AFP ផ្សាយថា អ្នកវិទ្យាសាស្ត្រមួយក្រុមឱ្យដឹងកាលពីថ្ងៃទី៣០ ឧសភា ២០១៦ ថា មានផ្កាថ្មយា៉ងតិច៣៥% នៅភាគខាងជើង និងកណ្តាលនៃប្រជុំផ្កាថ្ម «Great Barrier Reef ប្រទេសអូស្ត្រាលី ងាប់ ឬឈានទៅរកការងាប់ដោយសារបាតុភូតផ្កាថ្មឡើងពណ៌ស ឬផ្កាថ្មមានពណ៌ស្លេកពីកំដៅផែនដី ។
ការព្យាករនេះបន្ទាប់ពីបានស្រាវជ្រាវទាំងផ្នែកខាងលើ និងក្នុងទឹកអស់រយៈពេលជាច្រើនខែ ក្រោយពីមានបាតុភូតផ្កាថ្មឡើងពណ៌សជាប្រវត្តិសាស្ត្រ ព្រោះតែទឹកសមុទ្រមានសីតុណ្ហភាពខ្ពស់ ។ លោក Terry Hughes នាយកមជ្ឈមណ្ឌលស្រាវជ្រាវអូស្ត្រាលី នៅមហាវិទ្យាល័យ «James Cook» បញ្ជាក់ថា «ស្ថានភាពផែនដីឡើងកំដៅបង្កគ្រោះមហន្តរាយយ៉ាងធំទៅលើបេតិកភណ្ឌពិភពលោក ។ យើងប្រទះឃើញជាមធ្យម ៣៥% នៃផ្កាថ្ម ក្នុងប្រជុំផ្កាថ្មចំនួន៨៤កន្លែង ដែលបានរកឃើញនៅភាគខាងជើង និងភាគកណ្តាលនៃផ្កាថ្ម Great Barrier Reef ដោយលាតសន្ធឹងពីក្រុងថោនវីល និងប្រទេសបា៉ពួកអាស៊ីបានងាប់ ឬកំពុងឈានទៅងាប់នាពេលខាងមុខ ។ ចាត់ទុកថា ជាលើកទី៣ ក្នុងរយៈពេល១៨ឆ្នាំ ដែលប្រជុំផ្កាថ្ម Great Barrier Reef ប្រឈមមុខនឹងបាតុភូតឡើងពណ៌ស ដោយសារផែនដីឡើងកម្តៅ ។ ស្ថានភាពដែលកើតឡើងចំពោះផ្កាថ្មក្នុងពេលបច្ចុប្បន្នមានលក្ខណៈធ្ងន់បំផុត» ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់មហាវិទ្យាល័យអូស្ត្រាលីបញ្ជាក់ថា យា៉ងហោចណាស់ត្រូវចំណាយពេល១ទសវត្ស ដើម្បីលើកស្ទួយផ្កាថ្ម ដែលរងការខូចខាត ខណៈពេលសមាគមអភិរក្សសមុទ្ររបស់អូស្ត្រាលី បានអំពាវនាវឱ្យមានផ្នែកគ្រប់គ្រងច្រើនជាងនេះ ដើម្បីការពារផ្កាថ្ម ប្រសិនបើមិនដូច្នេះទេប្រឈមមុខប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ ដែលមានតម្លៃប្រហែល៦ពាន់លានដុល្លារអូស្ត្រាលី ឬប្រហែល៤០០០លានដុល្លារ និងគ្មានការងារចំនួន៦៩.០០០នាក់ ៕
ចែករំលែកព័តមាននេះ