ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករ ​ស្រូវ ​ផ្តល់​ចំណូល​ឱ្យកម្ពុជា​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជិត​មួយ​ឆ្នាំ​មកនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គិត​ត្រឹម​រយៈពេល​ ១១ ​ខែ​ក្នុង​ឆ្នាំ ​២០២១ ​នេះ​កម្ពុជា​ បាននាំ​អង្ករ ​និង​ស្រូវ​ទៅ​ក្រៅប្រទេស​សរុប​បាន​ជាង ​៣,៦​…

រាជធានី​ភ្នំពេញ ​៖ គិត​ត្រឹម​រយៈពេល​ ១១ ​ខែ​ក្នុង​ឆ្នាំ ​២០២១ ​នេះ​កម្ពុជា​ បាននាំ​អង្ករ ​និង​ស្រូវ​ទៅ​ក្រៅប្រទេស​សរុប​បាន​ជាង ​៣,៦​ លាន​តោន ​បើ​គិត​ជា​សាច់ប្រាក់ ពោល​គឺ​កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការ​នាំ​ចេញ​នូវ​កសិផល​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ជាង ​១.០០១​ លាន​ដុល្លារ​អា​មេ​រិ​ក ​។

អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១​ នេះ​កម្ពុជា​បានការ​នាំ​ចេញ​អង្ករ​ក្នុង​បរិមាណ​ចំនួន ៥៣២.១៧៩ ​តោន មានការ​ថយ​ចុះ​ចំនួន ​១១,៤៦% បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល ​១១ ​ខែ​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ៦០១ ០៤៥ ​តោន និង​ការ​នាំ​ចេញ​ស្រូវ​មាន​ជាង ​៣,១​ លាន​តោន ទៅ​កាន់​ប្រទេសវៀតណាម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១,៩​ លាន​តោន​) ដែល​មានការ​កើនឡើង​ចំនួន ​១,៣ ​លាន​តោន​ ឬ​ស្មើ ​៧៥,៧៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ១,៧​ លាន​តោន​ ។

បើ​យោង​តាម​របាយការណ៍ ក្នុង​រយៈពេល ​១១ ​ខែ​ឆ្នាំ​ ២០២១ ​នេះ​កម្ពុជា​បាន​នាំ​ចេញអង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៣៨៩. ៩១២​ តោន ស្មើនឹង ៧៣,២៧% ។ ​អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ១៣២.៦៧៥ ​តោន ស្មើនឹង ២៤,៩៣% និង​អង្ករ​ចំហុយ​មាន​ចំនួន ៩.៥៩២ ​តោន ស្មើនឹង ១,៨០% ​។

នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​សហភាព​អឺរ៉ុប​ចំនួន ​២២ ​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៣៤.៤៣៨​ តោន (​ថយ​ចុះ ​២៨,៦៦%), ទិស​ដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ២៦៥.២៤៤​ តោន កើនឡើង​ជាង ​១២% , ទិស​ដៅ​អាស៊ាន​ចំនួន ៧ ​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៥៤. ៣៥០​ តោន​ថយ​ចុះ​ជាង ​៣០% និង​ទិស​ដៅ​ដទៃ​ទៀត​ចំនួន ​២៤ ​ប្រទេស មាន​បរិមាណ​សរុប ៧៨.១៤៧​ តោន ថយ​ចុះ​ជាង ​២១%​ ។

ការ​នាំ​ចេញ​អង្ករ​ទៅ​ខាងក្រៅ​ប្រទេស កម្ពុជា​មាន ​៦១ ​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ ១០ មាន​រហូត​ដល់ ៣៩៣.១៣១​ តោន​ស្មើ​ ៧៣,៨៨% និង​ក្រុមហ៊ុន ​៥១ ​ដទៃ​ទៀត​បាន​នាំ​ចេញ​ត្រឹមតែ ១៣៩.០៤៨​ តោន​ ឬ​ស្មើ​ប្រមាណ ​២៦,១២%​ ។ តាម​ការ​វាយតម្លៃ​ថា រយៈពេល​ ១១ ​ខែ​មកនេះ ការ​នាំ​ចេញ​អង្ករ​មាន​ជាង ​៤៥៤​ លាន​ដុល្លារ​អា​មេ​រិ​ក ​និងការ​នាំ​ចេញ​ស្រូវ​មាន​ជាង ​៥៤៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ