ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​​កោះ​រ៉ុ​ង​ ធ្វើ​ឱ្យ​ភ្ញៀវ​ភ្លូក​​ទៅ​រាប់​​ពាន់​​នាក់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​សក្ដានុពល​វិស័យ​ទេស​ចរណ៍​នៅ​កោះ​រ៉ុ​ង រហូត​ដល់​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​ប្រសិទ្ធ​នាម​ថា ជា​កោះ​ឋានសួគ៌​ធម្មជាតិ នោះ គេ​ឃើញ​ក្នុង​ឱកាស​

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​សក្ដានុពល​វិស័យ​ទេស​ចរណ៍​នៅ​កោះ​រ៉ុ​ង រហូត​ដល់​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​ប្រសិទ្ធ​នាម​ថា ជា​កោះ​ឋានសួគ៌​ធម្មជាតិ នោះ គេ​ឃើញ​ក្នុង​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ឆ្នាំ​២០១៦​នេះ មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​សម្រុក​ទៅ​កម្សាន្ត​នៅ​កោះ​រ៉ុ​ង ដែល​ចំនួន​នេះ ​ពុំ​ធ្លាប់​មាន​ទេពី​មុន​មក ។

លោក​វរសេនីយ៍ត្រី ឃឹម សុផល មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​ទឹក ថ្លែង​ថា នៅ​ក្នុង​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៣,១៤​និង​១៥ ខែឧសភា ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ត​តាម​កោះ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ  គឺ​មាន​សុវត្ថិ​ភាពល្អ​ប្រសើរ​ណាស់ បើ​ទោះបីជា​មាន​ភ្ញៀវ​ជាង​២.៦០០​នាក់​ក្នុង​១​ថ្ងៃ​ៗ បាន​សម្រុក​ទៅ​កម្សាន្ត​នៅ​តាម​កោះ​យ៉ាងណា​ក្តី ។ កត្តា​ទាំងនេះ ក៏​ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ។

លោក នូ សុផល ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត ថ្លែង​ថា ក្នុង​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​២០១៦​នេះ ភ្ញៀវ​សរុប​មាន​៩៦.២០៦​នាក់ កើនឡើង​ប្រមាណ​១៣,២៣% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​៩២.១៣១​នាក់ កើន​១៣,៣៩% ភ្ញៀវ​អន្តរជាតិ​មាន ៤.០៧៥​នាក់ កើន​៩,៨០%​។ ចំពោះ​សណ្ឋាគារ​មាន​៧១ និង​មាន​៣.២៨៩ បន្ទប់ និង​ផ្ទះសំណាក់​មាន​ចំនួន​២៦៩ មាន​៣.៦៧៣​បន្ទប់ ។

ចំពោះ​កត្តា​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​ខេត្ត​ព្រះ​សី​ហនុមាន​សន្តិសុខ សុវត្ថិ​ភាពល្អ គួប​ផ្សំ​ជាមួយ​សម្រស់​ធម្មជាតិ​ដ៏​សម្បូរ​បែប​ច្រើន​កន្លែង ទាំង​នៅ​ដីគោក និង​ដែន​កោះ ។ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​សុវត្ថិភាព រយៈពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​នេះ​ដែរ លោក​វរសេនីយ៍ឯក អុ​ី សុខា ស្នងការ​រង​នគរបាល​ទទួល​សណ្តាប់ធ្នាប់​បញ្ជាក់​ថា សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ពុំ​មាន​អ្វី​កើតឡើង​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ ចំពោះ​តម្លៃ​ម្ហូបអាហារ​ឆ្នាំ​នេះ​ហាក់​មានការ​ឡើងថ្លៃ​ខ្ពស់ ដូច​ជា​តម្លៃ​ផ្ទះសំណាក់​មានការ​ឡើងថ្លៃ​កប់​ពពក​ពី​១៥​ដុល្លារ​ឡើង​រហូត​៤០​ដុល្លារ​ក្នុង​មួយ​បន្ទប់ រីឯ​តម្លៃ​តុ​អង្គុយ​ក្នុង​តុ​១ មាន​តម្លៃ​រហូត​៣០​ដុល្លារ​ទៅ​៤០​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕