រាជធានីភ្នំពេញ ៖ ដោយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិស័យមីក្រូហិរញ្ញវត្ថុបាននិងកំពុងវិវឌ្ឍពីការផ្តល់សេវាហិរញ្ញវត្ថុ ចំពោះតែប្រជាជនមានចំណូលទាប ឈានទៅដល់ការផ្តល់ជូនសេវាហិរញ្ញវត្ថុស្ទើរគ្រប់ប្រភេទ សម្រាប់ប្រជាជនទូទៅទាំងអស់ ។ នេះជាការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការ ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហគ្រិនខ្មែរ (KE) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ។
អនុស្សរណៈនេះ ត្រូវបានគេអះអាងថា ធ្វើឡើងសំដៅលើការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗ នៅក្នុងប្រទេសកម្ពុជា ។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុ CMA បញ្ជាក់ថា សេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាមានន័យថា សហគ្រាសធុនតូច និងមធ្យម និងធុរថ្មីៗ កាន់តែមានតួនាទីសំខាន់ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច ។ អនុស្សរណៈនៃការយោគយល់គ្នារវាង CMA និង KE នឹងរឹតបន្តឹងទំនាក់ទំនងនៃវិស័យទាំងពីរ ដោយធានាបាននូវសេវាហិរញ្ញវត្ថុកាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី ។
លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសហការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍ជ្រើសរើសគម្រូអាជីវកម្ម ពិព័រណ៍ពាណិជ្ជកម្ម ការផ្គូរផ្គងអាជីវកម្ម និងការបង្កើតបណ្តាញផ្សេងៗ ការលើកកម្ពស់វប្បធម៌សហគ្រិនភាព សិក្ខាសាលា សន្និសីទ និងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងធុរៈកិច្ចថ្មីៗនៅកម្ពុជា ។
លោកបន្ថែមថា ជាការពិតណាស់ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម ។ តួយ៉ាង CMA បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមថ្មីៗនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្ម ធានាឥណទានកម្ពុជា ដែលគំនិតផ្តួចផ្តើមទាំងពីរនេះមានគោលបំណងក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យម ។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកសហគ្រិនខ្មែរ ថ្លែងថា ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណងផ្តល់លទ្ធភាពក្នុងទទួលបានព័ត៌មានហិរញ្ញវត្ថុ រួមមានថ្លៃសេវា អត្រាការប្រាក់ ការយល់ដឹងអំពីហានិភ័យផ្សេងៗ និងបរិធានហិរញ្ញវត្ថុផ្សេងៗដែលមានសម្រាប់ធុរកិច្ចថ្មីៗ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ