ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កណ្តាប់ដៃ​ដែកចុះ​ផ្អាក​សកម្មភាព​អាជីវកម្ម​ជីកដីខ្សាច់ក្នុង​ការដ្ឋាន២​កន្លែង

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល ​កាលពី​ថ្ងៃ​ទី២៩ ​វិច្ឆិកា​ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះចុះ​ត្រួតពិនិត្យ​សកម្មភាព​អាជីវកម្ម​ជីកដី ខ្សាច់…

ខេត្ត​កណ្តាល ៖ លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល ​កាលពី​ថ្ងៃ​ទី២៩ ​វិច្ឆិកា​ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះចុះ​ត្រួតពិនិត្យ​សកម្មភាព​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការ​ដឹក​ជញ្ជូន​ដីដល់​ក្នុង​ការដ្ឋាន​ចំនួន​២​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​កណ្តាលស្ទឹង ។

លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​ចម្រុះ​បាន​ចុះ​ពិនិត្យ និង​ផ្អាក​អាជីវកម្ម​ជីកដី​ខ្សាច់​ខាងលើ​ជា​បណ្តោះ​អាស​ន្នដោយសារ​តែ​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម និង​អាជ្ញាប័ណ្ណ​ដែល​ហួស​សុពលភាព​។

លោក​បាន​ណែនាំ​ដល់អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង ត្រូវ​ចុះ​ស្រង់​ស្ថិតិ​រាល់​អាជីវកម្ម​រ៉ែ​ទាំងឡាយ​ណា​ ដែល​គ្មាន​អាជ្ញាប័ណ្ណ ឬ​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​អោយ​អស់ ហើយ​ត្រូវ​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ត្រូវ​ស្នើ​សុំ​ធ្វើ​អាជ្ញាប័ណ្ណ​ថ្មី​ឬ​បន្ត​សុពល​ភាព​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ឡើង​វិញ ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​កំណត់ និង​គោរព​អនុវត្ត​ឱ្យ​បាន​តាម​កិច្ចសន្យា​។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រណ្តៅ​ដី​ទាំង​២​ខាងលើ​ ដែល​រណ្តៅ​ទី​១ របស់​លោក ថុ​ន ផា​ន់​ណា​រ៉ូ​ល ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ច្រឡាំង ឃុំ​រលាំង​កែន ក្រុមការងារ​ចម្រុះ​បាន​រក​ឃើញ​ថា ទីតាំង​ខាងលើ​មាន​សកម្មភាព​ជីកដី​ក្នុង​ទីតាំង​ចាស់ និង​ទីតាំង​កំពុង​ស្នើ​សុំ​អាជ្ញាប័ណ្ណ និង​ពុំ​មាន​របង​ព័ទ្ធ​ជុំវិញ​ការដ្ឋាន និង​គ្មាន​លក្ខ​ណៈប​ចេ្ច​ក​ទេស​ត្រឹមត្រូវ​ក្នុង​ការ​ជីក​នោះ​ទេ​។

ចំណែក​រណ្តៅ​ដី​ទី​២ របស់​លោក ឡា​ង លី​ហួ ស្ថិត​ក្នុងភូមិ អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត គឺ​ទីតាំង​ខាងលើ ​កំពុង​មាន​សកម្មភាព​ធ្វើ​អាជីវកម្ម​ចំនួន​១​រណ្តៅ​ដែល​មាន​ទំហំ ២៥៩៣១,២​ម៉ែត្រ ដែល​មាន​ជម្រៅ​៨,៣៤​ម៉ែត្រ​ហើយ​ក្រុមការងារ​បាន​វាស់​វែង​ជាក់ស្តែង​រក​ឃើញ​ថា​ រណ្តៅ​នេះ​គឺ​ខុស​តាម​គោលការណ៍​របស់​ក្រសួង​បាន​ណែនាំ នោ​ង​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​។

លោក​បន្ត​ថា ដើម្បី​ដំណើរការ​អាជីវកម្ម​ឡើង​វិញ​បាន ទាល់តែ​ម្ចាស់​អាជីវកម្ម សុំ​ច្បាប់​ចេញពី​រដ្ឋបាល​ខេត្ត ក្រសួង និង​មន្ទីរ​រ៉ែ និង​ថាមពល​ស្រប់ច្បាប់ ទើប​អាច​ប្រកប​អាជីវកម្ម​បាន​។ បើ​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ អាជ្ញាធរ និង​មន្ទីរ​ត្រូវ​ធ្វើការ​បិទ​ជា​បណ្តោះអាសន្ន និង​ធ្វើការ​ផាកពិន័យ ទៅ​ច្បាប់​របស់​ក្រសួង​ដែល​បាន​ចែង​។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏​បាន​ជម្រុញ​ដល់ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដល់​ម្ចាស់​អាជីវកម្ម ឱ្យ​អនុវត្ត​តាម​កិច្ចសន្យា និង​ច្បាប់​ពាក់ព័ន្ធ​នានា រាល់​ការ​ដឹក​ដី ដឹក​ខ្សាច់ ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេក​ទេស​ត្រឹមត្រូវ ដឹក​កុំឱ្យ​ហុយ និង​ជ្រុះ​ខ្សាច់​មក​លើ​ផ្លូវ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​​ដងផ្លូវ និង​ដើម្បី​ចូលរួម​ចំណែក​ចំពោះ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តែ​ការ​ប្រកប​អាជីវកម្ម​នោះ​ត្រូវ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍ ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ឡើយ​។

លោក​បាន​បន្ថែម​ថា ក្រុមការងារ​នឹង​បន្ត​ចុះ​ពិនិត្យ​តាម ការដ្ឋាន​អាជីវកម្ម​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​កាត់​បន្ថយ​ហានិភ័យ​នានា ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​តំបន់​នោះ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

សូម​បញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​នៅ​ក្បែរ​កន្លែង​ប្រកប​អាជីវកម្ម​ជីកដី​បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម​មេត្តា​ធ្វើ​របង​អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ និង​មិន​ត្រូវ​ជីក​បំពាន​ប៉ះពាល់​ដល់​ដីស្រែ​របស់​ពួក​គាត់​ឡើយ​ព្រមទាំង​ត្រូវ​គោរព​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​អនុញ្ញាត​អោយ​ធើ្វ​អាជីវកម្ម ។ ​

អត្ថបទសរសេរ ដោយ