ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“ខ្មែរធ្វើបាន” ​ដោយ​ភាព​ម្ចាស់​ការ មិន​ពឹង​ជំនួយ និង​អ្នកបច្ចេកទេស​បរទេស​ណា ដើម្បី​ស្ថាបនា​សមិទ្ធផល​ដ៏​ធំធេង ក្នុង​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១…

ខេត្ត​ព្រះ​សីហ​នុ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២១ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ចំនួន ៣៧​ខ្សែ និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​មួយ និង​ទី​ពីរ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​ខេត្ត មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ យុវជន និង​បងប្អូន​ប្រជាពលរដ្ឋ ។

ថ្លែង​ក្នុង​សុន្ទរកថា ស្វាគមន៍ និង​របាយការណ៍​គោរព​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី និង​អង្គពិធី​ទាំងមូល ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) បាន​កត់សម្គាល់​ថ្ងៃ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៧​ខ្សែ ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា កំពុង​អបអរសាទរ​ខួប​លើក​ទី​៤៣ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ ១៩៧៨ ២​ធ្នូ ២០២១ ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា ៖ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែល​បាន​សង្គ្រោះ អាយុជីវិត​ប្រជាជន​ខ្មែរ​ឱ្យ​ចាក​ផុត​ពី​មហន្តរាយ នៃ​របប​អាវ​ខ្មៅ និង​បាន​ស្ដារ​កសាង និង​អភិវឌ្ឍន៍​មាតុភូមិ កម្ពុជា​ឱ្យ​ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ ។

ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ៖ ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង ចំនួន ៣៧​ខ្សែ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​កែ​លម្អ​ខ្សែ​ផ្លូវ​មេ​យុទ្ធសាស្ត្រ នៃ​ប្រព័ន្ធ​នគរូបនីយកម្ម គមនាគមន៍​ដឹក​ជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និង​ទេសចរណ៍ នៃ​ខេត្ត​ព្រះ​សីហ​នុ សំដៅ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សោភ័ណ​ភាព​របស់​ខេត្ត​នេះ​ផង​ដែរ ។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ចំនួន​៣៧​ខ្សែ នៅ​ក្រុងព្រះសីហនុ​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះ​សីហ​នុ ចក្ខុវិស័យ​ឆ្នាំ ២០៣០ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយទៅជា​ប៉ូ​ល​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព មជ្ឈមណ្ឌល​កម្សាន្ត​ជាតិ តាម​រយៈ​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប និង​ការ​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ជាតិ មជ្ឈមណ្ឌល​កំណើន​ជាតិ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​។

ថ្លែង​ទៅ​កាន់​អង្គពិធី​នា​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ សមិទ្ធផល​នេះ​កើត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ គ្មាន​ប្រើ​អ្នកបច្ចេកទេស​បរទេស គ្មាន​លាយឡំ​ជាមួយនឹង​ជំនួយ​បច្ចេកទេស ឬ​ជំនួយ​ថវិកា​ពី​បរទេស​ណា​ទេ និង​បាន​រំលឹក​ថា ៖ ដូនតា​យើង​អាច​សាងសង់​អង្គរវត្ត​បាន រឿង​អី​ដែល​ខ្មែរ​យើង​ធ្វើ​ប៉ុណ្ណឹង​មិន​បាន ។

ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ និង​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ នៃ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) និង​សមាជិក​ជា​សហការី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​ជោគ ជ័យ​ដ៏​ត្រចះត្រចង់​នា​ពេល​នេះ ។

ជាង​នេះ​ទៅ​ទៀត សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​មោទនភាព​ជាតិខ្មែរ ដែល​សម្រេច​បាន​សមិទ្ធផល​ដ៏​ធំធេង​នេះ និង​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ខ្មែរ មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រីករាយ​នឹង​សមិទ្ធផល ដែល​ខ្មែរ​ធ្វើ​បាន និង​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ផង​ដែរ​ចំពោះ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ មន្ត្រីរាជការ​ជុំវិញ​ខេត្ត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ផ្ដល់​កិច្ចសហការ​ដ៏​ល្អ​ក្នុង​ការ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជាទី​ក្រុង​ទំនើប និង​មាន​ភាព​រីក​ចម្រើន ។

សូម​ជម្រាប​ជូន​ថា ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​ចំនួន ៣៧​ខ្សែ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ប្រវែង​សរុប ៨៤ គីឡូម៉ែត្រ និង​មាន​ផ្ទៃក្រឡា​សរុប ១,៤៧០,៥១១​ម៉ែត្រការ៉េ សាងសង់​ដោយ​អង្គភាព និង​ក្រុមហ៊ុន​ចំនួន ៨ ចែក​ចេញ​ជា​បី​ប្រភេទ​រួម​មាន ៖ មហាវិថី​ចំនួន បី ខ្សែ​ប្រវែង ២០,៨ គីឡូម៉ែត្រ វិ​ថី​ចំនួន​១៥​ខ្សែ ប្រវែង ៥០,៣ គីឡូម៉ែត្រ និង​អនុ​វិ​ថី​ចំនួន ១៩​ខ្សែ ប្រវែង ១២,៨ គីឡូម៉ែត្រ ខ្សែ​ផ្លូវ​នីមួយ​ៗ ធ្វើ​ពី​បេតុង​សរសៃដែក ក្រាល​ដោយ​កម្រាល​កៅស៊ូ​បេ​ទី​ម មាន​បណ្ដាញ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់​ផ្សេង​គ្នា ចិញ្ចើម​ផ្លូវ​មាន​ខឿន​ថ្ម​ក្រា​នី​ត ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការ​ភាព និង​ផ្លូវ​ជិះ កង់​ក្រាល​ថ្ម​ក្រា​នី​ត ដោយ​បាន​គិតគូរ​តាម​ប្លង់​នគរូបនីយកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ដែល​មាន​ភាព​ចាំបាច់ ដើម្បី​ធ្វើ​ឱ្យ​ក្រុងព្រះសីហនុ ក្លាយជា​ទីក្រុង ដែល​មាន​ចរាចរណ៍​ល្អ​ប្រសើរ​ប្រកបដោយ​និរន្តរភាព ។

លើស​ពី​នេះ​ទៀត គម្រោង​បាន​សាងសង់​ស្ពាន​ចំនួន ៩​កន្លែង ប្រវែង​សរុប ២៩៦​ម៉ែត្រ ដើម្បី​ត​ភ្ជាប់​ខ្សែ​ផ្លូវ ទាំងអស់ បាន​រៀបចំ​ទីលាន​តេ​ជោ ដែល​មាន​ទំហំ ២៣,៥៩៣ ម៉ែត្រការ៉េ សម្រាប់​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ពិធី ជួបជុំ ហាត់ប្រាណ និង​ដើរ​កំសាន្ត បាន​រៀបចំ​ចំណតរថយន្ត​ទេសចរណ៍ ចំនួន ១០​ចំណត និង​រថយន្ត គ្រួសារ​ចំនួន​១១៤ ចំណត បំពាក់​កាមេរ៉ា​សុវត្ថិភាព ចំនួន ៥៣៣​គ្រឿង ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ចំនួន ៤,៥៩២ បង្គោល​បំពាក់​អំ​ពូ​ល​ភ្លើង​ឆ្លាត បំភ្លឺ​ផ្លូវ​សាធារណៈ ចំនួន ៥,៣០០​អំ​ពូ​ល ដាំ​ផ្កា ដាំ​ដើមឈើ នៅ​អម​សងខាង​ផ្លូវ ដាំ​ស្មៅ ស្ថាបនា​ចម្លាក់ បដិមា​ចំនួន ៥ ទីតាំង ចាក់​បំពេញ​ខ្សាច់​ស រៀបចំ​ផ្លូវ​ថ្មើរជើង តាម​បណ្ដោយ​ឆ្នេរ​ប្រវែង ៩,៣២ គីឡូម៉ែត្រ សាងសង់​បន្ទប់ទឹក​សាធារណៈ ចំនួន ១១ កន្លែង រៀបចំ​កន្លែង​អង្គុយ​កំសាន្ត​សាធារណៈ និង​ស្ដារ​អូរ​ប្រឡាយ​ផង​ដែរ ។

ដោយឡែក គម្រោង​បាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទី​១ និង​ទី​២ ក្នុង​គោលបំណង ដើម្បី​បន្សុទ្ធ​ទឹក​កខ្វក់ ទឹក​ស្អុយ ឱ្យ​ក្លាយជា​ទឹក​មាន​សុវត្ថិភាព ស្រប​តាម​ស្តង់ដា​បរិស្ថាន មុន​នឹង​បញ្ចេញ​ចោល​ទៅ​ក្នុង​សមុទ្រ ដោយ​ប្រើ​ប​ចេ្ច​ក​វិទ្យា​ចុង​ក្រោយ MABR មក​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​បច្ចេកវិទ្យា​ដែល​មាន​ស្ថិរភាព ប្រសិទ្ធភាព​ខ្ពស់ សន្សំ​សំចៃ​ថាមពល គ្មាន​សំឡេង​រំខាន និង​គ្មាន​ក្លិន ប៉ះពាល់​ដល់​អ្នក​រស់នៅ​ជុំវិញ ដោយ​ក្នុង​នោះ ៖ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម ទឹក​កខ្វក់ ក្នុង​បរិមាណ ៥,២០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៣ ដែល​មាន​ផ្ទៃដី ៣៦៤​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ។
ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ទី​២ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ក្នុង​បរិមាណ​៧,២០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៤ ដែល​មាន​ផ្ទៃដី ៤៨៦​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ។

ចំណែកឯ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ទី​៣ កំពុង​ដំណើរការ​សាងសង់ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ២០,០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ទទួល​រងទឹក​កខ្វក់​ពី តំបន់​ទី​៥ និង​តំបន់​ទី​៦ ដែល​មាន​ផ្ទៃដី ២,៦៩០​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ដែល​សាងសង់​ដោយ ក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD ។

ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​ដែល​បាន​ស្ថាបនា​រួច​ខាងលើ បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣២៤,០៧៩,៩៦៤ ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​ថវិកា​របស់​រាជរដ្ឋាភិបាល​ចំនួន ៣១០,៤៦៦,២៧៦ ដុល្លារ​អា​មេ​រិ​ក រួម​ជាមួយនឹង​ថវិកា​ពី​សប្បុរ​ជន​ក្នុងស្រុក​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ ។

សមិទ្ធផល​ទាំងនេះ​នឹង​ចូលរួម សម្រួល​លំហូរ​ចរាចរណ៍ ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បង្កើត​ការងារ​ធ្វើ បង្កើន​ប្រាក់​ចំណូល ដល់​ពលរដ្ឋ កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ធ្វើ​ឱ្យ​ប្រជាជន​មាន​ជីវភាព​ល្អ​ប្រសើរ​មាន​សុខដុម​ក្នុង​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ