ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​វត្តមាន នាយ ក្រិន សម្តែង​លើ​ឆាក​ជា​ថ្មី តែ​មិនមែន​កំប្លែង​ក្នុង​ក្រុម​នាយ កុយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ ពេល​នេះ​តារា​កំប្លែង​មាន​តូច​ល្អិត​នាយ ក្រិន បាន​មានឱកាស​លេច​វត្តមាន​លើ​ឆាក​ទូរទស្សន៍​ជា​ថ្មី នៅ​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ប៉ុន្តែ​ការ​សម្តែង​របស់​តារា​រូប​នេះ គឺ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ ពេល​នេះ​តារា​កំប្លែង​មាន​តូច​ល្អិត​នាយ ក្រិន បាន​មានឱកាស​លេច​វត្តមាន​លើ​ឆាក​ទូរទស្សន៍​ជា​ថ្មី នៅ​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ប៉ុន្តែ​ការ​សម្តែង​របស់​តារា​រូប​នេះ គឺ​មិន​ស្ថិត​ក្នុង​ការ​សម្តែង​កំប្លែង​ក្នុង​ក្រុម​នាយ កុយ នោះ​ឡើយ​។

នាយ ក្រិន ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ផ្តល់​ឱកាស​ឲ្យ​សម្តែង​ជា​ថ្មី​ជាមួយនឹង​តារា​កំប្លែង​នាយ ហុងដា នៅ​ក្នុង​ឈុត​សម្តែង​ក្នុង​បទ​ចម្រៀង​មួយ​ដែល​បកស្រាយ​ដោយ​តារា​សម្តែង​ជើង​ចាស់​លោក ទេព រិ​ន​ដា​រ៉ា និង​តារាចម្រៀង​អ្នក​នាង អឿ​ន ស្រ​មុំ​។

យ៉ាងណា ការ​សម្តែង​ជា​ថ្មី​របស់​នាយ ក្រិន នា​ពេល​នេះ​អាច​និយាយ​បាន​ថា វា​ជា​ចំណុច​ចាប់ផ្តើម​ជា​ថ្មី​រប​ស់នាយដែល​អាច​មាន​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​ឡើង​វិញ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ បាន​ជួប​រឿង​ប្រះ​ឆា​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​សម្រេច​វេច​បង្វិច ស្ពាយ​កូនប្រុស​ស្រី​ចំនួន​៣​នាក់​ត្រឡប់​ទៅ​រស់នៅ​ស្រុក​កំណើត​នា​ឯ​ខេត្តបាត់ដំបង​។

ជា​ការ​កត់សម្គាល់ ចាប់តាំងពី​ទៅ​រស់នៅ​ស្រុក​កំណើត​វិញ នាយ ក្រិន ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​បាន​ពើបប្រទះ​នូវ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​នាយ​មិន​អាច​រក​ការងារ​បាន​ធ្វើ​ជាប់លាប់ បូក​រួម​ទាំង​មាន​ជំងឺ​រួមរឹត​ប្រចាំ​កាយ​ផង​ដែរ ហេតុនេះ​ធ្វើ​ឱ្យ​នាយ​រស់នៅ​ចិញ្ចឹម​កូន​យ៉ាង​ត្រដាបត្រដួស​។

ទោះជា​យ៉ាងណា តាម​រយៈ​ការ​មានឱកាស​វិល​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​របស់​នាយ ក្រិន នា​ពេល​នេះ​លោក ជួង ជី ហៅ កុយ បាន​អះអាង​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ការ​សម្តែង​របស់​នាយ ក្រិន នា​ពេល​នេះ​គឺ​គ្រាន់តែ​ជា​ការ​ជ្រើសរើស​សម្តែង​តួ​ជាមួយ​លោក ទេព រិ​ន​ដា​រ៉ូ តែ​ប៉ុណ្ណោះ ពោល​គឺ​មិនមែន​សម្តែង​កំប្លែង​ជាមួយ​ក្រុម​លោក​ឡើយ​។

លោក​បញ្ជាក់​ថា សម្រាប់​ការ​ចូលរួម​សម្តែង​កំប្លែង​ជាមួយ​លោក​វិញ​ឬ​យ៉ាងណា​នោះ កន្លង​មក​លោក​មិន​បាន​ហាមឃាត់​គាត់​ឡើយ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​សម្តែង​នៅ​ពេល​ដែល​លោក​ហៅ​គេ​អោយមក​សម្តែង​ហើយ តែ​គេ​បដិសេធ​នោះ​ជា​សិទ្ធិ​របស់​គេ ដូច្នេះ​លោក​មិន​អាច​បង្ខំ​បាន​ឡើយ​។ លោក​ថា យើង​មិន​បាន​បញ្ឈប់​គាត់​ទេ បើ​គាត់​ចង់​លេង​យើង​ហៅ​គាត់​លេង ហើយ​ជា​ធម្មតា​ខ្ញុំ​តែងតែមាន​ចិត្ត​ចង់​ជួយ​អ្នកសិល្បៈ​ដូច​គ្នា តែបើ​គេ​គិត​ថា ឡើង​លេង​ម្តង​បាន​លុយ​តិច​គេ​មិន​មក​នោះ ស្រេច​តែ​គេ យើង​មិនដឹង​ធ្វើ​ម៉េច​។

យ៉ាងណា បើ​តាម​នាយ កុយ ថា ការ​សម្តែង​តាម​ប៉ុស្តិ៍​ម្តង គឺ​គេ​អោយ​តម្លៃ​ប្រមាណ​៣០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​ត្រូវ​ចែក​គ្នា​ពី​៦​ទៅ​៧​នាក់ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ចន្លោះ​៣០​ទៅ​៤០​ដុល្លារ ហេតុនេះ​បើ​ពួក​គាត់​ចង់បាន​លុយ​ច្រើន មាន​លុយ​ពី​ណា ព្រោះ​សម្តែង​តាម​ប៉ុស្តិ៍​មិន​បាន​ថ្លៃ​ដូច​ការ​ជួល​សម្តែង​ខាងក្រៅ​នោះ​ឡើយ​។

កន្លង​មក នាយ កុយ ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា សម្រាប់​នាយ ក្រិន លោក​ដែល​បាន​បញ្ចប់​ពី​ការ​សម្តែង​នៅ​ក្នុង​ក្រុម​នោះ​ឡើយ ប៉ុន្តែ​ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​កំប្លែង​របស់​លោក​មិន​មាន​ម៉ោង​សម្តែង​តាម​ទូរទស្សន៍​ដូច​ជា​ពេល​មុន​ឡើយ ដោយសារ​កម្មវិធី​មួយ​ចំនួន​ត្រូវ​បាន​បិទ​។

លោក​បញ្ជាក់​ថា កន្លង​មក លោក​តែង​មាន​បំណង​ចង់​កៀងគរ​អ្នកសិល្បៈ​ក្រខ្សត់ ហើយ​នាយ​ក្រិន ក៏​លោក​ចង់​ហៅ​សម្តែង​ឡើង​វិញ​ដែរ ប៉ុន្តែ​ពេល​នោះ​នាយ​រស់នៅ​ឯ​ខេត្តបាត់ដំបង និង​មិន​មានផ្ទះ​ស្នាក់​នៅ​ភ្នំពេញ​នោះ​ឡើយ ហើយ​ម្យ៉ាងទៀត​អំឡុង​ពេល​នោះ នាយ​ក្រិន​ក៏​មាន​ជំងឺ​ផង​ដែរ​។

ទោះជា​យ៉ាងណា ប្រសិនបើ​ក្រុម​កំប្លែង​របស់​លោក​មានឱកាស​ឡើង​សម្តែង​តាម​ទូរទស្សន៍​ដូច​មុន​នោះ លោក​នឹង​នៅ​តែ​កោះហៅ​តារា​កំប្លែង​ក្នុង​ក្រុម​ដដែល ប៉ុន្តែ​ប្រសិនបើ​កូនក្រុម​របស់​លោក​ណាមួយ​មិន​ចង់​មក​សម្តែង​ទេ​នោះ លោក​ក៏​មិន​បង្ខិតបង្ខំ​នោះ​ឡើយ​។

គួរ​បញ្ជាក់​ថា ក្នុងអំឡុងពេល​ដែល​នាយ ក្រិន បាត់​វត្តមាន​សម្តែង​កំប្លែង​តាម​កញ្ចក់​ទូរទស្សន៍​នោះ តារា​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ឃើញ​ការ​សម្តែង​របស់​នាយ​ជា​បន្តបន្ទាប់​នៅ​ក្នុង​វង់​ល្ខោនបាសាក់​មួយ​នា​ខេត្តកំពង់ស្ពឺ ជាមួយនឹង​ដៃគូ​កំ​ប្ហែ​ង​ដូច​គ្នា​គឺ​នាយ ហុងដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ