ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះ បានបើកយុទ្ធនាការ ត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ តាមព្រំដែនខ្មែរថៃ។ ប្រតិបត្តិការនេះ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពី ប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមខ្សែបន្ទាត់ព្រំដែន ធ្វើឡើងនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាគោលដៅទី៣ នៅលើផ្លូវជាតិលេខ៥៩ ស្ថិតនៅចំណុច មុខទីបញ្ជាការដ្ឋានវរសេនាតូចការពារពញរំដែនគោកលេខ៨១៥ ភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងារដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ), លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ រូបលោកផ្ទាល់ និងលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុកម៉ាឡៃ ,លោកអធិការ និងលោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ រួមទាំងមន្ត្រីក្រោមឱវាទ សរុបចំនួន ៥៧នាក់។
លោក វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា ប្រតិបត្តិការនេះ យើងបានត្រួតពិនិត្យលើរថយន្តធុនធំ ៣២គ្រឿង រថយន្តទេសចរណ៍ ៨៩គ្រឿង ទោចក្រយានយន្ត ៨៩គ្រឿង។ ជាលទ្ធផលនៃត្រួតពិនិត្យនេះមិនបានរកឃើញសារធាតុញៀន ឬសារធាតុគីមី ដែលអាចផលិតជាសារធាតុញៀនឡើយ៕ ណុប រក្សា
ចែករំលែកព័តមាននេះ