ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ប្រើ​ធម៌​ក្តៅ​រុះរើ​សំ​យ៉ាប​តូប​នៅ​ផ្សារ​វាល​យន្ត ក្រោយ​ប្រាប់​ច្រើន​ដង​មិន​ស្តាប់

1 ខែ មុន
  • ស្វាយរៀង

លោកអភិបាលរង​ក្រុង​ស្វាយ​រៀង បាន​អះអាង​ថា អាជ្ញាធរ​នឹង​ប្រើ​វិធាន​ការណ៍​ក្ដៅ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​រុះរើ​សំ​យ៉ាប​តូប​ចេញ ដោយ​ឈប់​យោគយល់​ទៅ​លើ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​

ខេត្តស្វាយរៀង ៖ លោក​សរ សុ​ដា​នី អភិបាលរង​ក្រុង​ស្វាយ​រៀង បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១​នេះ អាជ្ញាធរ​នឹង​ប្រើ​វិធាន​ការណ៍​ក្ដៅ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​រុះរើ​សំ​យ៉ាប​តូប​ចេញ ដោយ​ឈប់​យោគយល់​ទៅ​លើ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​លក់ដូរ​រំ​លោ​.​ភយ​ក​ចំណី​ផ្លូវ​នៅ​ផ្សារ​វាល​យន្ត​ទៀត​ហើយ​។

លោក​បាន​បន្ត​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ក្រុង នា​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​រៀបចំ​សណ្ដាប់ធ្នាប់ ដោយ​ប្រើ​វិធានការ​ក្ដៅ​ទៅ​លើ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​លក់ដូរ​រំ​លោ​.​ភយ​ក​ចំណី​ផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ បន្ទាប់​ពី​បាន​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សា​ហើយ នៅ​តែ​រឹងទទឹង​រឹងរូស ដោយ​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​ឡើយ​។

លោក​បន្ថែម​ថា រដ្ឋបាល​ក្រុង​ស្វាយ​រៀង បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​ចាក់​មេក្រូ ធ្វើ​លិខិត​ដាស់តឿន​ជា​លាយលក្ខណ៍អក្សរ និង​គ្រប់​មធ្យោបាយ​ផ្សេង​ៗ ដោយ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​អាជីវករ​ឲ្យ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​។ ការ​ចុះ​អនុវត្ត​របស់​រដ្ឋបាល​ក្រុង​នេះ គឺ​ធ្វើ​ដើម្បី​ផលប្រយោជន៍​រួម មិនមែន​បុគ្គល​ណាមួយ​នោះ​ទេ ដោយ​ក្នុង​នាម​ជា​អាជ្ញាធរ គឺ​មាន​តួនាទី​ភារកិច្ច​សម្រាប់​រៀបចំ​សណ្ដាប់ធ្នាប់​ដល់​អាជីវករ​ដែល​ដាក់​តាំង​ទំនិញ​នានា ដើម្បី​ថែរក្សា​សោ​ភ័​ណ្ឌ​ភាព និង​សណ្ដាប់ធ្នាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ ធំ​ទូលាយ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។

លោក​បន្ថែម​ទៀត​ថា បើកាលណា​ក្រុម​អាជីវករ​រៀបចំ​លក់ដូរ​មាន​សណ្ដាប់ធ្នាប់​ល្អ មាន​លំហូរ​ចរាចរណ៍​ធំ​នោះ គឺ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន​ទិញ​មុខទំនិញ បន្លែ និង​របស់របរ​ផ្សេង​ៗ មានចិត្ត​សប្បាយ​រីករាយ​។ ចំណែក​ការ​លក់ដូរ​វិញ ក៏​មានចិត្ត​សប្បាយ​ក្នុង​ការ​លក់ដូរ​របស់របរ​ទំនិញ និង​ធ្វើ​ឲ្យ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ប៉ុន្តែ​ក៏​មាន​អាជីវករ​មួយ​ចំនួន​ធ្វើ​តម្រាប់​តាម​គ្នា ដោយ​មិន​គិត​ពី​ផលប្រយោជន៍​រួម​ទេ គឺ​គិត​យក​តែ​ឈ្នះ​ចាញ់​រៀង​ៗ​ខ្លួន ដើម្បី​បាន​លក់ដូរ​សង់​សំ​យ៉ាប​តូប​បំពាន​លើ​ចំណី​ផ្លូវ ហើយ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ក្រុង ក៏​មិន​សប្បាយចិត្ត​ដែរ​។

លោក​ក៏​បាន​សំណូមពរ​ដល់​ក្រុម​អាជីវករ ដែល​តាំង​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ជុំវិញ​ផ្សារ​វាល​យន្ត ក៏​ដូច​ជា​ទូ​ទាំង​ក្នុង​ក្រុង​ស្វាយ​រៀង និង​ធ្វើ​សំ​យ៉ាប​ផ្ទះ​លយ​មក​លើ​ចំណី​ផ្លូវ និង​សាងសង់​សំណង់​ផ្សេង​ៗ ត្រូវ​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​ស្វាយ​រៀង ត្រូវ​កាត់​ចេញ​ដោយ​ខ្លួនឯង សូមកុំ​រង់ចាំ​ដល់​អាជ្ញាធរ​ចុះ​អនុវត្ត​ដោយ​ប្រើ​ធម៌​ក្ដៅ​ដូច​នៅ​ពេល​នេះ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សម្ភារៈ និង​ខាត​ពេលវេលា​ផលប្រយោជន៍​របស់​បងប្អូន ហើយ​បាន​ស្រែ​កថា អយុត្តិធម៌ អាជ្ញាធរ​ប្រើ​ធម៌​ក្ដៅ​នោះ គឺ​មិន​ពិត​ទេ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ជុំវិញ​នៅ​ផ្សារ​វាល​យន្ត ក៏​បាន​សាទរ​យ៉ាង​ខ្លាំង​ដល់​រដ្ឋបាល​ក្រុង​ស្វាយ​រៀង ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ក្រុង និង​កងកម្លាំង ព្រមទាំង​ក្រុមការងារ​ដែល​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ឱ្យ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​មិន​មានការ​កកស្ទះ​ដូច​មុន ។

រី​ឯក​ក្រុម​អាជីវករ​ដែល​រង​ការ​រុះរើ​សំ​យ៉ាប​តូប​វិញ​បាន​លើក​ឡើង​ថា ការ​ចុះ​រុះរើ​នេះ មិន​យុត្តិធម៌ ដោយ​អ្នក​ប្រកប​មុខរបរ​ផ្ញើ​កង់​ម៉ូតូ ធ្វើ​សំ​យ៉ាប​រំ​លោ​.​ភ​ចំណី​ផ្លូវ​ខាងជើង​ផ្សារ និង​ខាងត្បូង​ផ្សារ​ច្រើន​ជាង​សំ​យ៉ាប​តូប​លក់ដូរ ហេតុ​អី​អាជ្ញាធរ​មិន​រុះរើ? ។

ចំណែកឯ​តំណាង​ម្ចាស់​ភាស៊ី​ផ្សារ​វាល​យន្ត ក៏​បាន​ថ្លែង​ដោយ​មិន​ពេញចិត្ត​ថា ក្រុមហ៊ុន​ទើបតែ​ដេញថ្លៃ​បាន​២​ថ្ងៃ មានការ​អនុវត្ត​ធម៌​ក្តៅ​ពី​អាជ្ញាធរ ដោយ​មិន​បាន​ផ្តល់​ដំណឹង​ជូន​ម្ចាស់​យក​ភាស៊ី​ឲ្យ​បានដឹង ហើយ​បើ​នៅ​មាន​បន្ត​អនុវត្ត​រុះរើ​កន្លែង​ផ្សេង​ទៀត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​យក​ភាស៊ី​ផង​ដែរ​៕