ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ខេត្តបាត់ដំបង​-​ពោធិ៍សាត់​-​កោះកុង សាងសង់​បាន​ជិត​៥៥%

2 ឆ្នាំ មុន

ខេត្តកោះកុង ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១…

ខេត្តកោះកុង ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ក្រសួង​ពាក់ព័ន្ធ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​១០ ដោយ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួងបរិស្ថាន តំណាង​ក្រសួង​រ៉ែ និង​ថាមពល អភិបាល នៃ​គណៈ​អភិបាល ខេត្តកោះកុង តំណាង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន ១៩៨,៧១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​(​បាត់ដំបង​)-​វាល​វែង​(​ពោធិ៍សាត់​) -​អូរ​សោម​(​ពោធិ៍សាត់​) ដល់​ក្រុង​ខេ​មរ​ភូមិ​ទ្ទ​(​កោះកុង​) សាងសង់​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស កម្រិត​៣ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ​ផ្លូវ សរុប​ចំនួន ៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ ពីរ​ស្រទាប់ (DBST) សាងសង់​ស្ពាន​ចំនួន ២៣​កន្លែង ប្រវែង​១៧២១,៤៦​ម៉ែត្រ ដែល​ក្នុង​នោះ មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ​ដែល​មាន​កម្ពស់ ៧៥​ម៉ែត្រ បណ្តោយ ៥៣០​ម៉ែត្រ និង​ទទឹង ១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផង​ដែរ ។

គម្រោង​ផ្លូវ​នេះ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២១ វឌ្ឍនភាព​ការងារ​ជា​រួម​សម្រេច​បាន ៥៤,៨៩% ។ គម្រោង​ផ្លូវ​នេះ មានការ​ជ្រើសរើស​គន្លង​ផ្លូវ​ថ្មី​ប្រវែង​សរុប ៦៥,៨៩​គីឡូម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​ពង្វាង​ពី​ភ្នំក្រវាញ ព្រោះតែ​មិន​ចង់​វះកាត់​ភ្នំក្រវាញ​ជា​ពីរ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជម្រក​សត្វព្រៃ​ធ្ងន់ធ្ងរ ដែល​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល លើ​ការ​ថែរក្សា​បរិស្ថាន ។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ធ្វើ​ដំណើរ​យ៉ាង​ស្វិតស្វាញ​បំផុត ក្នុង​ការ​ត្រួសត្រាយ​តម្រាយ​ផ្លូវជាតិ​លេខ​១០ ពុះពារ​គ្រប់​ឧបសគ្គ ឆ្លងកាត់​ជ្រោះ​ជ្រោង​ជ្រលង​ដងអូរ កាត់​ខ្នងភ្នំ​ក្រវាញ ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹកដី​ភូមិសាស្ត្រ សម​ស្រប​សម្រាប់​ការ​សាងសង់ ។

គម្រោង​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៨៨,៣៨​លាន​ដុល្លារ​សហ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​គ្រាប់​មីន យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វា​ង​ចូ​វ វ៉ា​ន​អាន និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន ៤៨​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣ ។

គួរ​កត់​សម្គាល់ថា ផ្លូវជាតិ​លេខ​១០ គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ ដ៏​មាន​សក្តានុពល​របស់​កម្ពុជា អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង ។

គួរ​រំឭក​ផង​ដែរ​ថា នៅ​សម័យ​សង្គ្រាម​តំបន់​វាល​វែង​នេះ គឺជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅ​គគុក ប៉ុន្តែ​តាម​រយៈ ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី តំបន់​នេះ ត្រូវ​បាន​ធ្វើ​សមាហរណកម្ម ទាំងស្រុង និង​បាន​ប្រែ​ក្លាយទៅជា​ដែនដី​រដ្ឋបាល​តែ​មួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​អភិវឌ្ឍ គ្រប់​វិស័យ​ជា​បន្តបន្ទាប់ ក្រោម​ម្លប់​សន្តិភាព និង​សេរីភាព​ពេញលេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ