ខេត្តបន្ទាយមានជ័យ ៖ ដោយពិការជើងទាំង២និងអង្គុយតែលើរទេះហើយបង្ហូរទឹកភ្នែក ដែលមើលទៅគួរឲ្យសង្វេគយ៉ាងខ្លាំងនោះ យោធិនសោធននិវត្តន៍មួយគ្រួសារនេះត្អូញត្អែរថា ពិបាករស់ណាស់ ព្រោះកាតបើកប្រាក់ខែដាក់បញ្ចាំគេ ឯប្លង់ដីក៏ដាក់បញ្ចាំនៅធនាគារមើលជំងឺប្តី និងចិញ្ចឹមចៅព្រមទាំងកូនកំព្រារហូតដល់៥នាក់នៅក្នុងបន្ទុក ។
គ្រួសារខាងលើនេះ ប្តីឈ្មោះ ហេង វុធ អាយុ៦៣ឆ្នាំ ប្រពន្ធឈ្មោះ ឆាយ គីម អាយុ៦៤ឆ្នាំមានទីលំនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆត្រ ស្ថិតក្នុងភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ។ បុរសជាប្តីដែលសព្វថ្ងៃនេះ ពិការជើងទាំង២និយាយថា គាត់ជាអតីតទ័ពព្រៃ(ប៉ារ៉ា)តាំងពីឆ្នាំ ១៩៧៩ ប៉ុន្តែក្នុងឆ្នាំ១៩៨៤ គាត់បានចូលសារភាព នៅឃុំម្កាក់ ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង បច្ចុប្បន្ន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រោយមក បានបម្រើការងារជាយោធាដដែលនៅកងអន្តរាគមន៍យោធាវរៈ៥១៣ នៃកងពលតូចថ្មើរជើងលេខ៥១ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី ។
គាត់បន្តថា លុះក្នុងសម័យសង្គ្រាមរវាងកម្ពុជានិងថៃ ក្នុងជម្លោះប្រាសាទព្រះវិហារនាឆ្នាំ២០០៨ គាត់បានជួបគ្រោះអកុសលដើរប៉ះខ្សែមីន៦៩ បណ្តាលឲ្យផ្ទុះ ប៉ុន្តែមិនដាច់ជើងទេ គឺត្រឹមរបួស ភ្លៅខាងឆ្វេង ក្នុងពេលចុះបេសកកម្មនៅខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ប៉ុន្តែដោយសារមានជំងឺទឹកនោមផ្អែមធ្ងន់ គាត់ត្រូវកាត់ជើងចំនួន៥ដង ដែលលើកទី១កាត់ជើងឆ្វេងត្រឹមប្រអប់ជើង លើកទី២កាត់ត្រឹមស្មងជើង និងលើកទី៣កាត់ត្រឹមភ្លៅ ។ ដោយជំងឺគាត់នៅតែមិនជាសះស្បើយ ក៏ត្រូវគេកាត់ជើងស្តាំ២លើកទៀត ដែលលើកទី១កាត់ត្រឹមស្មងជើង និងលើកទី២កាត់ត្រឹមភ្លៅ ។
ថ្វីដ្បិតរូបគាត់ត្រូវបានកាត់រំសាយជាយោធិនសោធននិវត្តន៍ ប៉ុន្តែគាត់ទទួលបានរបបដីពីរាជរដ្ឋាភិបាល១ឡូត៍ទំហំ១០០ម៉ែត្រគុណនឹង ១៥០ម៉ែត្រ និងប្រាក់របបសោធននិវត្តន៍១ខែ ២លាននិង២០ម៉ឺនរៀល ។ ចំណែកប្រពន្ធគាត់បានរៀបរាប់ទាំងស្រក់ទឹកភ្នែកថា ដោយសារប្តីគាត់ជួបគ្រោះអកុសលជាបន្តបន្ទាប់ដូចបានរៀបរាប់ខាងលើ ទើបកន្លងមកបង្ខំចិត្តយករបបយោធិនសោធននិវត្តន៍ ដែលជាអាយុជីវិតរបស់គ្រួសារទៅដាក់បញ្ចាំគេចំនួន២ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ទើបបានរបបប្រាក់ខែនោះមកវិញ ។
មិនតែប៉ុណ្ណោះ សូម្បីប្លង់ដីកន្លែងរស់នៅបច្ចុប្បន្នក៏យកទៅដាក់បញ្ចាំនៅធនាគារ១ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីយកប្រាក់មើលថែប្តី ដែលត្រូវវះកាត់ជើងម្តងហើយម្តងទៀត និងចិញ្ចឹមកូនកំព្រាអាយុ១៤ឆ្នាំម្នាក់ និងចៅប្រុសស្រី៤នាក់ផ្សេងទៀត សរុប៥នាក់នៅក្នុងបន្ទុក ។ គ្រួសារពិការខាងលើ បានលើកដៃសំពះអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសពិសេសថ្នាក់ដឹកនាំ សូមមេត្តាជួយដល់គ្រួសារគាត់ផងដើម្បីជីវិតចុងក្រោយ ៕
ចែករំលែកព័តមាននេះ