នៅសម័យកាលមិនយូរប៉ុន្មាន មុនពេលដែលព្រះបាទត្រសក់ផ្អែមបានឡើងសោយរាជ្យ ប្រទេសកម្ពុជាបានជួបវិបត្តិសាសនាមួយយ៉ាងធ្ងន់ ដែលជាហេតុធ្វើឱ្យស្តេចផែនដី និងមន្ត្រី ធំៗដែលកាន់ព្រហ្មញ្ញសាសនា និងប្រជានុរាស្ត្រទៅទៅ ដែលនិយមគោរពព្រះពុទ្ធសាសនាឃ្លាតឆ្ងាយពីគ្នា ។ តាត្រសក់ផ្អែមជាកសិករ និងជាពុទ្ធសាសនិកម្នាក់ដែលមានប្រជាប្រិយភាពធំធេងក្នុងចំណោមប្រជារាស្ត្រ ព្រោះគាត់ជាមនុស្សស្លូតបូត ហើយឆ្លាតវាងវៃផង ។ ក្នុងការសម្រាកពីមុខរបរចិញ្ចឹមជីវិត តាត្រសក់ផ្អែមតែងតែនាំអ្នកស្រុកលេងមហោស្រពនានា ដែលនាំឱ្យកេរ្តិ៍ឈ្មោះរបស់គាត់កាន់តែល្បី និងមានអ្នកស្រុកជិតឆ្ងាយ គោរព ស្រឡាញ់គាត់យ៉ាងច្រើនទៀតផង ។ ថ្ងៃមួយដោយឃើញថា ភោគផលកសិកម្មរបស់គាត់បានផលល្អ តាត្រសក់ផ្អែមក៏បេះត្រសក់ខ្លួនយកទៅថ្វាយព្រះរាជា និងបាននាំមហោស្រព គឺល្ខោន របាំនានា ទៅសម្តែងថ្វាយស្តេចផែនដីទៀតផង ។ ព្រះរាជាទ្រង់សព្វព្រះរាជហឫទ័យនឹងត្រសក់ដែលមានរសជាតិផ្អែមឆ្ងាញ់ពិសេសរបស់គាត់ណាស់ ហើយក៏ទ្រង់ចេញព្រះរាជបញ្ជាហាមមិនឱ្យតាត្រសក់ផ្អែមបេះត្រសក់យកទៅលក់ដូរ ឬក៏ឱ្យទៅអ្នកណាម្នាក់ឡើយ ។ មិនតែប៉ុណ្ណោះដើម្បីរក្សាចម្ការត្រសក់នេះ ព្រះរាជាបានប្រទានលំពែងមួយដែលស្លឡើងដោយថ្មកាយសិទ្ធិ គឺជាលំពែងដ៏មានឫទ្ធិដល់តាត្រសក់ផ្អែម ។ ដើម្បីសាកល្បងថា តើតាត្រសក់ផ្អែមមានភក្តីភាពចំពោះបន្ទូលរបស់ព្រះអង្គ ឬក៏អត់ ? យប់មួយនោះព្រះអង្គទ្រង់គង់លើសេះជាជំនិះ ហើយទ្រង់នាំទាំងពលសេនាឯទៀតទៅឃ្លាំមើល រួចលបចូលទៅក្នុងចម្ការត្រសក់ ។
គាប់ជួនពេលនោះ តាត្រសក់ផ្អែមកំពុងតែមើលមហោស្រពស្រាប់តែក្រឡេកទៅឃើញមនុស្សលួចចូលក្នុងចម្ការ គាត់នឹកគិតថាជាចោរ ក៏លើកលំពែងឡើង ហើយពួយទៅក្នុងចម្ការត្រង់កន្លែងដែលមនុស្សលបចូលនោះ ។ លំពែងបានហោះទៅចាក់ត្រូវចំព្រះរាជាសុគតក្នុងពេលនោះទៅ ។ ដោយព្រះរាជាអង្គនោះគ្មានព្រះរាជបុត្រនឹងស្នងរាជបន្តពីព្រះអង្គ…ពួកសេនាបតីមន្ត្រីទាំងពួង ក៏លើកតាត្រសក់ផ្អែមឱ្យឡើងសោយរាជ្យ ។
ដោយសារដើមកំណើតរបស់ព្រះអង្គជាតិជាកសិករ និងជាពុទ្ធសាសនិក ចូលចិត្តពលកម្ម ស្រឡាញ់ធម្មជាតិ ស្រណោះស្រណោកជីវភាពស្រែចម្ការ ដែលព្រះអង្គធ្លាប់បានភពព្រសព្វរាល់ថ្ងៃ ក្នុងពេលបានឡើងសោយរាជ្យក្នុងបុរីមហានគរ ព្រះបាទត្រសក់ផ្អែមបានចាត់ចែងឱ្យសិល្បករ ជំនិតៗរបស់ព្រះអង្គច្នៃប្រឌិតបង្កើតស្នាដៃសិល្បៈដែលមានភាពស្វាហាប់ ហើយលើកយករឿងរាមកេរ្តិ៍ដែលជារឿងមានប្រជាប្រិយភាពធំធេងក្នុងសង្គមខ្មែរ ទាំងក្នុងចំណោមអ្នកកាន់ព្រហ្មញ្ញសាសនា ទាំងអ្នកកាន់ព្រះពុទ្ធសាសនា ទាំងអ្នកមានជំនឿទៅលើអារក្សអ្នកតា ដែលជាជំនឿរបស់ខ្មែរដើមយកមកសម្តែង ផង។ គឺចាប់ពីពេលនោះមកហើយ ដែលល្ខោន ឬល្ខោនពាក់មុខដែលមានសុទ្ធតែសិល្បករ ប្រុសៗជាអ្នករាំបានចាប់កំណើតឡើង ។
ដូចបានជំរាបបញ្ជាក់ខាងលើម្តងរួចមកហើយថា រឿងរ៉ាវទាំងពីរដែលទាក់ទិននឹងប្រភពកំណើតល្ខោនខោល ដែលបានរៀបរាប់ដូចខាងលើ យើងសង្កេតឃើញមិនមានឯកសារណា កត់ត្រាឱ្យបានច្បាស់លាស់ជាភស្តុតាងទេ…ប៉ុន្តែវាជារឿងនិយាយ តៗគ្នា ពីជំនាន់មួយទៅជំនាន់មួយទៀត តាមការនិយមរបស់ប្រជារាស្ត្រខ្មែរតែប៉ុណ្ណោះ ។
ម្យ៉ាងទៀតទម្រង់ល្ខោនប្រុសនេះ មិនមែនមាននៅតែប្រទេសកម្ពុជាយើងនេះទេ ។ យើងសង្កេតឃើញមាននៅក្នុងប្រទេសនានាជាច្រើន ដែលធ្លាប់មានអារ្យធម៌ដ៏ចំណាស់ និងរីកចំរើនដូចជាប្រទេសឥណ្ឌា និងប្រទេសជប៉ុនជាដើម។
(នៅមានត)
ចែករំលែកព័តមាននេះ