ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ញៀនល្បែង​​សំរុក​ទៅ​លេង​ក្នុង​កាស៊ី​ណូ«​ម៉ូ​ណា​កូ»រាល់ថ្ងៃ ហាក់បំពាន​សារាចរ​ណ៍?

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩​កាច​សាហាវ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកញៀន​ល្បែង​នៅ​ក្នុង​ខេត្តព្រៃវែង ពួក​គេ​មិន​ខ្លាច​ឆ្លង​កូ​វី​ដ​សោះឡើយ ដោយ​បាន​នាំ​គ្នា​ទៅ​ប្រមូលផ្តុំ​លេងល្បែង​ជល់​មាន់, អាប៉ោង, បៀរ​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ឈ្មោះ «ម៉ូ​ណា​កូ»…


ខេត្ត​ព្រៃវែង ៖ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩​កាច​សាហាវ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកញៀន​ល្បែង​នៅ​ក្នុង​ខេត្តព្រៃវែង ពួក​គេ​មិន​ខ្លាច​ឆ្លង​កូ​វី​ដ​សោះឡើយ ដោយ​បាន​នាំ​គ្នា​ទៅ​ប្រមូលផ្តុំ​លេងល្បែង​ជល់​មាន់, អាប៉ោង, បៀរ​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ឈ្មោះ «ម៉ូ​ណា​កូ» ដែលស្ថិត​នៅ​ជាប់មាត់​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ​។

ប្រភព​ព័​ត៌​មាន​ពី​មន្ត្រី​នៅ​មាត់ច្រក​បន្ទាយ​ចក្រី​នេះ​បានអោយ​ដឹង​ថា ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​ក្លឹ​ប​កម្សាន្ត និង​រមណីយដ្ឋាន​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​​កូ​វី​ដ​១៩​នោះ កាស៊ីណូ «ម៉ូ​ណា​កូ» ក៏​ត្រូវ​បាន​បិទទ្វា​រដែរ ប៉ុន្តែ​សុខ​ៗ​នៅ​ថ្ងៃ​ទី​២៣ ​វិច្ឆិកា​ ថ្មី​ៗ​នេះ ស្រាប់តែ​កាស៊ីណូ​មួយ​នេះ​បើក​ដំណើរការ​ឡើង​វិញ ដោយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ នាំ​គ្នា​ចូល​ទៅ​លេង​យ៉ាង​គគ្រឹកគគ្រេង និង​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការ​រំខាន​ពី​មន្ត្រី​ជំនាញ​ណា​ឡើយ​ ។

ក្រុម​អ្នកញៀន​ល្បែង​ដែល​បាន​ចូល​ទៅ​លេង​ក្នុង​កាស៊ីណូ «ម៉ូ​ណា​កូ» នេះ​ បាន​បង្ហើប​ប្រាប់​ថា ម្ចាស់​កាស៊ីណូ​នេះ មិនមែន​ជា​អ្នក​បើក​ដំណើរការ​លេង​ផ្ទាល់​នោះ​ទេ គឺ​មាន​មនុស្ស​មួយ​ក្រុម ដែល​មាន​គ្នា​៦​នាក់ បាន​ចូល​ហ៊ុន​គ្នា​ជួល​ទីតាំង​កាស៊ីណូ​នេះ​បើក​លេង ដោយ​គេ​បាន​ស្គាល់ឈ្មោះ​ទី​១-ឈ្មោះ ធិ​ន នៅ​ផ្សារ​ទ្រា ទី​0២-​ឈ្មោះ រា នៅ​ផ្សារ​ទ្រា ទី​៣-​ឈ្មោះ ធា នៅ​ផ្សារ​ដីក្រហម ទី​៤-​ឈ្មោះ អ៊ី មន្ត្រី​សុរិយោដី ទី​៥​-ឈ្មោះ សុក ច​ន្ទ័​រិ​ទ្ធ ជា​អធិការរង​ស្រុក​ព្រះស្តេច និង​ទី​៦​-មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​
ទេ​ ។

ចំពោះ​ការ​បើក​អោយ​ប្រជាជន​ខ្មែរ ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង ក្នុង​កាស៊ីណូ«ម៉ូ​ណា​កូ» នេះ ត្រូវ​បាន​មេការ​កាស៊ីណូ​​ឈ្មោះ តី ប្រាប់​អោយ​ដឹង​តាម​ទូរ​សព្ទ័​ថា ក្រោយ​ពី​ឮសម្តេច​តេ​ជោ ប្រកាស​អោយ​បើក​ដំណើរការ​លើ​គ្រប់​វិស័យ​នោះ គេ​ក៏​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ឯក​ឩ​ត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង ដើម្បី​បើក​ដំណើរការ​កាស៊ីណូ​ឡើង​វិញ ហើយ​ឯក​ឩ​ត្តម ជា សុ​មេធី ក៏​បាន​ឯកភាព ឯ​លោក ព្រុំ សន្ធរ ស្នងការ​ខេត្ត​ក៏​បាន​អនុញ្ញាត​អោយ​បើក ទើប​ខាង​កាស៊ីណូ ហ៊ាន​បើក​ដំណើរការ​រហូត​ដល់​ពេល​នេះ​ ។

​ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​មួយ​ចំនួន​បាន​បញ្ជាក់​ប្រាប់​ថា បើ​តាម​ច្បាប់​ពាក់​ព​ន្ធ័​និង​កាស៊ីណូ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​គេ​មិន​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នោះ​ទេ ម្យ៉ាង​នៅ​ក្នុង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ ក៏​បាន​ហាម​មិន​អោយ​មានការ​ប្រមូលផ្តុំ​គ្នា​ច្រើន​ដែរ ដូច្នេះ​ សកម្មភាព​បើក​លេងល្បែង​ក្នុង​កាស៊ីណូ​ «ម៉ូ​ណា​កូ» ​នេះ គឺ​បាន​បំពាន​ទាំង​ច្បាប់​ប្រទេស និង​បំពាន​ទាំង​វិធានការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច ទាំង​អាជ្ញាធរ ទាំង​សមត្ថកិច្ច​ក្នុង​ខេត្តព្រៃវែង បែរជា​នាំ​គ្នា​សំងំ​ស្ងាត់ឈឹង​ទៅ​វិញ​ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ វិច្ឆិកា ​​កោះសន្តិភាព​បាន​ព្យាយាម​ខ​ល​ទៅ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដើម្បី​សុំ​ការ​បំភ្លឺ​ផង​ដែរ ប៉ុន្តែ​ទូរ​សព្ទ័​លោក​ខ​ល​ចូល​គ្មាន​អ្នក​ទទួល ចំណែក​លោក ព្រុំ សន្ធរ ស្នងការ​ខេត្តព្រៃវែង​ក៏​ដូច​គ្នា​ដែរ គឺ​ទូរ​សព្ទ័​ខ​ល​ចូល​ហើយ តែ​គ្មាន​អ្នក​ទទួល​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ