អាហារដែលផ្តល់សុខភាពល្អ មិនត្រឹមតែជួយដល់សុខភាពរាងកាយនោះទេ ប៉ុន្តែក៏សម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកដែរ។ ចិត្តនិងរាងកាយរបស់អ្នក មានទំនាក់ទំនងគ្នាច្រើនជាងអ្វីដែលអ្នកគិត។ វាមានអន្តរកម្មគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធសរសៃប្រសាទ។ នៅពេលអ្នកមានអារម្មណ៍តានតឹង ខួរក្បាលរបស់អ្នកនឹងបញ្ជូនសារទៅពោះវៀនរបស់អ្នក ហើយវាអាចប៉ះពាល់ដល់អារម្មណ៍ និងកម្រិតថាមពលរបស់អ្នក។ ដូច្នេះហើយ ប្រសិនបើអ្នកឧស្សាហ៍មានអារម្មណ៍តានតឹង ឬភ័យ នោះដល់ពេលពិនិត្យមើលការទទួលទានអាហារប្រចាំថ្ងៃហើយ។ តើអាហារអ្វីខ្លះជួយដល់សុខភាពផ្លូវចិត្តរបស់អ្នក?
១. សណ្តែកសៀង
សណ្តែកសៀងមានផ្ទុកអាស៊ីតអាមីណេ ដែលមានសារៈសំខាន់សម្រាប់សាច់ដុំ និងឆ្អឹងរបស់រាងកាយអ្នក ហើយវាជួយដោះស្រាយជាមួយនឹងបញ្ហានៃការគេង និងការគេងមិនលក់។ វាក៏កាត់បន្ថយហានិភ័យនៃបញ្ហាធ្ងន់ធ្ងរជាងនេះផងដែរ ដូចជាជំងឺ Alzheimer ជាដើម។
សម្រាប់ស្ត្រី សណ្តែកសៀងអាចជួយបានច្រើន។ ស្ត្រីជាច្រើនក្នុងអំឡុងពេលអស់រដូវ ជួបប្រទះនឹងការប្រែប្រួលនៃអារម្មណ៍ ខ្វះការផ្តោតអារម្មណ៍ និងអស់កម្លាំង ហើយមិនមានមធ្យោបាយដោះស្រាយល្អជាងការជាសះស្បើយដោយខ្លួនឯងតាមធម្មជាតិនោះទេ។ ការអស់រដូវជាបណ្តើរៗបញ្ឈប់ការផលិតអរម៉ូនអ៊ឹស្ត្រូសែន ហើយសណ្តែកសៀងអាចជាដំណោះស្រាយមួយដើម្បីទទួលបានវាមកវិញ។ វាមានសារធាតុម្យ៉ាងហៅថា isoflavones ដែលជាសារធាតុគីមីផ្សំពីរុក្ខជាតិ ដែលប្រៀបដូចជាការជំនួសអរម៉ូនអ៊ឹស្ត្រូសែន ដែលស្ត្រីក្នុងដំណាក់កាលនេះត្រូវការ។
២. ត្រីសាម៉ុង
ត្រីសាម៉ុងគឺជាអាហារសម្បូរអូមេហ្គា ដែលជាពិសេសវាមានផ្ទុកអូមេហ្គា៣។ វាត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល និងជួយកែលម្អមុខងាររបស់កោសិកា ដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃភាពសោកសៅ ការធ្លាក់ទឹកចិត្ត បញ្ហាការចងចាំ និងចំពោះមនុស្សចាស់គឺជំងឺវង្វេង។
៣. ខ្ទឹមសឆៅ
មានអត្ថប្រយោជន៍ជាច្រើនដែលខ្ទឹមសឆៅផ្តល់ដល់ខួរក្បាល រួមទាំងការពង្រឹងការចងចាំ ដែលចាំបាច់សម្រាប់មនុស្សចាស់។ អ្នកអាចញ៉ាំខ្ទឹមឆៅដោយខ្លួនឯង ឬលាយវាជាសាឡាដ អាស្រ័យលើអ្វីដែលអ្នកចូលចិត្ត។ សារធាតុអាលីស៊ីន (Allicin) គឺជាសមាសធាតុដែលផ្ទុកស្ពាន់ធ័រ ហើយសមាសធាតុនេះមានតែនៅក្នុងខ្ទឹមសឆៅប៉ុណ្ណោះ។ វាជួយពន្យារភាពចាស់ និងបង្កើនកម្រិតអរម៉ូនរីករាយសេរ៉ូតូនីន (serotonin)៕
ចែករំលែកព័តមាននេះ