ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​តាម​ផ្លូវជាតិ​ផ្ទុះ​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកធ្វើការ​ខាង​វិស័យ​អចលនទ្រព្យ​បាន​មើលឃើញ​ថា ​សកម្មភាព​វិនិយោគ ពិសេស​ការ​វិនិយោគ​របស់​អ្នក​រកស៊ី​ជនជាតិ​ចិន​ បានក​ម្រើ​កឡើង​វិញ​បន្ទាប់​ពី​កម្ពុជា​បើក​ប្រទេស​ ។ ការ​វិនិយោគ​​គេ​សង្កេត​ឃើញ​នៅ​លើ​បណ្តោយ​ផ្លូវជាតិ ពិសេស​ផ្លូវជាតិ​លេខ ​៤…

រាជធានី​ភ្នំពេញ ៖ អ្នកធ្វើការ​ខាង​វិស័យ​អចលនទ្រព្យ​បាន​មើលឃើញ​ថា ​សកម្មភាព​វិនិយោគ ពិសេស​ការ​វិនិយោគ​របស់​អ្នក​រកស៊ី​ជនជាតិ​ចិន​ បានក​ម្រើ​កឡើង​វិញ​បន្ទាប់​ពី​កម្ពុជា​បើក​ប្រទេស​ ។ ការ​វិនិយោគ​​គេ​សង្កេត​ឃើញ​នៅ​លើ​បណ្តោយ​ផ្លូវជាតិ ពិសេស​ផ្លូវជាតិ​លេខ ​៤ ដែល​មាន​កំពង់​ផែ​សមុទ្រ​ ​។

លោក​ឧកញ៉ា សំ សុខ​នឿ​ន ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល ឱ្យ​ដឹង​ថា វិនិយោគិន​ជា​ច្រើន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​ឡើង​វិញ​ជា​បន្តបន្ទាប់ នៅ​ពេល​នេះ ​។ ក្នុង​នោះ​ដែរ​ផ្លូវជាតិ​លេខ ​៤ គេ​ឃើញ​ថា​ មាន​វិនិយោគិន​ជា​ច្រើន​ចាប់អារម្មណ៍​ដាក់​ទុន​វិនិយោគ ជា​ពិសេស​វិនិយោគិន​មក​ពី​ប្រទេស​ចិន​ ។

បើ​តាម​លោកឧកញ៉ា ​សុខ​នឿ​ន ពេល​នេះ វិនិយោគិន​បរទេស​ជា​ពិសេស​ចិន បាន​និង​កំពុង​ចាប់​យក​ឱកាស​របស់​ខ្លួន​ក្នុង​ការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​ផ្លូវជាតិ​លេខ ​៤ ​គឺជា​តំបន់​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​មួយ​នេះ ។ «​ផ្លូវជាតិ​មួយ​នេះ គឺជា​ផ្លូវ​ដែល​មាន​សក្ដានុពល​ស្រាប់​ហើយ​តាំងពី​ដើម ដោយសារ​តែ​វា​ជា​ផ្លូវ​ដែល​ត​ភ្ជាប់​ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ ក្រុងព្រះសីហនុ និង​ទៅ​កាន់​ច្រកព្រំដែន​កម្ពុជា​ថៃ​ ជាដើម ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញពី​កន្លែង​ផលិត​ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ ហើយ​បន្ត​ទៅ​កាន់​ប្រទេស​នានា​លើ​ពិ​ភ​លោក និង​ដឹក​ទំនិញ​ពី​កំពង់​ផែ​មក​កាន់​ទីតាំង​ផលិត​វិញ​ផង​ដែរ​» ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល ខាងលើ​មើលឃើញ​ថា ដោយសារ​តែ​ផ្លូវ​នេះ​មាន​សក្ដានុពល​បែប​នេះ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៤ ​ពី​ចោម​ចៅ​ទៅ​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ​ នៅ​តែ​មាន​ហាងឆេង​ខ្ពស់ ទោះ​ស្ថិត​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ ​១៩ ​ក្ដី ជាក់ស្ដែង​បច្ចុប្បន្ន​នេះ តម្លៃ​ដីធ្លី​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ​៤​ ពី​ចោម​ចៅ​ទៅ​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ​ មាន​តម្លៃ​ចន្លោះ​ពី ​៨០​ ដុល្លារ​អា​មេ​រិ​ក​ទៅ​ដល់ ​៥០០ ​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។ ដី​ដែល​កាន់តែ​ជិត​ភ្នំពេញ​តម្លៃ​ក៏​កាន់តែ​ខ្ពស់ ហើយ​ដីនៅ​ឆ្ងាយ​តម្លៃ​របស់​វា​ក៏​ទាប​ទៅ​តាម​ហ្នឹង​ដែរ ។

ចំណែកលោក ​ប៉ូ អ៊ា​វ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អែ​ដ​វ៉ា​ន់​ស៍ (Advance) បានឱ្យ​ដឹង​ថា ផ្លូវជាតិ​សំខាន់​ៗ​ចេញពី​រាជធានី​ភ្នំពេញ មាន​សក្ដានុពល​ផ្សេង​ៗ​គ្នា ក្នុង​នោះ ឃើញ​ថា​ ផ្លូវជាតិ​លេខ​ ១​ និង​លេខ ​៦​ អា ជា​តំបន់​ដែល​មាន​សក្ដានុពល​ទៅ​ការ​អភិវឌ្ឍ​លំនៅ​ឋាន ហើយ​ផ្លូវជាតិ​ ២​ លេខ ​៣ ​និង​លេខ ​៤ ​ជា​តំបន់​ទាក់ទាញ​ទៅ​លើ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ដោយសារ​តែ​វា​ជា​តំបន់​ដែល​អំណោយផល​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ដែល​ផលិត​រួច​ទៅ​កាន់​កំពង់​ផែ​ទឹក​ជ្រៅ ហើយ​នៅ​ពេល​ខាង​ខេត្តកំពត ​ក៏​មាន​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត ដូច្នេះ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​កំពង់​ផែ​កំពត​កាន់តែ​មាន​ភាព​ងាយស្រួល និង​ជំរុញ​ឱ្យ​ផ្លូវជាតិ​លេខ ​៣​ មាន​សក្ដានុពល​មួយ​កម្រិត​ទៀត ​។

លោក​បន្ត​ថា សម្រាប់​ផ្លូវជាតិ​លេខ ​៤ ពេល​នេះ​ត្រូវ​បាន​មើលឃើញ​ថា បន្ត​ទាក់ទាញ​បាន​នូវ​ការ​វិនិយោគ​ឧស្សាហកម្ម​ពី​ក្នុង​ និង​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ទោះបីជា​រាជរដ្ឋាភិបាល​បាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​បន្ថែម​ក្ដី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ