ជាយូរលង់កន្លងមក យុវជននិងយុវតីកម្ពុជាច្រើន ឆាប់យកប្តី ឬប្រពន្ធ ។ ម្យ៉ាងជាក្តីប្រាថ្នារបស់ឪពុកម្តាយ និងម្យ៉ាងទៀតគឺដោយសារមានការគិតថា រៀបការនៅអាយុក្មេង នឹងអាចឆាប់មានកូន ដែលនឹងអាចពឹងពាក់បានដល់ពេលចាស់ទៅ ។
វាជាការរំពឹងគិតមួយថា ឪពុកម្តាយតែងតែចង់ឱ្យកូនមើលថែទាំដល់ពេល ដែលពួកគាត់មានអាយុកាន់តែចាស់ ។ ដូច្នេះ បើសិនជាមនុស្សឆាប់រៀបការ នឹងឆាប់មានកូនដែលអាចនឹងពឹងពាក់បាន នៅពេលដែលឪពុកម្តាយចាស់ជរា ។
ប៉ុន្តែយុវជន និយុវតីសម័យនេះ ប្រហែលជាមានការប្រែប្រួលខ្លះ ពីរបៀបគិតអំពីការរៀបការនេះ ។ ពួកគេច្រើននាំគ្នាគិតដល់ការសប្បាយនាពេលបច្ចុប្បន្ន ជាជាងការគិតដល់អនាគតកាល ។ មានន័យថា យុវជននិងយុវតី មិនសូវជាចង់រៀបការនៅអាយុក្មេងទេ ។
ពួកគេចង់សប្បាយនៅយុវវ័យឱ្យអស់ចិត្តសិន មុនពេលដែលពួកគេសម្រេចចិត្តយកប្រពន្ធ ឬក៏ប្តី ។ តាមពិត វាជានិន្នាការនៃមនុស្សនៅក្នុងប្រទេសជឿនលឿន។ ពួកគេមិនផ្តោតខ្លាំងដល់ការបង្កើតកូន ដើម្បីអាចតបស្នងនឹងមើលថែទាំពួកគេនៅពេលចាស់នោះឡើយ។
និន្នាការនៃការរៀបការនៅអាយុកាន់តែច្រើននឹងបន្តកើនឡើង ខណ:ដែលប្រទេសជាតិកាន់តែជឿនលឿន ហើយមនុស្សម្នាកាន់តែចង់មានការសប្បាយផ្ទាល់ខ្លួន ។ យុវជននិងយុវតីសម័យនេះគិតថា ការរៀបការជាការទទួលខុសត្រូវដ៏ធំមួយហើយ វាអាចនឹងនាំឱ្យពួកគេបាត់បង់សេរីភាពមួយផ្នែក ព្រមទាំងមានការទទួលខុសត្រូវកាន់តែច្រើន ។ ពួកគេចាត់ទុកការរៀបការជាអម្រែកជីវិតដ៏ធ្ងន់មួយ ។ មនុស្សកាន់តែមានចំណេះដឹងនឹងកាន់តែមានការប្រុងប្រយ័ត្ននៅក្នុងការរៀបការនេះ។
ការរៀបការមិនគួរត្រូវបានសម្រេចដោយផ្អែកទៅលើអាយុនោះឡើយ ។ ការសម្រេចចិត្តរៀបការត្រូវែផ្អែកទៅលើសមត្ថភាពរបស់យុវជន និងយុវតីនៅក្នុងការបង្កើតគ្រួសារមួយ ។ យុវជននិងយុវតីត្រូវប្រាកដថា ពួកគេមានចិត្តចាស់ទុំគ្រប់គ្រាន់នៅក្នុងទទួលយកភាពផ្ទុយគ្នាពីមនុស្សម្នាក់ថ្មី ដែលខ្លួននឹងរៀបការជាមួយ ។ ក្រៅពីការមានចរិតចាស់ទុំនោះ ភាពរឹងមាំផ្នែកសេដ្ឋកិច្ចក៏មានសារសំខាន់ណាស់ដែរ នៅក្នុងជីវិតប្តីប្រពន្ធ ។
វាប្រហែលជាមិនទាន់ដល់ពេលនឹងរៀបការទេ បើសិនជាមនុស្សម្នាក់មិនអាចរកលុយបាន សូម្បីតែចិញ្ចឹមខ្លួនឯង ។ ការដែលយុវជន និងយុវតី មានភាពរឹងមាំផ្នែកសេដ្ឋកិច្ច ពួកគេក៏អាចរស់នៅ ដោយឡែកពីឪពុកម្តាយឬក្រុមគ្រួសារ ។
ពេលដែលពួកគេរស់នៅដោយឡែក ពួកគេនឹងកាន់តែមានសុភមង្គលជាមួយគ្នា ដោយមិនភ័យខ្លាចអំពីការឈ្លោះប្រកែកគ្នាដោយសារក្រុមគ្រួសារឡើយ ៕
ចែករំលែកព័តមាននេះ