ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​តំបន់​លិចលង់​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សិក្សា និង​លើក​ជា​គម្រោង ដើម្បី​ធ្វើការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សិក្សា និង​លើក​ជា​គម្រោង ដើម្បី​ធ្វើការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ផ្លូវ ស្ពាន ប្រឡាយ​មេ បណ្ដាញ​លូ ជាដើម ឡើង​វិញ ក្រោយ​ពី​ទឹកជំនន់​ព្រែក​ត្នោត បាន​គំរាមកំហែង និង​ធ្វើ​អោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន កាលពី​១​ខែ​មុន​នេះ និង​ដើម្បី​បង្ការ​ទប់ស្កាត់ កុំអោយ​មានការ​គម្រាមកំហែង​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ​នៅ​បណ្តា​ឆ្នាំ​ក្រោយ​ៗ​ទៀត ។

ការ​ជំរុញ​បែប​នេះ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ២០២១​នេះ ក្នុង​ឱកាសលោក​ដឹកនាំ​មន្ត្រី​ជំនាញ​សាលា​រាជធានី និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង នៅ​តាម​បណ្ដា​ប្រឡាយ​មេ ផ្លូវ​មួយ​ចំនួន និង​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត និង​តំបន់​លិច​ទឹក និង​ការ​ដាក់​លូ នៅ​ផ្លូវ​បេតុង ចូល​ទៅ​បឹង​តា​ម៉ាត ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ម័​រ និង​ភូមិ​សំបួរ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ។

ការ​ចុះ​ពិនិត្យ​ទីតាំង​នេះ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​ស្ថាបនា​លូ​ជា​មុន​សិន ស្ថាបនា​ផ្លូវ​តាម​ក្រោយ ដើម្បី​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ។

គិត​ត្រឹម​ថ្ងៃ​ទី​០២ ធ្នូ​នេះ បើ​តាម​មន្ត្រី​ជំនាញ​ថា ការ​ដាក់​បណ្តាញ​លូ នៅ​ផ្លូវ​បេតុង​ចូល​ទៅ​បឹង​តា​ម៉ាត​នេះ ការងារ​ដាក់​លូ ទំហំ​១​ម៉ែត្រ​៥០ គុណ ២​ម៉ែត្រ បាន​ប្រវែង​៤៥០​ម៉ែត្រ ក្នុង​ប្រវែង​សរុប​៧២៩​ម៉ែត្រ ស្មើ​៦០%​ហើយ ។ ចំពោះ​កា​ងារ​ដាក់​លូ ទំហំ​១​ម៉ែត្រ ក្រម​ការងារ​ដាក់​លូ​បាន​ប្រវែង ១៩០​ម៉ែត្រ​/៩៩៦​ម៉ែត្រ ស្មើនឹង​១៥% ។

ជាមួយ​គ្នា​នេះ អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ពិនិត្យ ស្ថានភាព ប្រឡាយ​ជើងឯក ស្ថិត​នៅ​ក្នុងភូមិ​គំ​រៀង ក្នុង​សង្កាត់​ព្រៃវែង ដែល​ប្រឡាយ​នេះ មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ដោះ​ទឹក​ចេញពី​ផ្លូវជាតិ​លេខ​៣ ចូល​មក​បឹង​ជើងឯក ដែល​មាន​ប្រវែង ១២​គីឡូម៉ែត្រ ។

ពាក់ព័ន្ធ​នឹង​ប្រឡាយ​មេនេះ លោក ឃួ​ង ស្រេង បាន​ស្នើ​អោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ជំនាញ លើក​ជា​គម្រោង ដើម្បី​ស្ថាបនា​ស្ពាន នៅ​ក្នុងភូមិ​កំ​រៀង​សង្កាត់​ព្រៃវែង​នេះ ដោយ​ដាក់​ទ្វា​ទឹក​ផង​ដែរ ។ ប្រឡាយ​នេះ ជា​គម្រោង​និង​ធ្វើការ​ស្ដារ អោយ​បាន​ទទឹង​ពី​១៥​ទៅ​១៦​ម៉ែត្រ ។

លោក ឃួ​ង ស្រេង ក៏​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយ​ចំនួន​ទៀត នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​ផង​ដែរ ដោយ​ផ្លូវ​ទាំងនេះ ត្រូវ​តែ​ធ្វើការ​ជួសជុល​ឡើង​វិញ និង​ស្ថាបនា​អោយ​បាន​ធំ និង​ខ្ពស់​ជាង​មុន ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ស្ថានភាព​ទឹក​ព្រែក​ត្នោត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ កម្ពស់​ទឹក​ចេះ​តែ​កើនឡើង ដោយសារ​មានការ​អភិវឌ្ឍន៍​ច្រើន​នៅ​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​មក​ទឹកស្ទឹង​ព្រែក​ត្នោត​តែ​មួយ ។ ដូច្នេះ​ហើយ​ទើប​កំពស់​ទឹក​កើន​ឡើងជា​លំដាប់​នោះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លើក​ជា​ទំនប់​តាម​បណ្ដោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ ឲ្យ​បាន​ខ្ពស់​ជាង​មុន ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​លិចលង់ អោយ​បាន​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ៕