ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​តាម​វី​ដេ​អូ សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់​ថា កម្ពុជា​ជា​មិត្ត​មួយ​ដ៏​ស្មោះត្រង់​របស់​ជប៉ុន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ហ្វ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយក​រដ្ឋមន្ត្រី​ជប៉ុន ។

នៅ​ក្នុង​ជំនួប​នោះ អ្នកដឹកនាំ​ទាំង​ពីរ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី តំបន់ និង​ឆាក​អន្តរជាតិ​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ។ ជា​ពិសេស​ការ​ផ្តល់​នូវ​ជំនួយ​នានា សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ មាន​ដូច​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ រថយន្ត​សង្គ្រោះ និង​បរិក្ខារ​ពេទ្យ​ដទៃ​ទៀត ។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ជំនួយ​ទាំង​អស់នេះ បាន​ឆ្លើយ​តប​យ៉ាង​សំខាន់​សម្រាប់​តម្រូវការ​របស់​កម្ពុជា​ក្នុង​ការ​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​រំលឹក​ដល់​កិច្ច​សហប្រតិបត្តិការ​ទាំងឡាយ​ក្នុង​ប្រវត្តិសាស្ត្រ ។ ក្នុង​នោះ​បាន​រំលឹក​ពី​ការ​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព​របស់​ជប៉ុន មក​កាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៩២ ដែល​ជា​ការ​បញ្ជូន​កងទ័ព​ចេញ​ក្រៅប្រទេស​លើក​ដំបូង​របស់​ជប៉ុន ។ ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ចង់​ឃើញ​មានការ​រៀបចំ​ពិធី ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នៅ​ឆ្នាំ​២០២២ ដែល​ជា​ខួប ៣០​ឆ្នាំ នៃ​ការ​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព​នេះ ។

សម្តេច​តេ​ជោ ក៏​បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន បន្ត​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍ ហើយ​បន្ត​ជំរុញ​អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន បន្ត​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​រក្សា​សន្តិភាព​របស់​ជប៉ុន និង​កម្ពុជា ។ ជា​ពិសេស​ជួយ​ផ្តល់​ការ​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ។

សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ឲ្យ​មានការ​ហោះហើរ​របស់​ជើងហោះហើរ ANA បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្បើយ​ឡើង​វិញ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹមថា ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ និង​ឆ្លៀត​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​ផង​ដែរ ។ សម្តេច​តេ​ជោ ក៏​បាន​ឆ្លៀត​សង្កត់ធ្ងន់​ជា​ចុង​ក្រោយ​ថា កម្ពុជា ជា​មិត្ត​មួយ​ដ៏​ស្មោះត្រង់​របស់​ជប៉ុន ។

បើ​តាម​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា ក៏បានអោយ​ដឹង​ដែរថា កិច្ចប្រជុំ​រវាង​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា ដែល​មាន​រយៈពេល​ប្រមាណ​ជា ៣៥​នាទី ទិដ្ឋភាព​ទូទៅ​ ​មាន​ដូច​ខាងក្រោម ៖

១. ជាដំបូង លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន លោក គិ​ស៊ិ​ដា បាន​គូសបញ្ជាក់​ថា លោក​ចង់​បំពេញការងារ​រួម​គ្នា ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ភាព​ជោគជ័យ នៃ​កិច្ចប្រជុំ​នានា ពាក់ព័ន្ធ​នឹង​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​នៅ​ឆ្នាំ​ក្រោយ ។ ជា​ការ​ឆ្លើយ​តប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពាំនាំ​សារ​អបអរសាទរ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី គិ​ស៊ិ​ដា ក្នុង​ការ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី និង​បាន​បញ្ចា​ក់ថា លោក​ចង់​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី គិ​ស៊ិ​ដា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ។

២. នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ទស្សនៈ អំពី​អនាគត​នៃ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ។ លោកនាយក​រដ្ឋមន្ត្រី គិ​ស៊ិ​ដា បាន​គូសបញ្ជាក់​ថា ឆ្នាំ​ក្រោយ គឺជា​ខួប​លើក​ទី​៣០ នៃ​សកម្មភាព​ថែរក្សា​សន្តិភាព (PKO) នៅ​កម្ពុជា ហើយ​ថា លោក​ចង់​យក​ឱកាស​នេះ ដើម្បី​ពង្រឹង​ការ​ផ្លាស់​ប្តូរ​វិស័យ​ការពារ​ជាតិ ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ស្រប​នឹង​ទស្សនៈ របស់​លោកនាយក​រដ្ឋមន្ត្រី គិ​ស៊ិ​ដា ហើយ​បាន​ថ្លែងអំណរគុណ ចំពោះ​ការ​រួមចំណែក​របស់​ជប៉ុន ចំពោះ​កម្ពុជា ជា​ពិសេស​សម្រាប់​ការ​ផ្តល់​វ៉ាក់សាំង​បន្ថែម​ប្រមាណ ៣​សែន​ដូ​ស និង​ជំនួយ​ផ្សេង​ៗ​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

៣. នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ពិភាក្សា​យ៉ាង​ច្បាស់លាស់​លើ​បញ្ហា​ក្នុង​តំបន់ ហើយ​បាន​យល់ព្រម​បន្ត​កិច្ច​សហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក ក្រោម​គំនិត​នៃ «​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​សេរី និង​បើកចំហ​» និង​ធ្វើការ​រួម​គ្នា លើ​បញ្ហា​កូរ៉េ​ខាងជើង រួម​ទាំង​បញ្ហា នៃ​ការ​ចាប់ពង្រត់ ។ ទាក់ទង​ទិន​នឹង​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​យល់ព្រម​ធ្វើការ​ជាមួយ​គ្នា ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ដោយសារ​កម្ពុជា ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ។

៤. លើស​ពី​នេះ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ចែករំលែក​នូវ​ទស្សនៈកិច្ច​សហប្រតិបត្តិការ​ឆ្ពោះទៅ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា ក៏​ដូច​ជា​ខួប​លើក​ទី​៥០ នៃ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន ក្នុង​ឆ្នាំ​២០២៣ ។

សូម​បញ្ជាក់​ថា កម្ពុជា និង​ជប៉ុន បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​១៩៥៣ ។ ទំនាក់ទំនង​កម្ពុជា និង​ជប៉ុន មាន​ភាពល្អ​ប្រសើរ​ឡើងជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​ទំនាក់ទំនង ដៃគូ​យុទ្ធសាស្ត្រ​នៅ​ខែធ្នូ ឆ្នាំ​២០១៣ បន្ទាប់​ពី​មានដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ទៅ​កាន់​ប្រទេស​ជប៉ុន ។ ក្រោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ប្រទេស​ជប៉ុន បាន​រួម​ដំណើរ​ជួយ​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព ការ​ស្តារ​ឡើង​វិញ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ដែល​នេះ គឺជា​មូលដ្ឋាន​គ្រឹះ នៃ​ចំណងមិត្តភាព នៃ​ប្រទេស​ទាំង​ពីរ ហើយ​ទំនាក់ទំនង​នេះ​មាន​ភាព​ស៊ីជម្រៅ​ថែម​ទៀត​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង​ការ​ផ្លាស់​ប្តូរ​ធនធានមនុស្ស​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ