ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​នៅ​ផ្លូវ​បេតុង​មួយ​ជាប់​នឹង​របង​រោងចក្រ​ដេរ​ស្បែកជើង​ផ្សារ​ដី​ហុយ​

2 ឆ្នាំ មុន
  • កំពត

សំរាម​គឺជា​ប្រភព​ចម្លង​មេរោគ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ថែម​ទៀត​ផង ។ ប៉ុន្តែ​មាន​ពលរដ្ឋ​យើង​​មួយ​ចំ​នួន បាន​យក​សំរាម​ទៅ​ចាក់​ចោល​​នៅ​ផ្លូវ​បេតុង​មួយ​ជាប់​នឹង​របង​រោងចក្រ​ដេរ​ស្បែកជើង​ផ្សារ​ដី​ហុយ

ខេត្តកំពត ៖ សំរាម​គឺជា​ប្រភព​ចម្លង​មេរោគ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ថែម​ទៀត​ផង ។ ប៉ុន្តែ​មាន​ពលរដ្ឋ​យើង​​មួយ​ចំ​នួន បាន​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ផ្លូវ​បេតុង​មួយ​ជាប់​នឹង​របង​រោងចក្រ​ដេរ​ស្បែកជើង​ផ្សារ​ដី​ហុយ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បណ្តាល​ឲ្យ​ជះក្លិន​មិនល្អ​ប៉ះពាល់​ដល់​កម្មករ​កម្ម​ការ​នី ដែល​ធ្វើការ​ក្នុង​រោងចក្រ​ផង ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរផ្លូវ​បេ​តុង​មួយ​ខ្សែ​នេះ​ផង និង​ទាំង​ពលរដ្ឋ​ដែល​ធ្វើ​ដំណើ​រ​តាម​ផ្លូវ​បេតុង​នេះ​ផង​ដែរ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរផ្លូវ​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា សំរាម​ដែល​គេ​យក​មក​ចោល​លើ​ផ្លូវ​នេះ បាន​ជះក្លិន​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរផ្លូវ​នេះពុំ​មាន​លស់​ថ្ងៃ​ទេ ដោយសារ​គេ​ពុំ​សូវ​ឃើញ​រថយន្ត​ប្រមូល​សំរាម​មក​ដឹក​ចេញ​ឲ្យ​បាន​ឆាប់ ។ កន្លង​មក គេ​ឃើញ​សំរាម​នៅ​លើ​ផ្លូវ​នេះ​ត្រូវ​គរ​ចោល​យូរថ្ងៃ ទម្រាំ​រថយន្ត​ប្រមូល​សំរាម​មក​ដឹក​ចេញ​ម្តង​ៗ គឺ​ទុក​ដល់​តែ​ឆ្កែ​ហែក​រាយ​ប៉ាយ​ពេញ​ផ្លូវ​ក៏​មាន ។

បញ្ហា​មាន​អ្នក​យក​សំរាម​មក​ចោល​លើ​ផ្លូ​នេះ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា គេ​សង្កេត​ឃើញ​មាន​ពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​ម្តុំ​ផ្លូវ​ទំនប់​ទៅ​សង្កាត់​ត្រើយ​កោះ មាន​អ្នកខ្លះ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​មិន​ព្រម​ដាក់​ទុក​ឲ្យ​រថយន្ត​មក​ដឹក​នោះ​ទេ គេ​បែរជា​ខ្ចប់​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​ហើយ​យក​ទៅ​ចោល​លើ​ផ្លូវ​បេតុង​នេះ​នៅ​ពេល​យប់ ដើម្បី​កុំ​ឲ្យ​អ្នកមាន​លំនៅ​ឋាន​ក្បែរ​នោះ ឬ​អាជ្ញា
ធរ​និង​សមត្ថកិច្ច​ល្បាត​ឃើញ ។

ប៉ុន្តែ ចំពោះ​ទ​ង្វើ​មិនល្អ​របស់​ជនខិលខូច​លួចលាក់​យក​សំរាម​មក​ចាក់ចោល​លើ​ផ្លូវ ដោយ​លាក់​កំបាំង​ពី​ភ្នែក​អាជ្ញាធរ​ភូមិ​-​សង្កាត់​​​យ៉ាងណា ក៏​មាន​ពលរដ្ឋ​ល្អ​គេ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​ដែរ ហើយ​បង​ប្អូន​បាន​ថតរូប​ភាព​អ្នក​យក​សំរាម​មក​ចោល​ពេល​យប់​លើ​ផ្លូវ​បេតុង ផ្ញើ​ជូន​អ្នក​សារព័ត៌មាន​ឲ្យ​ផ្តិត​យក​រូបភាព​ចុះ​ផ្សាយ​ផង​ដែរ ។

ទាក់ទិន​នឹង​បញ្ហា​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ភូមិ​-​សង្កាត់​អណ្តូង​ខ្មែរ ដែល​ធ្វើ​ឲ្យ​ជន​មួយ​ចំនួន​យក​សំរាម​ពី​ផ្ទះ​របស់​ខ្លួន​មក​ចោល​គរ​លើ​ផ្លូវ​បេតុង​ខាងលើ​នេះ អ្នក​យក​ព័​ត៌​មាន​យើង​បាន​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​សង្កាត់​ដើម្បី​សាកសួរ​ដែរ តែ​ទូរ​សព្ទ័​មិន​អាច​ទាក់ទង​បាន ។

ភ្នាក់ងារ​យើង​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ ហើយ​លោក​បាន​​ប្រាប់​​ថា អាជ្ញាធរ​ភូមិ​-​សង្កាត់​រហូត​ដល់​ក្រុង បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​ទីប្រជុំ​ជន ក៏​ដូច​នៅ​តាម​មុខ​លំ​នៅ​ឋាន​របស់​បងប្អូន ។ សំរាម និង​កាក​សំណល់​ត្រូវ​មានការ​វេច​ខ្ចប់​ទុកដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​ចោល​ពាស​វាល​ពាស​កាល​បាន​ទេ តែ​នៅ​ទីប្រជុំជន​(​ក្នុង​ផ្សារ​)​យើង​ធ្វើ​បាន​ល្អ​។ ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាយ​ផ្សារ​ឬ​ជាយក្រុង ច្រើន​តែ​មាន​បងប្អូន​ពល​រដ្ឋ​ខ្លះ​មិន​យកចិត្តទុកដាក់​តាម​សំណូមពរ និង​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ បង្ក​ភាព​អ​នា​ធិ​ប​តេ​យ្យ​ក្នុង​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​នេះ ។

លោក​អភិបាលក្រុង​មាន​ប្រសាសន៍​ថា ទោះបី​ជា​យ៉ាងណា ក្រោយ​ពី​ចប់​អាណត្តិ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចាស់​ទៅ អាជ្ញាធរ​ខេត្ត ដោយ​​ផ្អែក​លើ​អនុក្រឹត្យ​លេខ​១១៣ បាន​បង្កើត​សមាគម​ប្រមូល​សំរាម​ថ្មី ដែល​មានឈ្មោះ​ថា កំពត​បៃតង គឺ​គ្រប់គ្រង​ដោយ​សមាគម​ប្រមូល​សំរាម ។

លោក​អភិ​បាក​ក្រុង​បាន​រំឭក​ថា កន្លង​មក​មាន​បងប្អូន​មួយ​ចំនួន​បាន​គេចវេះ មិន​ព្រម​ចូល​រួម​បង់ថ្លៃ​សេវា​សំរាម​តាម​ផ្ទះ​របស់​ខ្លួន​ទេ ទើប​មាន​អ្នក​វេច​ខ្ចប់​សំរាម និង​កាក​សំណល់​ផ្សេង​ៗ​ចោល​ពាស​វាល​ពាស​កាល ។ ដូច្នេះ​ហើយ​ចាប់ពី​ពេល​នេះ​ទៅ អាជ្ញាធរ​នឹង​ចាត់វិធានការ​លើ​បុគ្គល​ណា​ដែល​មិន​គោរព​ច្បាប់ ស្តី​ពី​ការ​សំអាត​អ​នា​ម័​យ​បរិស្ថាន និង​មិន​ចូលរួម​បង់​សេវា​សំរាម​តាម​ផ្ទះ​របស់​ខ្លួន បើ​មិន​គោរព គឺ​ត្រូវ​តែ​ផាកពិន័យ​ឲ្យ​តឹងរ៉ឹង​បំផុត ទើប​ក្រុង​កំពត​របស់​យើង​មាន​អនាម័យ​ល្អ សក្តិ​សមជា​ក្រុង​កំពត​បៃតង និង​ជា​ខេត្ត​តំបន់ឆ្នេរ​ស្អាត​នា​ទិសនិរតី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ