះតែអាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់ក្រសួង បានកែលំអរ ដោយដាំដើមឈើ ដាក់អំពូលភ្លើង រៀបចំសួនច្បារ មានកន្លែងអង្គុយលេងយ៉ាងស្រស់ស្អាត មិនចាញ់សួនច្បារនានា ក្នុងខេត្តកំពង់ឆ្នាំងឡើយ។
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកលេងកំសាន្ត យ៉ាងសប្បាយរីករាយ រាល់ពេលល្ងាច និងពេលរាត្រី ដោយការពិសារអាហារ បាញ់កាំជ្រួច និងរាំលេងកម្សាន្ត។
លោកយាយ ឆុន ម៉ៃ អាយុ ៨១ឆ្នាំ មានទីលំនៅ ក្នុងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ដែលនៅមិនឆ្ងាយពីទំនប់ឈ្វាំង បានសម្ដែងទឹកចិត្តរីករាយ និងផ្ដល់កិច្ចសម្ភាសន៍ នារាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា លោកយាយ រស់នៅទីនេះ យូរយាណាស់មកហើយ មិនដែលឃើញការអភិវឌ្ឍបែបនេះនោះទេ។ កាលដើមឡើយ ទំនប់ឈ្វាំង គឺគ្រាន់តែជាបឹងមួយ និងមានដីដុះកណ្ដាលបឹង និងមានព្រៃស៊ុបទ្រុប មើលទៅដូចជាបឹងធម្មតា។ ប៉ុន្តែពេលនេះ ឃើញមានការអភិវឌ្ឍ ដោយមានការដាំដើមឈើជុំវិញបឹង មានការដាក់អំពូលភ្លើងបំភ្លឺ ជុំបឹង ដាក់អំពូលភ្លើងពណ៌ លំអរ ក្នុងច្បារ មានសង់ខ្ទមអ្នកតា និងមានដាក់កៅអីអង្គុយកម្សាន្តជុំវិញបឹងផងដែរ។
ជាមួយគ្នានោះ ស្ត្រីម្នាក់ទៀត ដែលមកជាមួយលោកយាយ ក៏បានសម្តែងទឹកចិត្តសប្បាយរីករាយ ហើយសំណូមពរ ដល់បងប្អូន ដែលមកចូលរួមកំសាន្ត សូមថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវចោលសំរាមផ្ដេសផ្ដាសនោះឡើយ។
លោក យ៉ង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ទំហំផ្ទៃបឹងទំនប់ឈ្វាំង ទាំងមូល មានជាង ៣៣ហិកតា។ ទំនប់នេះ ត្រូវបានកសាងមិនស្ដារឡើងវិញ ជាច្រើនដំណាក់កាល តាំងពីឆ្នាំ២០០៤ មកម្ល៉េះ ទើបមកដល់ពេលនេះ រួចរាល់ជាស្ថាពរ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានទិញដីជាប់ពីខាងត្បូងបឹង ពីប្រជាពលរដ្ឋ ៣គ្រួសារបន្ថែមទៀត ហើយបានកសាងសួនច្បារ រួចរាល់ ជាស្ថាពរ និងដាក់អំពូលភ្លើងលំអរ ត្រៀមទទួលឆ្លងឆ្នាំសកល ឆ្នាំ២០២២នេះ។
ក្នុងនាមអាជ្ញាធរស្រុក លោក យ៉ង់ សៅវុទ្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមកចូលរួមលេងកម្សាន្ត ឲ្យបានច្រើនកុះករ ក្នុងកម្មវិធីឆ្លងឆ្នាំសកល ដែលមានការប្រគំតន្ត្រី បាញ់កាំជ្រួច និងរាំលេងកំសាន្តផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំគោលដៅច្រើនកន្លែង សម្រាប់អបអរសាទរឆ្នាំសកល ដូចជា សួនច្បារដើមពោធិ៍ សួនកុមារ សួនសម្តេចចៅហ្វាវាំង គង់ សំអុល និងសួនទំនប់ឈ្វាំង ដើម្បីរៀបចំការប្រគុំតន្ត្រី មិងបាញ់កាំជ្រួច អបអរបុណ្យឆ្លងឆ្នាំសកល យប់ថ្ងៃទី៣១ ខែធ្នូ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ