រាជធានីភ្នំពេញ ៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា ជុំវិញនៅការរីករាលដាលជំងឺកូវីដ ១៩បំប្លែងខ្លួនថ្មី «អូមីក្រុង» នេះ ចង់មិនចង់វាធ្វើឱ្យប៉ះពាល់ទៅដល់វិស័យទេសចរណ៍កម្ពុជា ស្របពេលកម្ពុជាទើបប្រកាសបើកទ្វារទទួលភ្ញៀវទេសចរ ចាក់វ៉ាក់សាំង នោះ ។ លោកស្រីបានឱ្យដឹងថា វីរុសបំប្លែងថ្មីនេះជាឧបស័គ្គសម្រាប់ភ្ញៀវទេសសចរខ្លះ ពីព្រោះពួកគាត់ខ្លាចរអានឹងជំងឺកូវីដ ១៩ ដូច្នេះពួកគេនឹងធ្វើការផ្អាកការធ្វើដំណើរមួយរយៈទៀតសិន ។
ប្រធានសមាគមទេសចរណ៍កម្ពុជាបានបញ្ជាក់ថា «សម្រាប់កម្ពុជាបានការចេញសេចក្តីប្រកាសហាមឃាតការធ្វើដំណើរនៅប្រទេសទាំង ១០ ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយខ្ញុំតំណាងឱ្យវិស័យឯកជនសូមគាំំទ្រ ។ យើងត្រូវតែមានការទប់ស្កាត់ដើម្បីឱ្យភ្ញៀវទេសចរផ្សេងទៀតមានទំនុកចិត្តក្នុងការចូលមកកម្សាន្តនៅកម្ពុជា បន្ទាប់ពីគេបានឃើញនូវសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ។ តែបើសិនយើងមិនបិទឬហាមឃាត់ទេ វាអាចធ្វើឱ្យភ្ញៀវទេសចរមានការខ្លាចរអាកាន់តែច្រើន ដូចនេះយើងត្រូវតែបង្ហាញការទប់ស្កាត់និងការចូលរួមជាមួយពិភពលោក» ។
លោក ធឿន វុឌ្ឍី មគ្គទេសក៍ទេសចរនៅខេត្តសៀមរាបលើកឡើងថា នេះជាដំណឹងគួរឱ្យព្រួយបារម្ភ ពីព្រោះថា កម្ពុជាទើបបានបើកប្រទេសមិនទាន់បានប៉ុន្មានផងស្រាប់តែមានព័ត៌មានបែបនេះ ។ “ខាងខ្ញុំទើបបានចាប់ផ្តើមបម្រើសេវាកម្មជូនផ្ញៀវក្នុងស្រុកបានខ្លះៗ មិនទាន់មានការកក់ពីភ្ញៀវបរទេសផង ស្រាប់តែចេញវីរុសបំលែងថ្មី អូមីក្រុង ដែលជាការបង្អាក់គម្រោងទេស ចរណ៍របស់ភ្ញៀវទាំងឡាយជាបន្ទាន់ ។ តាមមគ្គទេសក៍ទេសចររូបនេះថា កាលពីថ្ងៃទី ២៧ វិច្ឆិកានេះ បានផ្តល់សេវាជូន សភាយុវពាណិជ្ជករអន្តរជាតិ ក្នុងកម្មវិធី វនយាត្រា “ដើរព្រៃ” នៅរមណីយដ្ឋានមហិន្ទ្របព៌ត ភ្នំគូលែន“ ។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៩វិច្ឆិកា ២០២១ បានឱ្យដឹងថា អង្គការសុខភាពពិភពលោកបានរាយការណ៍ពីការរកឃើញវីរុសបំប្លែងខ្លួនថ្មីនៅបណ្តាប្រទេសមួយចំនួនៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា «អូមីក្រុង» ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភនៃការរាលដាលមេរោគកូវីដ ១៩ ប្រភេទបំប្លែងខ្លួនថ្មី ។ កម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរនៅប្រទេសទាំង ១០ ក្នុងកំឡុងពេល ៣ សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ ១៩ ប្រភេទអូមីក្រុង ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ ៕
ចែករំលែកព័តមាននេះ