ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​ភ្លើង​លេប​ត្របាក់​ត្រឹម​មួយប៉ប្រិចភ្នែក ខូចខាត​អស់​ជាង​២​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ដោយ​សង្ស័យ​ថា ឆ្លង​ចរន្តអគ្គិសនី ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅផ្ទះ ទៅ​រកស៊ី​នៅ​ខេត្ត​ឆ្ងាយ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ដោយ​សង្ស័យ​ថា ឆ្លង​ចរន្តអគ្គិសនី ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅផ្ទះ ទៅ​រកស៊ី​នៅ​ខេត្ត​ឆ្ងាយ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ នេះ​នៅ​ចំណុច​ភូមិ​ហោង ស្ថិត​ក្នុង​ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះ លាភ មាន​ប្រពន្ធ​ឈ្មោះ រី អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ហោង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ចេញ​ទៅ​ធ្វើការ​រកស៊ី​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ទុក​ឱ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ក្មេង​ម្នាក់​នៅ​ចាំផ្ទះ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឮ​សម្លេង​ផ្ទុះ​ផូង​ៗ​នៅ​ក្នុងផ្ទះ​ខាងលើ ក្រោយមក​ក៏​ស្រាប់​តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោរ​សន្ធៅ បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​អស់​តែ​ម្តង​។ ភ្លាម​ៗ​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ពន្លត់​ផង​ដែរ ប៉ុន្តែ​ដោយសារ​អំណាច​ភ្លើង ទើប​មិន​អាច​ជួយ​ពន្លត់​បាន​។

ប្រភព​ដដែល​បន្ត​ថា ផ្ទះ​ដែល​អគ្គិភ័យ​លេប​ត្របាក់​យក​ទៅ​នោះ ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​៦​ម៉ែត្រ គុណ​នឹង​៩​ម៉ែត្រ បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង ដែល​សរុប​រង​ការ​ខូចខាត​អស់​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ខាងលើ​នេះ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ​នោះ​ទេ ហើយ​ក៏​មិន​បាន​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ដែរ​។ ប៉ុន្តែ​បើ​ទោះបីជា សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់ តែ​ក៏​មិន​អាច​ជួយ​បាន​ដែរ​ព្រោះតែ​អំណាច​ភ្លើង គ្រាន់តែ​ជួយ​ទប់ស្កាត់​មិន​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​ឆ្លង​ដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ