ខេត្តស្វាយរៀង៖ លោក ប៊ុន បុណ្ណារិទ្ធ អគ្គនាយរងនៃអគ្គនាយកដ្ឋានចំណូលមិនមែនសារពើភណ្ឌ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អ្នកដេញថ្លៃភាស៊ីផ្សារ ឆ្នាំ២០២២ យកមកធ្វើអាជីវកម្ម ត្រូវអនុវត្តឲ្យបានតាមសៀវភៅបន្ទុក និងប្រើប្រាស់ឥរិយាបថទន់ភ្លន់ ជាមួយក្រុមអាជីវករ និងអ្នកលក់ដូរតូចតាច ដើម្បីប្រមូលភាស៊ីអោយបានគ្រប់ចំនួន ដែលដេញថ្លៃបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានធ្វើឡើង ខណៈដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីដេញថ្លៃភាស៊ីផ្សារ ប្រមូលថវិកាប្រើប្រាស់ក្នុងគុណប្រយោជន៍ជាតិឆ្នាំ២០២២ នៅខេត្តស្វាយរៀង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះ អញ្ជើញចូលរួមពីលោក សុខ រស់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងលោក លោកស្រី ជាអភិបាល អភិបាលស្រុកក្រុងទាំង ៨ ផងដែរ។
ទន្ទឹមនឹងការប្រមូលភាស៊ីផ្សារប្រចាំថ្ងៃនោះដែរ លោក ប៊ុន បុណ្ណារិទ្ធ បានស្នើបន្ថែមដល់លោកលោកស្រី ដែលជាម្ចាស់ដេញថ្លៃភាស៊ីផ្សារ ប្រចាំឆ្នាំ២០២២ ត្រូវរៀបចំកែលម្អ ប្រព័ន្ធទឹក ភ្លើង ពិសេសរៀបចំសោភ័ណភាពផ្សារ តាមរយៈធ្វើអនាម័យ សម្អាត បរិស្ថាន សំដៅលើកកម្ពស់សោភ័ណភាពផ្សារ ក៏ដូចលើកកំពស់ស្រុក ក្រុង ក្នុងការទាក់ទាញភ្ញៀវ អោយចូលមកលេងកំសាន្ត ឬទិញទំនិញ ធ្វើជាវត្ថុអនុស្សាវរីយ៍ ផ្ញើទៅគ្រួសារ ឬមិត្តភ័ក្តិ។
លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត មានប្រសាសន៍ថា ផ្សារចំនួន ៦ ដែលដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម នៅឆ្នាំ២០២២ រួមមាន ភាស៊ីផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្នុងក្រុងស្វាយរៀង ភាស៊ីផ្សារកំពង់ត្រាច ក្នុងស្រុករមាសហែក ភាស៊ីផ្សារស្រុកកំពង់រោទិ៍ ភាស៊ីផ្សារស្រុកស្វាយជ្រំ និងភាស៊ីផ្សារស្រុករំដួល។ ក្នុងនោះ មានក្រុមអាវីករ ១៧នាក់ បានដាក់ពាក្យដេញថ្លៃ និងប្រមូលថវិកា សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ បានចំនួន ៤៤២,២០០,០០០រៀល។
លោកបានឲ្យដឹងថា ភាស៊ីផ្សារស្រុករមាសហែក តម្លៃមូលដ្ឋានឆ្នាំ២០២២ ថវិកាចំនួន ២៤,៥០០,០០០រៀល ដោយមានក្រុមអាជីវករចូលដេញថ្លៃ ៤ក្រុមហ៊ុន ហើយលទ្ធផលបានទៅអាជីវករឈ្មោះ ហោ យាន ភេទប្រុស អាយុ ៨១ឆ្នាំ រស់នៅរាជធានីភ្នំពេញ តម្លៃ ៣០,០០០,០០០រៀល។ ភាស៊ីផ្សារស្រុកស្វាយជ្រំ តម្លៃមូលដ្ឋានឆ្នាំ២០២២ ថវិកា ១៥,៥០០,០០០រៀល មានក្រុមអាជីវករចូលដេញថ្លៃចំនួន ០៤នាក់ លទ្ធផល បានទៅលើអាជីវករឈ្មោះ ជា ចាន់សេង ភេទស្រី អាយុ ៣៧ឆ្នាំ នៅខេត្តកំពង់ចាម ក្នុងតម្លៃ ៤៥,០០០,០០០រៀល។ ភាស៊ីផ្សារស្រុករំដួល តម្លៃមូលដ្ឋាន ៤,៥០០,០០០រៀល មានក្រុមអាជីវករចូលដេញថ្លៃចំនួន ០៤នាក់ លទ្ធផលបានទៅលើអាជីវករ ឈ្មោះ អ៊ិង វ៉ាន់ធុល ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិចកឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងតម្លៃ ១០,២០០,០០០រៀល។
ភាស៊ីផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង តម្លៃមូលដ្ឋាន ៣៤០,៥០០,០០០រៀល មានអាជីវករចូលដេញថ្លៃចំនួន ៤នាក់ លទ្ធផល បានទៅលើអាជីវករឈ្មោះ ភួង បូផា ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងខេត្តកំពង់ចាម ក្នុងតម្លៃ ៣៤៦,៥៩០,០០០រៀល។
ដោយគណៈកម្មការរៀបចំដាក់ដេញថ្លៃពិនិត្យទៅឃើញថា តម្លៃទាបជាងឆ្នាំ២០២១ ក៏ឲ្យអាជីវករពិចារណា គួរតម្លើងតម្លៃបន្ថែម ដោយយោងសភាពការណ៍នៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រះរាជណាចក្រកម្ពុជា ក៏ដូចនៅក្នុងខេត្តស្វាយរៀង គឺបានធូរស្រាល រាជរដ្ឋាភិបាលបានប្រកាសបើកសេដ្ឋកិច្ចឡើងវិញ ប្រជាពលរដ្ឋ និងអាជីវករ បានរកស៊ីលក់ដូរធម្មតាវិញហើយ លោកស្រី ភួង បូផា ក៏បានតម្លើងតម្លៃ ៣៥០,០០០,០០០រៀល។
ចំណែកភាស៊ីផ្សារស្រុកកំពង់រោទិ៍ តម្លៃមូលដ្ឋានដាក់ឲ្យដេញថ្លៃ ៦,៥០០,០០០រៀល មានអាជីវករចូលមកដាក់សំណើរដេញថ្លៃតែម្នាក់គត់ ឈ្មោះ គយ សុខាន្នី ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង លទ្ធផល តម្លៃឡើងបាន ៧,០០០,០០០រៀល៕ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ