ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅមានត)

7 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» អត្ថាធិប្បាយ​ថា ពាក្យ​ថា «​ខោ​ល​» ឬ «​ល្ខោនខោល​» បើ​តាម​សង្ឃដីកា​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​បាន​កត់​ទុក​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ​ឆ្នាំ​១៩៦៧

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» អត្ថាធិប្បាយ​ថា ពាក្យ​ថា «​ខោ​ល​» ឬ «​ល្ខោនខោល​» បើ​តាម​សង្ឃដីកា​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​បាន​កត់​ទុក​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១០២​ថា ៖ ខោល​គឺជា​ពួក​ល្ខោន​ប្រុស រឿង​«​រាមកេរ្តិ៍ » ។

ចំពោះ​លោក​ហ្ស​ក សឺ​ដេ​ស វិញ បើ​តាម​ប្រសាសន៍​របស់​លោក​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ស្រង់​យក​មក​ចុះ​ក្នុង​កម្រង​សិក្សា​កថា «Annale de  l’ URBA No 1» បោះពុម្ព​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១៥៧​ថា​៖  Le mot  Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។
ដូច្នេះ​សម្រាប់​លោក​សឺ​ដេ​ស ល្ខោនខោល​គឺជា «​ល្ខោន​នៃ​របាំ​ស្វា​» ។

ចំណែក​អ្នកឧកញ៉ា​ទេព​ពិ​ទូរ ក្រ​សេ​មគ​ន្ថ​បណ្ឌិត​វិញ នៅ​ក្នុង​ទស្សនាវដ្តី​កម្ពុជ​សូ​រិ​យា​លេខ​៣ ខែមីនា ឆ្នាំ​១៩៤៨ លោក​បាន​ពោល​ថា​៖ «​ចំណែក​ល្ខោនខោល​នោះ គេ​កំណត់​លេង​ចំពោះតែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់​គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេ​យ្យ​សាស្ត្រ គឺ​លេង​រឿង​អវតា «​បែងភាគ​» របស់​ព្រះ​ជា​ម្ចាស់​ដូច​រឿង​រាមកេរ្តិ៍ «​រាមាយណៈ​» សឹង​ជា​ប្រវត្តិ​របស់​ព្រះ​ជា​ម្ចាស់​នោះ​ដើម្បី​ប្រកាស​កិត្តិគុណ សេចក្តី​ខ្លាំងពូកែ និង​ក្លាហាន​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​បែងភាគ​ឱ្យមក​កើត ដូច​យ៉ាង​ព្រះ​រាម​តាម​ក្បួន​ថា លេង​រឿង​ដូច្នេះ​ជា​ហេតុ​ឱ្យ​កើត​មង្គល​សួស្តី ដល់​អ្នកលេង និង​ជាទី​ប្រោសប្រាណ​របស់​ព្រះ​ជា​ម្ចាស់ ទើប​គេ​និយម​លេង​មក​ដល់​ឥឡូវ​នេះ»។

ឯ​ពាក្យ​ខោល​ក្នុង​ជីវភាព​ប្រជាជន​កម្ពុជា​វិញ គេ​និយម​ប្រើ​ពាក្យ​នេះ​សម្រាប់​សម្គាល់​គោ ឬ​ក្របី​ដែល​មាន​ស្នែង​ខ្លី ហើយ​ខុប​ចុះ​ក្រោម ឬ​ក៏​សម្គាល់​សត្វ​កន្ទុយ​ខ្លី ឬ​បើ​មិន​ដូច្នោះ​ទេ បើកាលណា​គេ​និយាយ​ថា​៖ ធ្វើ​អ្វី​មួ​​យ​ខោល​តែ​ម្តង​… នោះ​បាន​សេចក្តី​ថា ធ្វើ​អ្វីមួយ​នោះ គឺ​ធ្វើ​ដោយ​ឥត​បាន​ព្រាង​ទុក ឬ​គិត​ទុកជា​មុន​ឡើយ ពោល​គឺ​គិត​ឃើញ​ភ្លាម ឬ​ជួប​ភ្លាម​ធ្វើ​ភ្លាម​តែ​ម្តង ។

សម្តី​របស់​លោក​អ្នកប្រាជ្ញ​បណ្ឌិត និង​ការ​និយម​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្គាល់​ខោល ឬ​ល្ខោនខោល​នេះ មាន​ន័យ​សមរម្យ​ល្អ​ណាស់ ព្រោះ​បើ​យើង​ពិនិត្យ​មើល​ទម្រង់​ល្ខោនខោល ដែល​សេសសល់​ដល់​យើង​សព្វ​ថ្ងៃនេះ យើង​ឃើញ​ថា​៖ ល្ខោនខោល គឺជា​ល្ខោន​ពាក់​មុខ អ្នក​រាំ​ធ្វើ​កាយវិការ​ឥត​ព្រាង​ទុកជា​មុន ដើម្បី​ត្រាប់​ពាក្យ​សម្តី របស់​អ្នក​ពោល ដែល​ជា​អ្នកមាន​នាទី​ដឹកនាំ​រឿង និង​រៀបរាប់​រឿង ។ ទម្រង់​នេះ​សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួ​​យ​គត់ ដែល​ជា​រឿង​ពោរពេញ​ទៅ​ដោយ​តួអង្គ​យក្ស​ហើយ​និង​ស្វា​។ ឯការ​សម្តែង​វិញ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ត្រស្តិ​សង្ក្រាន្ត គឺ​ពិធី​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ៖ រាំ​ដើម្បី​បំបាត់​ឧបទ្រពចង្រៃ​នៃ​ឆ្នាំ​ចាស់ ហើយ​សុំ​ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​សក្តិ​សិទ្ធិ​ទាំងអស់​ជួយ​ប្រទាន​ស័ព្ទ​សាធុការពរ សេចក្តីសុខ​ចម្រើន សិរី​សួស្តី ជ័យ​មង្គល សុំ​ឱ្យ​បាន​ប្រកប​នឹង​សុភមង្គល និង​សំបូរ​រុងរឿង​ក្នុង​ជីវភាព​ជា​ប្រចាំ​របស់​ប្រជាជន​កម្ពុជា និង​មាន​ពេល​ខ្លះ​ពេល​ដែល​ស្រុក​ទេស​ជួប​វិបត្តិ​គ្រោះ​រាំង​ស្ងួត គេ​ក៏​រាំ​ល្ខោនខោល​ដើម្បី​សុំ​ទឹកភ្លៀង​ផង​ដែរ ។ ម្យ៉ាងទៀត ទម្រង់​ល្ខោនខោល​នេះ ជា​ទម្រង់​ដែល​មាន​សុទ្ធតែ​សិល្បករ​ប្រុស​ៗ​ជា​អ្នក​រាំ សូ​ម្បី​តែ​តួអង្គ​ស្រី​ដូច​ជា​តួ​នាង​សីតា នាង​ម​ណ្ឌោ​គិរី នាង​បុញ្ញ​កាយ ឬ​នាង​សុវណ្ណ​មច្ឆា​ក៏​ដោយ ។

ទម្រង់​ល្ខោន​នេះ បាន​បន្សល់​នូវ​ច​ម្ង​ល់​ដ៏​យូរលង់​មួយ​នៅ​ក្នុង​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​។ គេ​ច្រើន​ចោទសួរ​ថា តើ​មក​ពី​ហេតុ​អ្វី​បានជា​ចាស់​បុរាណ​ខ្មែរ​យក​សិល្បករ​ប្រុស​មក​ឱ្យ​ដើរ​ជា​តួ​ស្រី​ដូច្នេះ ?

ចំពោះ​សំណួរ​ខាងលើ​នេះ យើង​មិនឃើញ​មាន​ចម្លើយ​ណា​ឆ្លើយ​បាន​ច្បាស់លាស់ ឬ​ក៏​កត់ត្រា​ទុកជា​លាយលក្ខណ៍អក្សរ​ទេ ។ ប៉ុន្តែ​ជា​ទូទៅ​យើង​សង្កេត​ឃើញ​មាន​មតិ​ពីរ ដែល​ទាក់ទិន​ទៅ​នឹង​សំណួរ​នេះ ហើយ​បាន​ក្លាយទៅជា​ការ​និយម​និយាយ​បន្ត​គ្នា​តាំងពី​យូរណាស់​មក​ហើយ​រហូត​ដល់​សព្វ​ដែល​ថ្ងៃនេះ​។

(​នៅ​មាន​ត​)