ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​ម្តាយ​ដុត​ទាំង​រស់​ព្រោះ​រត់​តាម​ប្រុស

7 ឆ្នាំ មុន

AFP កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៦ បាន​ផ្សាយ​យោង​តាម​សម្តី​របស់​ប៉ូលិស​បា​៉​គី​ស្ថាន​ឱ្យ​ដឹង​ថា ក្រុង​ឡា​ហ៊័​រ កើត​មានរឿង​រន្ធត់​មួយ គឺ​នារី​ម្នាក់​ត្រូវ​ម្តាយ​ដុត​ទាំង​រស់ ព្រោះតែ​ជ្រើសរើស​បុរស​រៀប​ការ​ដោយ​ចិត្ត​ឯង

AFP កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៦ បាន​ផ្សាយ​យោង​តាម​សម្តី​របស់​ប៉ូលិស​ប៉ា​គី​ស្ថាន​ឱ្យ​ដឹង​ថា ក្រុង​ឡា​ហ៊័​រ កើត​មានរឿង​រន្ធត់​មួយ គឺ​នារី​ម្នាក់​ត្រូវ​ម្តាយ​ដុត​ទាំង​រស់ ព្រោះតែ​ជ្រើសរើស​បុរស​រៀប​ការ​ដោយ​ចិត្ត​ឯង ហើយ​បដិសេធ​ការ​រៀបចំ​របស់​ក្រុម​គ្រួសារ ។

លោក​ហៃ​ដា អាស​រ៉ា​ហ្វ ប៉ូលិស​ប៉ា​គី​ស្ថាន បញ្ជាក់​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា នាង Zeenat Bibi អាយុ​១៦​ឆ្នាំ ត្រូវ​ស្ត្រី​ជា​ម្តាយ​ឈ្មោះ Perveen Bibi ដុត​ទាំង​រស់ បន្ទាប់​ពី​១​ស​ប្តា​ហ៍​ដែល​ពី​នាង​រៀប​ការ​ជាមួយ Hasan នា​ថ្ងៃ​ទី​២៩ ឧសភា ។

ស្ត្រី​ឈ្មោះ Perveen និង​សមាជិកគ្រួសារ បាន​សារភាព​ពី​ការ​បង្ក​បទឧក្រិដ្ឋ​នោះ ខណៈសមត្ថកិច្ច​រឹបអូស​បាន​ភស្តុ​តាង គឺ​ប្រេងសាំង​សម្រាប់​ការ​ដាក់​ដុត​សម្លាប់​នៅ​កន្លែង​កើតហេតុ​។

ប្តី​របស់​នាង Zeenat ផ្តល់​បទ​សម្ភាសន៍​តាម «Geo News» ថា ពួក​គេ​បាន​រត់​តាម​គ្នា និង​បាន​រៀប​ការ​នឹង​គ្នា ។ រយៈពេល​៤​ថ្ងៃ​ក្រោយមក ក្រុម​គ្រួសារ​របស់​នាង Zeenat បាន​ទាក់ទង​ហៅ​នាង​ត្រលប់​ទៅ​វិញ ដោយ​សន្យា​ថា នឹង​រៀប​ការ​ឱ្យ​នាង​ស្រប​តាម​ទំនៀមទម្លាប់ ព្រមទាំង​អនុញ្ញាត​ឱ្យ​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​វិញ ។ ពី​ដំបូង​នាង Zeenat មិន​ចង់​ត្រឡប់​ទៅ​វិញ​ទេ ព្រោះ​ខ្លាច​ឪពុក​ម្តាយ​ធ្វើបាប ឬ​សម្លាប់ ប៉ុន្តែ​ឪពុកធំ​របស់​នាង​បាន​សន្យា​ចំពោះ​សុវត្ថិភាព​ទើប​នាង​សុខចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោក Hasan ជា​ប្តី​ឱ្យ​ដឹង​ថា «​ក្នុង​រយៈពេល​២​ថ្ងៃក្រោយ នាង​បាន​ទូរស័ព្ទ​មក​រក​ខ្ញុំ​ដោយ​ប្រាប់​ថា សមាជិក​ក្នុង​គ្រួ​សារបាន​ក្រឡាស់​ពាក្យ​សម្តី និង​ឱ្យ​ខ្ញុំ​ទៅ​ទទួល​នាង​វិញ​។ ខ្ញុំ​ប្រាប់​ឱ្យ​នាង​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​៨ មិថុនា ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់​នាង​ត្រូវ​គេ​សម្លាប់​បាត់​ទៅ​ហើយ​» ។

ការ​សម្លាប់​ដោយ​សមាជិកគ្រួសារ​បែប​នោះ ត្រូវ​បាន​គេ​ហៅ​ថា «​សម្លាប់​ដើម្បី​កិត្តិយស​គ្រួសារ​» ។ វា​តែងតែ​កើត​ឡើងជា​ញឹកញាប់​នៅ​ប៉ាគី​ស្ថាន ដោយ​ក្នុង​មួយ​ឆ្នាំ​មាន​ស្ត្រី​ជា​ច្រើន​នាក់​ត្រូវ​ក្រុម​គ្រួសារ​សម្លាប់​ដើម្បី​រក្សា​កិត្តិយស​របស់​ក្រុម​គ្រួសារ ៕