រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានសម្តែងស្តាយស្រណោះអាឡោះអាល័យជាអនេកចំពោះការបាត់បង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គយាងសោយទិវង្គត ។
លោកកឹម សុខា បានសរសេរលិខិតរំលែកទុក្ខលោកបានលើកឡើងថា សូមទូលថ្វាយ និងជម្រាបជូនព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ម៉ារី រណឫទ្ធិ ព្រះរាជបុត បុតី និងសមាជិក សមាជិកា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ។
លោកថា ក្នុងឱកាសប្រកបដោយភាពមានទុក្ខដ៏ក្រៀមក្រំបំផុត ដោយទទួលដំណឹងថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទ្រង់សោយទិវង្គតនៅថ្ងៃ អាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ ទូលព្រះបង្គំ ខ្ញុំមានសេចក្តីរន្ធត់ក្រៃលែង និងសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ជាព្រះជាយា ព្រះរាជបុត្រា បុត្រី និង សមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ិនប៉ិច ដោយក្តីសង្វេគស្តាយស្រណោះអាឡោះអាល័យជាអនេកចំពោះការបាត់បង់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាព្រះស្វាមី ព្រះបិតា និងជាព្រះប្រធានជាទីគោរពស្រឡាញ់បំផុត ។
លោកក៏បានទូលព្រះបង្គំ សូមឧទ្ទិសបួងសួង សូមឲ្យដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមយាងទៅសោយក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ចំណែកលោកសម រង្ស៊ី បានសរសេរថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ចូលទិវង្គត ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាមេដឹកនាំចលនាតស៊ូ មួយរូបគួរឲ្យគោរព ពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៩៣ ។ ខ្ញុំសូមសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធព្រះអង្គ ។
លោកក៏បានលើកឡើងថា សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ សេចក្តីថ្លែងការណ៍នេះ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់សម្តេចហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់ ៕
ចែករំលែកព័តមាននេះ