ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​បដិសណ្ឋារកិច្ច ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្ដម ផ​ន​ខាំ វី​ផា​វ៉ា​ន់ (Phankham Viphavanh) នាយក​រដ្ឋមន្ត្រី ឡាវ ។

ឯកឧត្តម ផ​ន​ខាំ វី​ផា​វ៉ា​ន់ (Phankham Viphavanh) នាយក​រដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​មក​ដល់​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១០ និង​២០​នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​ថ្មី បាន​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុងអំឡុងពេល នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ នឹង​ក្រាបថ្វាយបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​បរមរាជវាំង ។

ឯកឧត្តម​បណ្ឌិត ផ​ន​ខាំ វី​ផា​វ៉ា​ន់ ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្ដែង​ការ​គួរសម​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ផង​ដែរ ។

ជាមួយ​គ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម​បណ្ឌិត ផ​ន​ខាំ វី​ផា​វ៉ា​ន់ ក៏​មាន​កិច្ចប្រជុំ​ពិភាក្សា​លើ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​ទាំង​ការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច ឡើង​វិញ ក្រោយ​វិបត្តិ នៃ​ជំងឺ​កូ​វី​ដ​-១៩ បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ដែល​ជា​ចំណាប់អារម្មណ៍ និង​ក្តី​បារម្ភ​រួម ។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ ផ​ន​ខាំ វី​ផា​វ៉ា​ន់ នៅ​កម្ពុជា ក្នុងអំឡុងពេល​ដែល​កម្ពុជា​កំពុង​បើក​ប្រទេស​ឡើង​វិញ នឹង​រួមចំណែក​ក្នុង​ការ​បន្ត​ពង្រឹង​បន្ថែម​ទៀត នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរអង្វែង សាមគ្គីភាព​ជា​ភាតរភាព ភាព​ជា​អ្នក​ជិតខាង​ល្អ ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ