ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បរិច្ចាគ​២​លាន​ដុល្លារ​ធ្វើ​ផ្លូវ ខេមរៈ សិរីមន្ត ត្រូវ​អ្នកគាំទ្រ​ជូនពរ​ឲ្យ​ក្លាយជា​ឧកញ៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​នៅ​ពេល​គេ​បានឃើញ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បរិច្ចាគ​លុយ​ផ្ទាល់ខ្លួន​ចំនួន​២​លាន​ដុល្លារ សម្រាប់​ការ​ធ្វើ​ផ្លូវ និង​ស្តារ​ប្រឡាយ​មួយ​កន្លែង ស្ថិត​ក្នុង

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​នៅ​ពេល​គេ​បានឃើញ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បរិច្ចាគ​លុយ​ផ្ទាល់ខ្លួន​ចំនួន​២​លាន​ដុល្លារ សម្រាប់​ការ​ធ្វើ​ផ្លូវ និង​ស្តារ​ប្រឡាយ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ជាទី​ដែល​លោក​កំពុង​បោះ​វិនិយោគទុន​ពុះ​ដី​ឡូ​តិ៍លក់​។

ក្រោយ​ពី​ឃើញ​មានការ​បរិច្ចាគ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល​នា​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​មហាជន ជា​ពិសេស​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​លោក ខេមរៈ សិរីមន្ត មួយ​ចំនួន​បាន​ជូនពរ​ឲ្យ​តារា​រូប​នេះ​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ឆាប់​ៗ​នេះ​។

«​ជូនព​បងប្រុស​ឡើង​ឧកញ៉ា ឆាប់​ៗ!» «​ជិត​ឡើង​ងារ​ជា​ឧកញ៉ា​ហើយ​! សម្រាប់​ខ្ញុំ​មិន​មាន​លទ្ធភាព​ទេ សម្រាប់​ទឹកប្រាក់​រហូត​ដល់​២​លាន​ដុល្លារ តែ​ខ្ញុំ​រីករាយ និង​រំភើប​ចំពោះ​ទឹកចិត្ត​ប្រពៃរ​បស់បង​មន្ត ក្នុង​កិច្ចការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​» «​ទឹកចិត្ត​ប្រពៃ​ណាស់​​បង ជូនពរ​បងប្រុស​ឡើង​ងារ​ជា​ឧកញ៉ា​ឆាប់​ៗ !» «​តែ​ប៉ុណ្ណេះ​ឡើង​ឧកញ៉ា​ដី​ឡូ​តិ៍​ហើយ idol» ទាំង​អស់នេះ គឺជា​សារ​ក្នុង​ចំណោម​សារ​ជា​ច្រើន​ទៀត ដែល​ប្រិ​យ​មិត្ត​គាំទ្រ​ខំ​មិន​នៅ​ពីក្រោយ​រូបភាព​នៃ​ការ​បរិច្ចាគ​ថវិកា​២​លាន​ដុល្លារ​របស់​លោក ខេមរៈ សិរីមន្ត​។

ជាមួយនឹង​ការ​បង្ហោះ​លិខិត​ថ្លែងអំណរគុណ​ពី​សំណាក់​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ដែរ​ថា «​ការ​ជួយ​ដល់​សង្គម​ជាតិ និង​ប្រជាជន​យើង គឺជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា​»​។

លោក​បញ្ជាក់​ថា «​ថវិកា 2,000,000$ (​ពីរ​លាន​ដុល្លារ​) ជា​ថវិកា​ដ៏​ច្រើន​សំរាប់​ខ្ញុំ តែ​ខ្ញុំ​រីករាយ​នឹង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កសាង​នៅ​ផ្លូវ និង​ប្រឡាយ​ទឹក​ជួយ​សម្រួល​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​រស់នៅ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ និង​ទូ​ទាំង​ប្រទេស​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»​។

ដោយឡែក បើ​យោង​តាម​លិខិត​ថ្លែងអំណរគុណ​ដែល​មាន​ហត្ថលេខា​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បាន​បញ្ជាក់​ថា «​ថវិកា​ចំនួន​២​លាន​ដុល្លារ​ដែល​ជា​ជំនួយ​របស់​លោក ខែ​ម ប៊ុ​ន​ថៃ (​ឈ្មោះ​ពិត​របស់​លោក ខេមរៈ សិរីមន្ត​) គឺ​សម្រាប់​ស្ថាបនា​ផ្លូវ​ប្រវែង​២២​គីឡូម៉ែត្រ និង​កាយ​ប្រព័ន្ធ​ទឹក​ប្រវែង​១២​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អូរ​អំបិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​»​។

យ៉ាងណា តាម​រយៈ​កាយវិការ​ដ៏​សប្បុរសធម៌​របស់​លោក ខេមរៈ សិរីមន្ត នា​ពេល​នេះ ត្រូវ​បាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​នាក់ បាន​កោតសរសើរ​ដល់​តារាចម្រៀង​រូប​នេះ ដែល​មាន​សណ្តាន​ចិត្ត​ដ៏​ប្រពៃ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់​ការ​ស្តារ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្តាល​ខេត្ត​-​រាជធានី នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​សម្រាប់​ការ​ចំណាយ​លើ​ការ​កសាង​ខាងលើ​នេះ​ទេ កាលពី​ពេល​ថ្មី​ៗ​នេះ​លោក ខេមរៈ សិរីមន្ត ក៏​បាន​សហការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ រៀបចំ​ពិធី​ចែក​អំណោយ​ជា​ថវិកា និង​ស្បៀងអាហារ​ជូន​ដល់​សិល្បករ​ចាស់​ៗ​ដែល​មានការ​លំបាក និង​បាត់បង់​សមត្ថភាព​សម្តែង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ