ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ជំរុញការប្រើប្រាក់រៀលក្នុងវិស័យឥណទាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ។ យុទ្ធសាស្រ្តនេះត្រូវបានលើកឡើងថា…

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥ ។ យុទ្ធសាស្រ្តនេះត្រូវបានលើកឡើងថា មានការជំរុញឲ្យប្រើប្រាស់រៀលក្នុងវិស័យហិរញ្ញវត្ថុផងដែរ ។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិនេះ កាលពីថ្ងៃទី ៣ ធ្នូ លោកបណ្ឌិត អ៉ិនចាន់នី ប្រធានសមាគមធនាគារកម្ពុជាលើកឡើងថា លោកបានសង្កេតឃើញថា ការរីកចម្រើននៃការប្រើប្រាស់ប្រាក់រៀលនាពេលបច្ចុប្បន្ននេះមានកម្រិតខ្ពស់ណាស់ ព្រោះធនាគារជាតិនៃកម្ពុជា បានចេញប្រកាសឱ្យស្ថាប័នហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញ ក៏ដូចមានការបន្ធូរបន្ថយអនុបាតច្រើន ដើម្បីឱ្យមានធនធានសាច់ប្រាក់ទំនេរ ដើម្បីផ្គត់ផ្គង់ការលូតលាស់នៅក្នុងវិស័យហិរញ្ញវត្ថុនេះមានកំណើនខ្ពស់មកដល់ឆ្នំា ២០២១ ។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាថា ការចរាចរណ៍ប្រាក់រៀលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជារួមគឺមានការរីកចម្រើន និងមានការកើនឡើង ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា ។ លោកថា ការដាក់បញ្ញើរជាលុយរៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានការលើកទឹកចិត្តក្នុងអត្រាការប្រាក់ខ្ពស់ពី ៧,៥% ទៅដល់ ៩% ។

លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជានិយាយថា យុទ្ធសាស្រ្តជាតិនេះ បានកំណត់ពីចក្ខុវិស័យ និងទិសដៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព ទាន់ពេលវេលា តម្លៃសមរម្យ និងមានកិច្ចការពារស្របច្បាប់ ជាពិសេស កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

លោកស្រីបានសង្កត់ធ្ងន់ថា «យុទ្ធសាស្រ្តជាតិនេះបានលើកឡើងនូវគោលនយោបាយដែលចង្អុលបង្ហាញពីគោលដៅក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាពកាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឱ្យបានពាក់កណ្តាល ពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈលើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ជំរុញនវានុវត្តន៍សេវាឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ពង្រីកការផ្តល់សេវាធានារ៉ាប់រងឱ្យបានទូលំទូលាយ ពង្រឹងសមត្ថភាពនិយ័តករវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់សិទ្ធិនិងបង្កើន កិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ