ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​…​ខ្លាច​វីរុស Zika

7 ឆ្នាំ មុន

មជ្ឈដ្ឋាន​សុខាភិបាល​ប្រេ​ស៊ី​ល​បាន​ចេញ​សារ​ព្រមាន​យ៉ាង​ចម្លែក​ចំពោះ នារី​ប្រទេស​នេះ គឺ «​ត្រូវ​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​ឱ្យ​សោះ​… ខ្លាច​វីរុស Zika » ។ តាម​ពិត​នេះ​ជា​សារ​សម្រាប់​អនាគត​អ្នក​ម្តាយ​ទាំងឡាយ

មជ្ឈដ្ឋាន​សុខាភិបាល​ប្រេ​ស៊ី​ល​បាន​ចេញ​សារ​ព្រមាន​យ៉ាង​ចម្លែក​ចំពោះ នារី​ប្រទេស​នេះ គឺ «​ត្រូវ​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​ឱ្យ​សោះ​… ខ្លាច​វីរុស Zika » ។ តាម​ពិត​នេះ​ជា​សារ​សម្រាប់​អនាគត​អ្នក​ម្តាយ​ទាំងឡាយ ពិសេស​នៅ​តំបន់​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់​ពី​រក​ឃើញ​មាន​វត្តមាន​វីរុស​ឆ្លង​តាម​មូស​មួយ​ប្រភេទ​ឈ្មោះ Zika ដែល​ជា​វីរុស​បង្ក​ឱ្យ​ស្វិត​ខួរក្បាល​ទារក ។

ចាប់ពី​វីរុស Zika  មាន​វត្តមាន​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កាលពីដើម​ឆ្នាំ​២០១៥​មក ប្រជាជន​ប្រេ​ស៊ី​ល​រាប់​ពាន់​នាក់​រង​គ្រោះ​ដោយសារ​វា​។  ថ្វីបើ​វីរុស Zika មិន​ធ្វើទុក្ខ​ខ្លាំង​ដោយ​គ្រាន់តែ​បង្ក​ឱ្យ​មាន​អាការ​រសាប់រសល់ ឈឺក្បាល​ល្មម និង​ឡើង​កន្ទួល​ក្រហម​តាម​មុខ តាម​ដងខ្លួន តែ​វីរុស​នេះ​ផ្តល់​ផល​អាក្រក់​ដល់​ការ​លូតលាស់​ស្បូន​នៅ​ពេល​អ្នក​ម្តាយ​ត្រូវ​វា​វាយប្រហារ​ពេល​ទើបតែ​ចាប់ផ្តើម​មាន​ផ្ទៃពោះ ។ លោក​វេជ្ជបណ្ឌិត Angela  Rocha នៅ​មន្ទីរពេទ្យ Osvaldo  Cruz  និយាយ​ប្រាប់​ទូរទស្សន៍ CNN ថា «​ពួក​ខ្ញុំ​ព្រមាន​គ្រប់​គ្រួសារ​ត្រូវ​តែ​មាន​វិធានការ​ការពារ​កុំ​អាល​មាន​ផ្ទៃពោះ​ឱ្យ​សោះ​» ។

ក្នុង​ឆ្នាំ​២០១៥ គេ​កត់សម្គាល់​ឃើញ​មាន​ជាង​២៤០០​ករណី ទារក​កើតមក​មាន​ជំងឺ​ស្វិត​ខួរក្បាល​នៅ​រដ្ឋ​ទាំង​២០​របស់​ប្រេ​ស៊ី​ល ដែល​ជំងឺ​នេះ​កាលពី​ឆ្នាំ​២០១៤ មាន​តែ​១៤៧​ករណី​ប៉ុណ្ណោះ ។ ក្រុម​វេជ្ជបណ្ឌិត​ស្រាវជ្រាវ​ករណី​ទារក​២៩​នាក់​ស្លាប់ តើ​វា​មាន​ពាក់ព័ន្ធ​វីរុស Zika ឬ​អត់ ព្រោះ​គេ​ធ្លាប់​ប្រទះ​វីរុស Zika ក្នុង​សុក​ម្តាយ​មួយ​ចំនួន​ដែល​កូន​កើតមក​មាន​ជំងឺ​នេះ ។ ក្នុង​ស្ថានភាព​វីរុស Zika កំពុង​រាលដាល​ខ្លាំង​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល រដ្ឋ​ចំនួន​៦​របស់​ប្រទេស​នេះ ឈាន​ដល់​ប្រកាស​អាសន្ន ។ គ្រាន់តែ​រដ្ឋ Pernambuco តែ​មួយ​នៅ​ភាគ​ខាងជើង​ប្រេ​ស៊ី​ល មាន​៩០០​ករណី ឆ្លង​វីរុស Zika ។ នៅ​ពេល​ទារក​មាន​ជំងឺ​ស្វិត​ខួរក្បាល​កើត​មាន​ខ្ពស់​ក្នុង​ខែវិច្ឆិកា ២០១៥ ទើប​មជ្ឈដ្ឋាន​សុខាភិបាល​ប្រេ​ស៊ី​ល​ស្លន់ស្លោ​ស្វែងរក​មូលហេតុ ហើយ​ក៏​បាន​រក​ឃើញ​ថា​រាល់​ទារក​ស្វិត​ខួរក្បាល​សុទ្ធតែ​មាន​ពាក់ព័ន្ធ​ដល់​វីរុស Zika និង​បាន​រក​ឃើញ​ទៀត​ថា​មក​ពី​អ្នក​ម្តាយ​មាន​វីរុស​នេះ ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ ។ សព្វថ្ងៃ​វីរុស​ទេ Zika មិន​ត្រឹមតែ​រាតត្បាត​នៅ​ភាគ​ខាងជើង​ប្រេ​ស៊ី​ល វា​កំពុង​សាយភាយ​ចូល​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ និង​រដ្ឋ​សាវ​ប៉ូ​ឡូ​ទៀត ជាមួយ​គ្នា​នោះ​ក៏​កំពុង​រាតត្បាត សន្សឹម​ៗ​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ផង​ដែរ ។

ស្ត្រី​ម្នាក់​ឈ្មោះ Patricia  Compassi ចែករំលែក​តាម​បណ្តាញ​សង្គម​ពី​ករណី​កូនប្រុស​របស់​នាង​ឈ្មោះ Lorenzo ដែល​កើតមក​មាន​ជំងឺ​ស្វិត​ខួរក្បាល ។ នាង​ថា​ពេល​មាន​ផ្ទៃពោះ​ដំបូង​នាង​ទៅ​មន្ទីរពេទ្យ​ឆ្លុះ​មើល​តើ​ក្នុង​ខ្លួន​មាន​វីរុស Zika ឬ​អត់ តែ​ឆ្លុះ​រក​មើល​យ៉ាងណា​ក៏​អត់​ឃើញ​មានអី​សោះ ។ នាង​ខំ​តែ​អរ ដឹង​អី​ថ្ងៃមួយ​ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​ឃើញ​មាន​កន្ទួល អុជ​ៗ​លើ​ផ្ទៃមុខ ព្រមទាំង​មានការ​ឈឺចាប់​តាម​សន្លាក់​ឆ្អឹងឆ្អែង ។ ដំបូង​វេជ្ជបណ្ឌិត​គិត​ថា​មក​ពី​នាង​អា​លែ​ស៊ី​ចំណី តែ​តាម​ពិត​ឆ្លង​វីរុស​Zika សោះ ។  ដល់​ពេល​ផ្ទៃពោះ​នាង​ជិត​គ្រប់​ខែ វេជ្ជបណ្ឌិត​រក​ឃើញ​ថា​កូន​ក្នុង​ផ្ទៃ​នាង​មាន​ជំងឺ​ស្វិត​ខួរក្បាល ។

វីរុស Zika ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ​១៩៤៧ នៅ​តំបន់​ដែល​ពពួក​ស្វា Zika របស់​ប្រទេស​អ៊ូ​ហ្គ​ង់​ដា ខាង​ទ្វីបអាហ្វ្រិក​រស់នៅ ហើយ​វា​បាន​ឆ្លង​មក​មនុស្ស​ក្នុង​ឆ្នាំ​១៩៦០ ។ វា​ឆ្លង​មក​តំបន់​ប៉ា​គី​ស្ថាន​ខាងត្បូង និង​តំបន់​មួយ​ចំនួន​នៅ​ទ្វីបអាស៊ី ហើយ ថ្មី​ៗ​កន្លង​មក​ស្រាប់តែ​ផ្ទុះ​នៅ​អា​មេ​រិ​កឡា​ទី​ន​តែ​ម្តង ។ មក​ដល់​សព្វថ្ងៃ វីរុស Zika ផ្ទុះ​ខ្លាំង​ប៉ុន្មាន​ដង​ដែល​គេ​កត់សម្គាល់​បាន ។ វា​ផ្ទុះ​ខ្លាំង​ដំបូង​នា​ឆ្នាំ​២០០៧ នៅ​កោះ Yapislands ក្នុង​ប្រជុំ​កោះ Micronesia ភាគ​ខាងលិច​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ធ្វើ​ឱ្យ​ប្រជាជន​៣​ភាគ​៤​លើ​កោះ​នោះ​ឆ្លង​វីរុស Zika តែ​កាល​ណោះ​គ្មាន​ទារក​ណា​កើតមក​មាន​ជំងឺ​ស្វិត​ខួរក្បាល​ឡើយ ។ ការ​ឆ្លង​វីរុស Zika ដ៏​ធំ​លើក​ទី​ពីរ កើត​ក្នុង​ឆ្នាំ​២០១៣ នៅ​កោះ Polynesia របស់​បារាំង ធ្វើ​ឱ្យ​ប្រជាជន​២៨.០០០​នាក់​ក្នុង​ចំណោម​ប្រជាជន​២៧០.០០០​នាក់ ដែល​រស់នៅ​កោះ​ឆ្លង​វីរុស Zika តែ​កាល​ណោះ​គេ​ក៏​រក​មិនឃើញ​មាន​ទារក​ណា​កើត​មាន​ជំងឺ​ស្វិត​ខួរក្បាល​ដែរ ។ វេជ្ជបណ្ឌិត​ប្រ​ស៊ី​ល​មួយ​ចំនួន​សង្ស័យ​អ្នកទេសចរ​ទៅ​ពី​អាស៊ី និង​ពី​សមុទ្រ​ប៉ា​ស៊ី​ហ្វ្រិ​ក ជា​អ្នក​នាំ​វីរុស Zika ចូល​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​រដូវ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ ។

វីរុស Zika ត្រូវ​គេ​ជឿ​ថា ឆ្លង​រាលដាល​តាម​រយៈ​សត្វ​មូស Aedesaegypti ។ នៅ​សហរដ្ឋអាមេរិក​មូស​ប្រភេទ​នេះ មាន​វត្តមាន​តិចតួច​នៅ​រដ្ឋ​តិច​សាស់ ផ្ល​រី​ដា និង​ហា​វ៉ៃ ។ សព្វថ្ងៃ​ប្រេ​ស៊ី​ល​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ប្រឆាំង​មូស Aedes aegypti ផង អំពាវនាវ​ប្រជាជន​ឱ្យ​ចូលរួម​កម្ចាត់​មូស​ចង្រៃ​ប្រភេទ​នេះ​ផង ពិសេស​ព្រមាន នារី​នៅ​តំបន់​គ្រោះថ្នាក់​មួយ​ចំនួន​កុំ​អាល​មានកូន​ខ្លាចក្រែង​កូន​កើតមក​មាន​ជំងឺ​ស្វិត​ខួរក្បាល​។ នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ទីក្រុង​ដែល​បាន​ទទួល​សិទ្ធិ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ក្រុង​សុំ​ឱ្យ​បុគ្គលិក​ពេទ្យ​ទៅ​តាម​ផ្ទះ​ប្រជាជន​ជាង​៩​លាន​គ្រួសារ​ដើម្បី​ណែនាំ​ការ​ធ្វើ​អនាម័យ​លុប​បំបាត់​ថ្លុក​ទឹក និង​កម្ទេច​ចោល អ្វី​ៗ​ដែល​អាច​ដក់​ទឹក ជាមួយ​គ្នា​នោះ​តាមដាន​នារី​កំពុង​មាន​ផ្ទៃពោះ​ដែល​សង្ស័យ​ឆ្លង​វីរុស Zika ផង​ដើម្បី​មាន​វិធានការ​ទប់ទល់​ទាន់​ពេលវេលា ៕