ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោនឹងទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ាថ្ងៃទី៧-៨ មករា ឆ្នាំ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​នឹង​ទស្សនៈកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​៧ និង​៨ ខែមករា ឆ្នាំ​២០២២​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​នឹង​ទស្សនៈកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​៧ និង​៨ ខែមករា ឆ្នាំ​២០២២​ខាង​មុខ​នេះ ។

ការ​បញ្ជាក់​របស់​សម្តេច ខណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វុន​ណា ម៉ោង​លី​ន (Wunna Maung Lwin) រដ្ឋមន្ត្រី​ការ​បរទេស និង​ជា​បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ។

នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ និង​ឯកឧត្តម វុន​ណា ម៉ោង​លី​ន (Wunna Maung Lwin) បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ផង និង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង ។

ប្រភព​បាន​លើក​ឡើង​ថា សម្ដេច​តេ​ជោ និង​ឯកឧត្តម វុន​ណា ម៉ោង​លី​ន បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​អាស៊ាន​ផង​ដែរ ដើម្បី​ស្វែងរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ឲ្យ​អាស៊ាន​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​មាន​សាមគ្គី​ភាពល្អ​ឡើង​វិញ ។

ក្នុង​ជំនួប​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​មី​យ៉ា​ន់​ម៉ា ក៏​បាន​គោរព​ជូន​សម្ដេច​តេ​ជោ​នូវ​លិខិត​របស់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ជូន​សម្ដេច​តេ​ជោ ដើម្បី​អញ្ជើញសម្ដេច​តេ​ជោ​ទៅ​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​៧-៨ ខែមករា ឆ្នាំ​២០២២​ខាង​មុខ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា សម្ដេច​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​៧-៨ ខែមករា ឆ្នាំ​២០២២​ខាង​មុខ តប​តាម​ការ​អញ្ជើញ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ