ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ ៖ ចាក់​វ៉ាក់សាំង​លាយ​គ្នា​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​ល្អ​ជាង​ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​តែ​មួយ

1 ខែ មុន

អង់គ្លេស ៖ លទ្ធផល​ការ​សិក្សា​ដ៏​សំខាន់​មួយ​របស់​អង់គ្លេស​បាន​បង្ហាញ​ថា​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​កាន់តែ​ល្អ​

អង់គ្លេស ៖ លទ្ធផល​ការ​សិក្សា​ដ៏​សំខាន់​មួយ​របស់​អង់គ្លេស​បាន​បង្ហាញ​ថា​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​កាន់តែ​ល្អ​ជាង​មុន ប្រ​សិន​ពួក​គេ​ចាក់​វ៉ាក់សាំង AstraZeneca ឬ Pfizer-BioNTech សម្រាប់​ដូ​ស​ទី​មួយ និង​ក្រោយមក​ចាក់​វ៉ាក់សាំង Moderna រយៈពេល ៩​ស​ប្តា​ហ៍​បន្ទាប់​។

លោក Matthew Snape សាស្ត្រាចារ្យ​សកល​វិទ្យាល័យ Oxford ដែល​នៅ​ពីក្រោយ​ការ​សិក្សា​នេះ​បាន​និយាយ​ថា «​យើង​បាន​រក​ឃើញ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ស៊ាំ​ដ៏​ល្អ ហើយ​ពិត​ណាស់​វា​មាន​កម្រិត​ខ្ពស់​ជាង​ការ​ចាក់​វ៉ាក់សាំង Oxford-AstraZeneca ចំនួន​ពីរ​ដូ​ស​»។

ការ​រក​ឃើញ​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រទេស​ក្រីក្រ និង​មាន​ចំណូល​មធ្យម​ដែល​ប្រទេស​ទាំងនោះ​ប្រហែល​ត្រូវការ​វ៉ាក់សាំង​ប្រភេទ​ផ្សេង​ៗ​គ្នា​រវាង​ដូ​ស​ទី ១ និង​ទី ២ ប្រ​សិន​ការ​ផ្គត់​ផ្គង់មាន​កម្រិត​ទាប ឬ​មិន​ស្ថិតស្ថេរ​។

លោក​សាស្ត្រាចារ្យ​ថ្លែង​ទៀត​ថា «​ខ្ញុំ​គិត​ថា​ទិន្នន័យ​ពី​ការ​សិក្សា​នឹង​មាន​តម្លៃ​ខ្លាំង​ដល់​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​ដែល​កំពុង​ត្រូវការ​វ៉ាក់សាំង​ពីរ​ដូ​ស​ដំបូង​»។

អ្នក​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Oxford បាន​ឲ្យ​ដឹង​ថា ប្រ​សិន​មានការ​ចាក់​វ៉ាក់សាំង AstraZeneca-Oxford ដូ​ស​ដំបូង និង​ក្រោយមក​ចាក់​វ៉ាក់សាំង Moderna ឬ Novavax បន្ទាប់ វា​នឹង​មាន​អង្គ​ប​ដិ​ប្រាណ និង​ការ​ឆ្លើយ​តប​របស់​កោសិការ T-cell ខ្ពស់ ធៀប​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង AstraZeneca-Oxford ពីរ​ដូ​ស​។

ការ​សិក្សា​លើ​អ្នក​ស្ម័គ្រចិត្ត​ចំនួន ១.០៧០​នាក់​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ចាក់​វ៉ាក់សាំង Pfizer-BioNTech ដូ​ស​ទី ១ និង​វ៉ាក់សាំង Moderna នៅ​ដូ​ស​បន្ទាប់ ល្អ​ជាង​ការ​ចាក់​វ៉ាក់សាំង Pfizer-BioNTech ចំនួន ២​ដូ​ស​។

ចំណែក​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​រវាង Pfizer-BioNTech និង Novavax ប​ង្កើ​ឲ្យ​មាន​អង្គ​ប​ដិ​ប្រាណ​ខ្ពស់​ជាង​ការ​ចាក់​វ៉ាក់សាំង Oxford-AstraZeneca ២​ដូ​ស​។

ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​មិន​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ឡើយ​។ នេះ​បើ​តាម​ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វេ​ជ្ជា​សាស្ត្រ​។

សូម​បញ្ជាក់​ថា ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក រួម​តាំង​កម្ពុជា​ផង​ដែរ បាន​ធ្វើការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​ផង​ដែរ មុន​ពេល​ទិន្នន័យ​សិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)