ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសន្ន​ធំ​! កីឡាករ​១៣​នាក់​នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ ឆ្លង​កូ​វី​ដ​​បំប្លែង​​ថ្មី «​អូ​មី​ក្រុង​»

2 ឆ្នាំ មុន

លី​ស​បោ​ន ៖ កីឡាករ​១៣​នាក់ របស់​ក្រុមបាល់ទាត់ Belenenses នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ (Primeira Liga) ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​

លី​ស​បោ​ន ៖ កីឡាករ​១៣​នាក់ របស់​ក្រុមបាល់ទាត់ Belenenses នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ (Primeira Liga) ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» (Omicron)​។

ដោយសារ​មាន​កីឡាករ​ឆ្លង​កូ​វី​ដ បាន​ធ្វើ​ឱ្យ​ក្រុម Belenenses មាន​កីឡាករ​ត្រឹមតែ​៩​នាក់​ប៉ុណ្ណោះ ធ្វើការ​ប្រកួត​តទល់​នឹង​ក្រុម​ភ្ញៀវ Benfica កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។ ប៉ុន្តែ​ជំនួប​នេះ ត្រូវ​បញ្ឈប់​នៅ​ក្នុង​តង់​ទី​២ នៅ​ពេល​ក្រុម​ភ្ញៀវ​នាំមុខ ៧-០ បន្ទាប់​ពី​ក្រុម Belenenses សល់​គ្នា​ត្រឹម​៦​នាក់ ដោយសារ​កីឡាករ​២​នាក់​រង​របួស និង​គ្មាន​កីឡាករ​ប្តូរ​ចូល​ជំនួស​។

ដោយឡែក​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា បានឱ្យ​ដឹង​ថា ឥឡូវនេះ រឿង​ដ៏​ភ្ញាក់ផ្អើល​បាន​កើតឡើង ដោយ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​ព័រ​ទុ​យ​ហ្គា​ល់ (INSA) បញ្ជាក់​ថា កីឡាករ​១៣​នាក់ និង​បុគ្គលិក​៤​នាក់ របស់​ក្រុម Belenenses បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​ទម្រង់​ថ្មី «​អូ​មី​ក្រុង​» ដ៏​សាហាវ​បំផុត​នា​ពេល​បច្ចុប្បន្ន ដែល​លេច​ចេញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ស​ប្តា​ហ៍​មុន​។

ប្រភព​ដដែល​បាន​បន្ត​ថា ខ្សែការពារ Cafu Phete ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត ដែល​តេស្ត​វិជ្ជមាន កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ត្រឡប់​មក​ពី​អាហ្វ្រិក​ខាងត្បូង​វិញ ក្រោយ​បញ្ចប់​ភារកិច្ច​ជា​ក្រុម​ជម្រើសជាតិ​។

អ្នកនាំពាក្យ​ក្លិប Belenenses បាន​ប្រាប់ Reuters ថា បច្ចុប្បន្ន​កីឡាករ និង​បុគ្គលិក​ចំនួន​៤៤​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈ​អ្នក​ឆ្លង​ភាគច្រើន​មិន​បាន​បង្ហាញ​រោគ​សញ្ញា​នោះ​ទេ​។

ទាំង​ក្លិប Benfica និង Belenenses បាន​រិះគន់​លី​គ​បាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់ និង​អគ្គនាយកដ្ឋាន​សុខភាព (DGS) ចំពោះ​ការ​មិន​សម្រេចចិត្ត​ផ្អាក​ការ​ប្រកួត​លី​គ ចំ​ពេល​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» នៅ​ទូ​ទាំង​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ