រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ៣០ ខែវិចិ្ឆកា មក កម្ពុជាបានបើកទទួលអ្នកទេសចរបរទេសវ៉ាក់សាំងឱ្យទៅសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយមិនតម្រូវឱ្យធ្វើចក្តាឡីស័កអ្វីទាំងអស់ ឱ្យតែលទ្ធផលតេស្តចូលមកអវិជ្ជាមាន ។ បើតាមអាកាសចរណ៍ស៊ីវិលកម្ពុជា បញ្ជាក់ថា នៅថ្ងៃទី ៣០ វិច្ឆិកាមានអ្នកទេចរប្រមាណ ៤០០ នាក់បានចូលមកកម្ពុជា ហើយនៅថ្ងៃទី ១ ធ្នូ ចំនួនបានកើនដល់ ៦០០ នាក់ ។
តាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ការហោះហើរតាមកម្មវិធី (Scheduled Flights) ចាប់ពីខែធ្នូ ឆ្នាំ ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ ជើង/សប្តាហ៍), Bangkok Airways មកពីបាងកក (៧ ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ ជើង/សប្តាហ៍) ។ ដោយឡែក សម្រាប់ខែធ្នូ ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់ ១៤ ជើងក្នុងមួយសប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន ៧ ជើងក្នុងមួយសប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក (Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន ២ ជើងក្នុងមួយសប្តាហ៍ ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឱ្យដឹងថា «ចាប់ពីខែធ្នូ ឆ្នាំ ២០២១ ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង ១ សប្តាហ៍រហូតដល់ ៤៣ ជើង ធៀបទៅនឹងខែមុន (ខែតុលា ឆ្នាំ ២០២១) គឺមានការកើនឡើង ១៦% (កើនឡើងពី ៣៧ ជើង ទៅ ៤៣ ជើងក្នុងមួយសប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ ២០២១ ។ ចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩» ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពទី ១ (ចម្បង) ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក ។ អាកាសចរស៉ីវិល នឹងជំរុញនិងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១នេះ បានដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញ ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ចូលមកទស្សនាខេត្តព្រះសីហនុ ។
រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរ ជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ហើយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ ៕
ចែករំលែកព័តមាននេះ