អាហ្វហ្គានីស្ថាន ៖ របាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថា អតីតកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានជាង ១០០នាក់ ត្រូវបានសម្លា.ប់ដោយក្រុមតាលីបង់ ឬបាត់ខ្លួន ចាប់តាំងពីក្រុមនេះឡើងកាន់អំណាចមក។
អង្គការសិទ្ធិមនុស្សបាននិយាយថា ការលើកលែងទោសដែលសន្យាដោយមេដឹកនាំតាលីបង់ មិនបានការពារមេបញ្ជាការតាលីបង់ក្នុងតំបន់សម្លា.ប់អតីតទាហាន និងប៉ូលីសអាហ្វហ្គានីស្ថានឡើយ និងបានចោទប្រកាន់ថ្នាក់ដឹកនាំតាលីបង់ពីបទបណ្តោយឲ្យមានការសម្លា.ប់គិតទុកជាមុន។
ប៉ុន្តែអ្នកនាំពាក្យតាលីបង់បានបដិសេធថាមានការសម្លា.ប់កើតឡើង។
តាលីបង់បានដណ្តើមគ្រប់គ្រងអាហ្វហ្គានីស្ថានបាននៅក្នុងខែសីហា ឆ្នាំ ២០២១នេះ ក្រោយពេលកងទ័ពអាមេរិកដកចេញចុងក្រោយ បន្ទាប់ពីឈរជើងអស់រយៈពេល ២០ឆ្នាំ។ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសមុនពេលមានការគ្រប់គ្រងពីពួកតាលីបង់។
ក្រុមជ្រុលនិយមនេះ បានធានាដល់អតីតបុគ្គលិករដ្ឋាភិបាលអាហ្វហ្គានីស្ថានថា ពួកគេនឹងមានសុវត្ថិភាពក្រោមការលើកលែងទោសដល់អ្នកទាំងឡាយណាដែលបម្រើការឲ្យស្ថាប័នប៉ូលីស ទាហាន និងសាខាផ្សេងទៀតរបស់រដ្ឋ។
ទោះយ៉ាងណា មនុស្សជាច្រើនមានការសង្ស័យពីការសន្យាលើការលើកលែងទោសនោះ ដោយក្រុមតាលីបង់មានប្រវត្តិយូរមកហើយពីការសម្លា.ប់សមាជិកកងកម្លាំងសន្តិសុខ និងឥស្សរជនសង្គមស៊ីវិលនៅអាហ្វហ្គានីស្ថាន។
ក្រុមនេះបានធ្វើយុទ្ធនាការដ៏សាហា.វឃោរឃៅ និងបង្ហូរឈា.មអស់រយៈពេល ១៨ខែចាប់ពីដើមឆ្នាំ ២០២០ ហើយទីបំផុតដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានបាននៅខែសីហា។ ក្នុងយុទ្ធនាការនោះមានការសម្លា.ប់ចៅក្រុម អ្នកកាសែត និងសកម្មជនសន្តិភាពជាច្រើន។
អ្នកវិភាគនិយាយថា យុទ្ធនាការនោះត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់អ្នករិះគន់ មុនពេលវិលត្រឡប់មកកាន់អំណាច និងបង្កការភ័យខ្លាចដល់អ្នកនៅរស់រានមានជីវិត។
របាយការណ៍អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ការសម្លា.ប់បានបន្តកើតមានឡើងក្រោមការដឹកនាំរបស់ក្រុមតាលីបង ដោយមនុស្សជាង ១០០នាក់ស្លា.ប់ ឬបាត់ខ្លួនក្នុងខេត្តចំនួន ៤របស់អាហ្វហ្គានីស្ថាន។
របាយការណ៍និយាយទៀតថា ក្រុមតាលីបង់ក៏បានប្រើប្រាស់កំណត់ត្រាការងារដែលបន្សល់ទុកដោយអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដើម្បីកំណត់អត្តសណញ្ញាមនុស្ស ដើម្បីចាប់ខ្លួន និងប្រហារជីវិតរបស់ពួកគេ។
ប៉ុន្តែកាលពីថ្ងៃសោរ៍កន្លងទៅ នាយករដ្ឋមន្ត្រីតាលីបង់លោក Mohammed Hassan Akhund បានធ្វើការបដិសេធថា គ្មានការសងសឹកណាមួយកើតឡើងឡើយ៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ