ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ធ្វើ​ដូច​ម្តេច​ពេល​កូន​ឈ្លោះ​គ្នា ?

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ហេតុផល​ជា​ច្រើន​ដែល​កុមារ​ត្រូវ​ឈ្លោះ ឬ​វាយ​គ្នា ។ វា​ជា​ការ​លំបាក​សម្រាប់​ឪពុក​ម្តាយ និង​អ្នក​ថែទាំ​ដើម្បី​ដោះស្រាយ​ជម្លោះ​បែប​នេះ​ដោយ​មិន​លម្អៀង ។ អ្នក​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ចំពោះ​ពាក្យ​សម្តី និង​សកម្មភាព​របស់​អ្នក​ក្នុង​ស្ថានភាព​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុផល​ជា​ច្រើន​ដែល​កុមារ​ត្រូវ​ឈ្លោះ ឬ​វាយ​គ្នា ។ វា​ជា​ការ​លំបាក​សម្រាប់​ឪពុក​ម្តាយ និង​អ្នក​ថែទាំ​ដើម្បី​ដោះស្រាយ​ជម្លោះ​បែប​នេះ​ដោយ​មិន​លម្អៀង ។ អ្នក​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ចំពោះ​ពាក្យ​សម្តី និង​សកម្មភាព​របស់​អ្នក​ក្នុង​ស្ថានភាព​បែប​នេះ ។ អ្នក​អាច​សាកល្បង​វិធី​មួយ ឬ​ច្រើន​ទាំងនេះ អាស្រ័យ​លើ​ស្ថានភាព និង​ការ​ឈ្លោះ​របស់​កូន​អ្នក ៖

១. ត្រូវ​មាន​យុត្តិធម៌ ៖ កុំ​ប្រញាប់​ស្វែងរក​នរណា​ខុស និង​នរណា​ត្រូវ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​នៃ​ការ​ជ្រើសរើស​អ្នក​ឈ្នះ ហើយ​វា​នឹង​បន្សល់​ទុក​នូវ​អារម្មណ៍​ភាព​មិន​ស្មើគ្នា និង​ការ​អាក់អន់ចិត្ត​នៅ​ក្នុង​ចិត្ត​របស់​កុមារ ហើយ​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ឈ្លោះ​ជា​បន្តបន្ទាប់ ។ ផ្ទុយ​ទៅ​វិញ ចូរ​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន ហើយ​ផ្តល់​ការ​ពិន័យ​ស្មើ​ៗ​គ្នា ឬ​ការ​ដាក់​ទណ្ឌកម្ម ។ គោលបំណង​របស់​អ្នក​គួរតែ​ជា​ការ​សម្រុះសម្រួល​ដោយ​យុត្តិធម៌ ឧទាហរណ៍ យក​ប្រដាប់ប្រដា​ក្មេង​លេង​ដែល​ក្មេង​ចាប់ផ្តើម​ឈ្លោះ​គ្នា ឬ​ដណ្តើម​គ្នា ហើយ​ប្រគល់​វា​ឱ្យ​ពួក​គេ​វិញ លុះត្រាតែ​ពួក​គេ​មាន​ដំណោះស្រាយ ឬ​លែង​ឈ្លោះ​គ្នា ។

២. បំបែក​កុមារ ៖ ការ​បំបែក​កុមារ​ដែល​ឈ្លោះ​គ្នា​អាច​ផ្តល់​ពេល​ឱ្យ​ពួក​គេ​ស្ងប់ចិត្ត និង​គ្រប់គ្រង​កំហឹង​របស់​ពួក​គេ ។ អ្នក​អាច​បំបែក​កុមារ​ដោយ​បញ្ជូន​ម្នាក់​ៗ​ទៅ​បន្ទប់​ដាច់​ដោយឡែក ឬ​ជ្រុង​ផ្សេង​ៗ​នៃ​បន្ទប់ ។ កុំ​បណ្តោយ​ឱ្យ​ពួក​គេ​លេង​ជាមួយ​គ្នា​រហូត​ដល់​ពួក​គេ​ត្រៀមខ្លួន​ជា​មិត្ត​ម្តងទៀត ។ ពេលវេលា​បែក​គ្នា​អាច​ធ្វើ​ឱ្យ​កូន​ៗ​កែសម្រួល​ចំណង​របស់​ពួក​គេ និង​រៀន​ចែករំលែក​រឿង​ដោយ​ស្និទ្ធស្នាល ។

៣. សរសើរ​អាកប្បកិរិយា​វិជ្ជមាន ៖ រាល់ពេល​ដែល​អ្នក​ឃើញ​កូន​របស់​អ្នកលេង​ជាមួយ​គ្នា​ដោយ​សន្តិភាព និង​រីករាយ ចូរ​សរសើរ​ពួក​គេ ។ សូម​ចង​ចាំ​ថា កុមារ​ធ្វើ​ម្តងទៀត​នូវ​សកម្មភាព​ដែល​ទទួល​បានការ​សរសើរ និង​រង្វាន់​ច្រើន​បំផុត​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ ។

៤. បង្រៀន​ឱ្យ​កូន​ចេះ​គោរព​អ្នក​ដទៃ ៖ បង្រៀន​កូន​ឱ្យ​ស្តាប់ និង​គោរព​អ្នក​ដទៃ និង​យល់​ពី​ទស្សនៈ​របស់​ពួក​គេ ។ សួរ​ពួក​គេ​ថា តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​ក្នុង​ស្ថានភាព​ដូច​គ្នា ធ្វើ​ឱ្យ​ពួក​គេ​ដឹង​ថា កូន​ម្នាក់​ទៀត​ក៏​មាន​ចំណុច ឬ​ជម្រើស​ត្រឹមត្រូវ​ផង​ដែរ ។ នេះ​មិន​មាន​ន័យ​ថា បង្រៀន​កូន​របស់​អ្នក​ឱ្យ​សម្របសម្រួល​រាល់ពេល​នោះ​ទេ ។ បង្រៀន​កុមារ​ឱ្យ​ស្តាប់ និង​គោរព​យោបល់​របស់​អ្នក​ដទៃ ។ ការ​ស្តាប់ និង​ការ​យល់​ដឹង​ពី​ទស្សនៈ​របស់​អ្នក​ដ៏​ទៃ​អាច​ជួយ​កុមារ​ឈាន​ដល់​ដំណោះស្រាយ​មួយ​ដែល​មាន​អត្ថប្រយោជន៍​រួម ។

៥. ធ្វើ​ជា​គំរូ​វិជ្ជមាន ៖ កុមារ​សង្កេត​មើល​មនុស្ស​ពេញវ័យ ហើយ​ព្យាយាម​យក​ត្រាប់​តាម ។ ប្រសិនបើ​កូន​របស់​អ្នក​កត់​សំគាល់ថា អ្នក​តែងតែ​ចូល​ចិត្តការ​ពិភាក្សា​ប្រកបដោយ​សុជីវធម៌ និង​កម្រ​ឈ្លោះប្រកែក​គ្នា នោះ​ពួក​គេ​នឹង​ធ្វើ​តាម​អាកប្បកិរិយា​របស់​អ្នក ។

៦. បង្រួម​មូលហេតុ​នៃ​ការ​ឈ្លោះ ៖ កំណត់ និង​លុប​បំបាត់​ហេតុផល​ដែល​ទំនងជា​នាំ​ឱ្យ​មានការ​ឈ្លោះ​ជា​ញឹកញាប់ ។ ជា​ឧទាហរណ៍ កុមារ​ច្រើន​តែ​មាន​ភាព​ច្របូកច្របល់ និង​ឆេវឆាវ​នៅ​ពេល​អផ្សុក ឃ្លាន អស់កម្លាំង ឬ​ងងុយគេង ។ ត្រូវ​ប្រាកដ​ថា ពួក​គេ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​របស់​ពួក​គេ​បាន​ឆ្អែ​ម​ត្រឹមត្រូវ ។ ក្នុង​ករណី​ខ្លះ កុមារ​អាច​នឹង​វាយ​គ្នា និង​ដណ្តើម​របស់​លេង​គ្នា ។ ចូរ​ទិញ​របស់​លេង​សម្រាប់​កូន​ម្នាក់​ៗ ។ ចូរ​សរសើរ​កូន ប្រសិនបើ​គេ​លះបង់​ប្រដាប់​ក្មេង​លេង ឬ​យល់ព្រម​ចែករំលែក​ជាមួយ​បងប្អូន​គេ ។

៧. តាមដាន​អ្វី​ដែល​កូន​មើល និង​រៀន ៖ ចូរ​តាមដាន​អ្វី​ដែល​កុមារ​កំពុង​មើល​នៅ​លើ​ទូរទស្សន៍ ។ កម្មវិធី​ដែល​មាន​ឈុត​ឆាក​ឆេវឆាវ ឬ​ហឹ​ង្សា​អាច​ជំរុញ​ឱ្យ​ពួក​គេ​មាន​អាកប្បកិរិយា​ស្រ​ដៀង​គ្នា ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។