ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ប្រជាកសិករចំនួន០៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ពេលពួកគេកំពុងប្រើគ្រឿងចក្រឈូសឆាយ និងបង្កបង្កើនផលលើតំបន់ដីព្រៃលិចទឹក នៅក្នុង «តំបន់៣» ដែលជាតំបន់ហាមឃាត់ ស្ថិតក្នុងភូមិអូរកំបុត ឃុំព្រែកឆ្ដោរ ស្រុកឯកភ្នំ ។
របាយការណ៍កងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ប្រជាកសិករទាំង០៧នាក់ ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ ងួន គក់ ភេទប្រុស អាយុ៤១ឆ្នាំ ២-ឈ្មោះ ងួន វណ្ណៈ ហៅតាក់ ភេទប្រុស អាយុ២៦ឆ្នាំ ៣-ឈ្មោះ ប៉ិប ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ៤-ឈ្មោះ គង់ សុរិន្ទ ហៅ វឿន ភេទប្រុស អាយុ៥៤ឆ្នាំ ៥-ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ ៦-ឈ្មោះ ងី ថង ភេទប្រុស អាយុ២០ឆ្នាំ និង៧-ឈ្មោះ ប៉ិប ផន ហៅ ប៉ិប ភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ពួកគេរស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។
បើតាមប្រវត្តិនៃការរំលោភពានដីព្រៃលិចទឹកនៅក្នុងតំបន់៣ របស់ក្រុមកសិករខាងលើនេះ នៅក្នុងរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ពួកគេបានចាប់ផ្ដើមរុករានដីព្រៃតំបន់៣ ក្នុងអំឡុងដើមឆ្នាំ២០១៩ រហូតមកដល់ត្រឹមថ្ងៃឃាត់ខ្លួន ដែលនាំអាទដំបូងដោយឈ្មោះ ប៉ិប ហាក់ ឈ្មោះ ងួន គក់ និងឈ្មោះ គង់ សុរិន្ទ ។ ជាមួយនឹងការឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ដែលជាប់សង្ស័យនឹងការឈូសឆាយរំលោភយកដីព្រៃលិចទឹក នៅក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ខាងលើនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារមួយចំនួន ដូចជា ត្រាក់ទ័រចំនួន០១គ្រឿង គោយន្តកន្ត្រៃចំនួន០១គ្រឿង កាណូតស្មាច់មានម៉ាស៊ីនចំនួន០២គ្រឿង ម៉ាស៊ីនកាណូតចំនួន០១គ្រឿង និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកំណត់ហេតុសារភាព ឈ្មោះ ងួន គក់ បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនទាំង០៣នាក់ បានទៅចាប់យកដីនៅតំបន់៣ នោះប្រហែល៥០ហិចតា ដែលជាព្រៃរបោះដើម្បីឈូសឆាយធ្វើស្រែ។ ក្រោយពីឈូសឆាយស្រឡះធ្វើស្រែបាន០២ឆ្នាំ នៅអំឡុងខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរឃុំ ស្រុក និងមន្ត្រីជលផល បានចុះទៅដល់ទីនោះ តែគេមិនបានហាមឃាត់ទេ តែបានណែនាំឲ្យភួកខ្លួនធ្វើស្រែជាបណ្ដោះអាសន្នសិន ចាំដាំបង្គោលព្រំរួចចាំគិតទៀត។ ឈ្មោះ ងួន គក់ បាននិយាយទៀតថា ដំបូងពួកខ្លួនប្រើគោយន្តដើម្បីភ្ជួររាស់ តែនៅឆ្នាំ២០២១ ខ្លួនបានទិញត្រាក់ទ័រទៅភ្ជួររាល់ម្ដង។
ជននេះបានបញ្ជាក់ថា ដីទំហំ៥០ហិចតានោះ ជាដីរបស់ពួកខ្លួន០៣នាក់ខាងលើ ហើយមិនទាន់បែងចែកគ្នានៅឡើយទេ គឺធ្វើរួមគ្នា។ ដោយឡែក មនុស្សចំនួន០៥នាក់ ដែលចាប់ខ្លួនជាមួយពួកខ្លួនដែរ គឺ ពួកគេគ្រាន់តែមកជួយធ្វើស្រែតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសបំពានដីព្រៃលិចទឹកនៅតំបន់៣ ដែលជាតំបន់ហាមឃាត់ នៅទន្លេសាបខាងលើនេះ គឺ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ក្រសួងពាក់ព័ន្ធ ត្រូវចុះធ្វើការស្រាវជ្រាវដីព្រៃលិចទឹក នៅក្នុងតំបន់៣ ដែលត្រូវបានរំលោភបំពានដោយជនខិលខូច និង មន្ត្រីមានអំណាច នៅតាមបណ្ដាខេត្ត ដែលព័ទ្ធជុំវិញបឹងទន្លេសាប។
សម្ដេចបានបញ្ជាដាច់ខាតឲ្យធ្វើការដកហូតទាំងអស់មិនថា ដីរបស់អ្នកមានអំណាច ឬ ដីរបស់របស់ប្រជាពលរដ្ឋឡើយ ហើយថែមទាំងបញ្ជាឲ្យចាប់ខ្លួនក្រុមជនខិលខួចលួចឈូសឆាយយកដីរដ្ឋទាំងនោះឲ្យខាងតែបានទៀតផង។ នៅក្នុងខេត្តបាត់ដំបង ដីព្រៃលិចទឹកនៅក្នុងតំបន់៣ ដែលត្រូវបានអ្នកមានអំណាច និង ជនខិលខូចមួយចំនួនរំលោភបំពានយកខ្លាំងជាងគេ គឺ មានៅស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និង ស្រុកមោងឬស្សី។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៏កន្លងមក គឺ ដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រ ស្រុកសង្កែ និងស្រុកមោងប្ញស្សី ត្រូវបានអ្នកមានអំណាចឈូសឆាយរំលោភយកជាកម្មសិទ្ធច្រើនជាងគេ។
អ្នកមានអំណាចទាំងនោះ មានគ្រប់សមាសភាព ដូចជា មន្ត្រីយោធា មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីនគរបាល និង មន្ត្រីមូលដ្ឋាន។ រីឯប្រជាពលរដ្ឋរួមផ្សំដែរ តែជាលក្ខណៈទ្រង់ទ្រាយតូចតាច អែមបៗអ្នកធំ ឬ ធ្វើស្រែ និងយាមដីឲ្យអ្នកធំ អ្នកមានអំណាចទាំងនោះតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា មន្ត្រីធំៗដែលរំលោភបំពានដីព្រៃលិចទឹកទាំងនោះ ភាគច្រើនក៏ត្រូវបានគេស្គាល់អត្តសញ្ញាណអស់ហើយដែរ។
មហាជនកំពុងតាមដានកិច្ចប្រតិបត្តិការបង្ក្រាបនេះមិនរើសមុខនេះថា តើចាំមើលអាជ្ញាធរ ទាំងថ្នាក់ក្រោមជាតិ ទាំងថ្នាក់ជាតិហ៊ានចាប់ខ្លួនលោកធំដែលលួចប្លន់ដីរដ្ឋទាំងនោះដែរឬអត់ ? ព្រោះបើតាមប្រភពព័ត៌មានដែលគេខ្សឹបខ្សៀវប៉ុន្មានថ្ងៃនេះ គឺ គេបានស្គាល់ឈ្មោះលោកធំៗលោភលន់ទាំងនោះមួយចំនួនធំហើយ៕
ចែករំលែកព័តមាននេះ