រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីស្អាតនាង អាង សូនីតា បានសម្រេចក្តីស្រមៃដោយបានចូលរោងការជាផ្លូវការហើយ ជាមួយនឹងបុរសសង្ហាដែលជាមន្ត្រីរាជការមួយរូប បន្ទាប់ពីតារារូបនេះ ធ្លាប់បានពើបប្រទះនូវការខកចិត្តរឿងស្នេហានេះកាលពីកន្លងទៅ។
ពិធីមង្គលការបស់ស្រីស្អាត អាង សូនីតា បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានចូលរួមពីសាច់ញាតិ និងមិត្តភក្តិទាំងសងខាង បើទោះបីជាមង្គលការរបស់នាងនាពេលនេះ ហាក់មិនសូវមានវត្តមានអ្នកសិល្បៈច្រើនចូលរួមដូចមង្គលការអ្នកសិល្បៈផ្សេងទៀតក៏ដោយ។
អាង សូនីតា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ស្វាមីរបស់នាងមានវ័យ៣៤ឆ្នាំ ហើយជាមន្ត្រីរាជមួយរូបធ្វើការនៅក្រសួងវប្បធម៌ ពាក់ព័ន្ធផ្នែកសិល្បៈគ្រប់ទម្រង់ ខណៈពេលដែលនាង និងស្វាមីបានស្វែងយល់ចិត្តគ្នាទៅវិញទៅមកប្រមាណជាង១ឆ្នាំ ទើបសម្រេចចិត្តរៀបការនាពេលនេះ។
នាងបញ្ជាក់ថា មូលហេតុសំខាន់ដែលនាងសម្រេចចិត្តជ្រើសរើសបុរសខាងលើ ជាស្វាមីនោះគឺដោយសារគាត់ស្រឡាញ់នាង មិនប្រកាន់នូវរឿងអតីតកាលរបស់នាង ហើយគាត់អាចចូលមកក្នុងជីវិតរបស់នាងនៅពេលដែលនាងកំពុងតែពិបាក ជាពិសេសគាត់ធ្វើឲ្យនាងសប្បាយ និងជឿជាក់លើខ្លួនឯងឡើងវិញ។
នាងបន្ថែមថា អ្វីដែលសំខាន់នោះ គឺស្វាមីរបស់នាងបានលើកទឹកចិត្ត និងកែប្រែចំណុចខ្វះខាតចំពោះគ្នាទៅវិញទៅមក ហើយពិសេសជាងនេះ គឺគាត់បានបើកចំហរឲ្យនាងបន្តអាជីពសិល្បៈដោយមិនប្រកាន់ ខណៈពេលដែលរូបគាត់ក៏ជាអ្នកធ្វើកិច្ចការងារលើផ្នែកសិល្បៈនេះដួចគ្នា។
យ៉ាងណា បើតាមស្រីស្អាត អាង សូនីតា ថា បន្ទាប់ពីចូលរោងការតាមបំណងហើយនោះ អ្នកទាំងពីរនៅមិនទាន់ចង់កូនភ្លាមៗនោះឡើយ ដោយសារពួកនាងត្រូវពង្រឹកការងារឲ្យរឹងមាំជាងនេះបន្ថែមទៀត ជាពិសេសនាងត្រូវទទួលខុសត្រូវលើការងារផ្នែកកសិកម្មដែលនាងកំពុងបំពេញនាពេលបច្ចុប្បន្ននេះ។
ជាការកត់សម្គាល់ អាង សូនីតា ទើបតែត្រឡប់វិលរកការសម្តែងជាថ្មីឡើងវិញក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីនាងបានបាត់ខ្លួនមួយរយៈពីអាជីពនេះ ក្រោយរងព័ត៌មានរឿងបែកបាក់ស្នេហាដែលធ្លាប់បានសាងជាមួយនឹងបុរសអ្នកជំនាញមួយរូប។
ទោះបីជាយ៉ាងណា ក្រោយពីលេចលឺដំណឹងបែកបាក់នោះមក អាង សូនីតា ក៏បានបង្ហាញវត្តមានមករកការសម្តែងជាថ្មីឡើងវិញ ខណៈពេលដែលការវិលវិញជាថ្មីនេះ តារារូបនេះក៏នៅតែមានទីផ្សារការងារសិល្បៈច្រើនផងដែរ តាមរយៈការសម្តែងក្នុងខ្សែភាពយន្តជាបន្តបន្ទាប់។
បើទោះបីជាកន្លងមក អាង សូនីតា ធ្លាប់សារភាពពីរឿងរ៉ាវបែកបាក់ស្នេហារបស់នាងក៏ដោយ ប៉ុន្តែនាងបានបដិសេធចំពោះការលើកឡើងមួយចំនួនដែលថា នាងបានវិលមកសិល្បៈដោយសារបែកបាក់ស្នេហានោះ គឺមិនពិតឡើយ ពោលគឺការងារសិល្បៈនេះ នាងនៅតែស្រឡាញ់ ទើបនាងមិនអាចបោះបង់ចោលត្រឹមនេះឡើយ។
នាងបញ្ជាក់ថា ការងារខាងក្រៅ នាងនៅតែធ្វើ ចំណែកការងារសិល្បៈនាងក៏នឹងមិនបោះបង់ចោលដែរ ហើយនាងនឹងពង្រឹងបន្ថែមលើការងារសម្តែងនេះឲ្យកាន់តែប្រសើរថែមទៀត បើទោះបីជាពេលនេះនាងមិនទាន់មានពេលច្រើនសម្រាប់ការងារសិល្បៈនេះក៏ដោយ៕
ចែករំលែកព័តមាននេះ