វេបសាយ «UPI» របស់អាមេរិក កាលពីថ្ងៃទី២ មិថុនា ២០១៦ ផ្សាយថា ក្មេងប្រុស Robert អាយុ៦ឆ្នាំ ជនជាតិអាមេរិក រស់នៅក្រុងគ្វីនស៊ី រដ្ឋម៉ាសាឈូសេត បានទូរស័ព្ទទៅលេខ៩១១របស់ប៉ូលិស ក្រោយពេលឃើញឪពុកបើកបររថយន្តឆ្លងកាត់ស្តុបក្រហម មិនគោរពច្បាប់ចរាចរណ៍ ខណៈរូបគេជិះរថយន្តជាមួយម្តាយពីក្រោយ ។ ក្មេងប្រុសប្តឹងប៉ូលិស ព្រោះមិនពេញចិត្តនឹងអំពើរបស់ឪពុកបែបនោះ ។
ប៉ូលិសក្រុងគ្វីនស៊ី បង្ហាញតាមហ្វេសប៊ុករបស់អង្គភាពថា ក្មេងប្រុសម្នាក់នោះរាយការណ៍ពីការប្រព្រឹត្តខុសរបស់ឪពុក ខណៈក្រុមគ្រួសាររបស់គេបើករថយន្តចូលទៅមជ្ឈមណ្ឌលថែទាំរថយន្ត ។ ពេលនោះប៉ូលិសបានសុំនិយាយជាមួយឪពុករបស់គេហើយ គេក៏ហុចទូរស័ព្ទឱ្យឪពុកនិយាយជាមួយប៉ូលិស ។
បុរសជាឪពុកបាននិយាយជាមួយប៉ូលិសទាំងភ័យខ្លាច ហើយសុំទោសអ្វីដែលខ្លួនប្រព្រឹត្តខុសដោយសារភាពថាបានបើកកាត់ភ្លើងស្តុបមែន ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានពិន័យបុរសនោះទេ ៕
ចែករំលែកព័តមាននេះ